ទីក្រុងប្រ៊ុចសែលៈ ប្រទេស​ប៉ូឡូញ និង​ប៊ុលហ្គារី នៅពេលនេះ​កំពុង​ទទួលបាន​ឧស្ម័ន​ពី​ប្រទេស​ជិតខាង​សហភាព​អឺរ៉ុប​របស់​ពួកគេ បន្ទាប់ពី​ Gazprom ជា​ក្រុមហ៊ុន​ថាមពល​រដ្ឋ​ឈានមុខ​គេ​របស់​ប្រទេស​រុស្ស៊ី​បាន​បញ្ឈប់​ការផ្គត់ផ្គង់​។ នេះ​បើតាម​លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប បាន​ឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​។

លោកស្រី von der Leyen​ ថ្លែងថា​៖ «​យើង​នឹង​ធានាថា​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន Gazprom មាន​ផលប៉ះពាល់​តិចតួច​បំផុត​លើ​អ្នកប្រើប្រាស់​នៅ​អឺរ៉ុប​»​។

លោក​បន្តថា​៖ «​ថ្ងៃនេះ វិមាន​ក្រឹម​ឡាំង​បាន​បរាជ័យ​ជាថ្មី​ម្តងទៀត​ក្នុងការ​ប៉ុនប៉ង​របស់​ខ្លួន​ ដើម្បី​បង្កឱ្យមាន​ការបែងចែក​ក្នុងចំណោម​រដ្ឋ​ជា​សមាជិក​។ យុគសម័យ​នៃ​ឥន្ធនៈ​ហ្វូស៊ីល​របស់​ប្រទេស​រុស្ស៊ី​នៅ​អឺរ៉ុប​នឹង​ដល់ទី​បញ្ចប់​»​។

ថ្លែង​នៅ​ប្រទេស​ស៊ីលី លោក Josep Borrell ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប បានឱ្យ​ដឹងថា វិធានការ​របស់​ក្រុមហ៊ុន Gazprom គឺជា​ «​សកម្មភាព​រំលោភបំពាន​» ហើយនឹង «​គ្រាន់តែ​បង្កើនល្បឿន​ការផ្លាស់ប្តូរ​របស់​អឺរ៉ុប​ទៅជា​ថាមពល​បៃតង ដែល​មិន​បង្កឱ្យមាន​ការពឹង​ផ្នែក​លើ​ប្រទេស​ផ្សេង​នោះទេ​»​។

ក្រុមហ៊ុន Gazprom បានប្រកាស​បញ្ឈប់​ការបង្ហូរ​ឧស្ម័ន​ដល់​ប្រទេស​ប៉ូឡូញ និង​ប្រទេស​ប៊ុលហ្គារី ដែល​ពឹងផ្អែក​យ៉ាងខ្លាំង បន្ទាប់ពី​មិនបាន​ទទួល​ការទូទាត់​ជា​ប្រាក់រូប្លិ៍​ពី​សមាជិក​សហភាព​អឺរ៉ុប​ទាំង​ ២ ​នេះ​។

ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានឱ្យដឹង​កាលពី​ខែ​មុន​ថា ប្រទេស​រុស្ស៊ី​នឹង​លែង​ទទួលយក​ការទូទាត់​ជា​រូបិយប័ណ្ណ​ផ្សេង​ក្រៅពី​រូបិយប័ណ្ណ​រូប្លិ៍​ទៀតហើយ ដើម្បី​ជាការ​សងសឹក​ចំពោះ​ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​លោកខាងលិច​ប្រឆាំង​នឹង​ទីក្រុង​ម៉ូស្គូ ដោយសារ​តែ​ការឈ្លានពាន​បង្ហូរឈាម​លើ​ប្រទេស​អ៊ុយក្រែន​។

លោកស្រី Von der Leyen ​បាន​ព្រមាន​ក្រុមហ៊ុន​នាំចូល​របស់​សហភាព​អឺរ៉ុប​ថា លុះត្រាតែ​កិច្ចសន្យា​ផ្គត់ផ្គង់​ត្រូវបាន​កំណត់​ជា​ប្រាក់រូប្លិ៍​ការ​ចុះ​ញ៉ម​នឹង​តម្រូវការ​របស់​វិមាន​ក្រឹមឡាំង និង​ការបង់ប្រាក់​ជា​ប្រាក់រូប្លិ៍ នឹង​បំពាន​លើ​ការដាក់​ទណ្ឌកម្ម​។

លោកស្រី​បាន​បន្តថា​៖ «​ការណ៍​នេះ​នឹង​ជាការ​រំលោភ​លើ​ការដាក់​ទណ្ឌកម្ម ដូច្នេះ​ហានិភ័យ​ខ្ពស់​នឹងមាន​សម្រាប់​ក្រុមហ៊ុន​ទាំងនោះ​»​។

លោកស្រី​បានលើកឡើង​ថា​៖ «​ប្រហែល ៩៧ ​ភាគរយ​» នៃ​កិច្ចព្រមព្រៀង​របស់​សហភាព​អឺរ៉ុប​ទាំងអស់​បានចែង​យ៉ាងច្បាស់​អំពី​ការបង់ប្រាក់​ជា​ប្រាក់​អឺរ៉ូ ឬ​ដុល្លារ​។

ក្រុមមន្ត្រី​បានឱ្យ​ដឹងថា ក្រុម​រដ្ឋមន្ត្រី​ថាមពល​មកពី​ទូទាំង​ប្លុក​នេះ​នឹង​ជួបប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​នេះ​៕ LA