
ភ្នំពេញៈ ធនាគារ អាស៊ីលីដា កំពុង ដាក់ ចេញ ផែនការ ជំរុញ អតិថិជន របស់ ខ្លួនឱ្យ ធ្វើ ប្រតិបត្តិការ តាម ប្រព័ន្ធ ឌីជីថល កាន់ តែ ច្រើន បន្ថែម ទៀត ខណៈ កាល ពី ឆ្នាំ ២០២១ កន្លង មក ចំនួន ប្រតិបត្តិការ តាម ប្រព័ន្ធ ឌីជីថល របស់ ខ្លួន កើន ដល់ ប្រមាណ ៩៤ ភាគ រយ ។ នេះ បើ តាម លោក អ៊ិន ចាន់នី ប្រធាន អគ្គនាយក ប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី។
ថ្លែង ប្រាប់ ក្រុម អ្នក សារព័ត៌មាន ក្នុងអំឡុងពេលកិច្ចប្រជុំនាយក-នាយិកាសាខា នៅទីរួមខេត្តព្រះសីហនុ នៅ ថ្ងៃ ទី ២៩ ខែ មេសា ឆ្នាំ ២០២២ លោក ចាន់នី បាន ឱ្យ ដឹង ថា វិបត្តិ នៃ ការ រីក រាល ដាល ជំងឺ កូវីដ ១៩ បាន ធ្វើ ឱ្យ ការ ប្រើ ប្រាស់ ប្រព័ន្ធ បច្ចេក វិទ្យា ហិរញ្ញវត្ថុ កាន់ តែ មានភាព ពេញ និយម ដោយ ក្នុងនោះ ចំនួន ប្រតិបត្តិ ការតាម ប្រព័ន្ធ ឌីជីថល បានកើន ឡើង ជា លំដាប់ ។ នៅ ក្នុង ស្ថានភាព ដ៏ លំបាកកាល ពី ឆ្នាំ ២០២០-២០២១ (ការ បិទ ខ្ទប់ និង ក្តីបារម្ភ ពី ការ ឆ្លង ជំងឺ កូវីដ ១៩) កំណើន អតិថិជន ដែល ចុះ ឈ្មោះ ប្រើប្រាស់ ប្រព័ន្ធ ឌីជីថល របស់ ធនាគារ អេស៊ីលីដា បាន ហក់ ឡើង យ៉ាង លឿន ។ លោក បន្ត ថា ជាក់ ស្តែង គិត ត្រឹម ខែ មីនា ឆ្នាំ ២០២២ ចំនួន អ្នក ដែល មាន ចុះ ឈ្មោះ ប្រើ ប្រាស់ ប្រព័ន្ធ ឌីជីថល របស់ អេស៊ីលីដា មាន ចំនួន ជាង ២,៣ លាន ក្នុង នោះ ចំនួន ដែល ប្រើ ប្រាស់ សកម្ម គឺ មាន ជា មធ្យម ជាង ១ លាន ប្រតិបត្តិ ការ ក្នុង ១ ថ្ងៃៗ ។
លោក ថ្លែង ថា៖ « កាល ពី ខែ មករា កន្លង មក ខ្ញុំ ធ្លាប់ និយាយ ថា ចំនួន នៃ ការ ធ្វើ ប្រតិបត្តិ ការ ហិរញ្ញវត្ថុ របស់ ធនាគារ អេស៊ីលីដា តាម រយៈ ប្រព័ន្ធ ឌីជីថល គឺ មាន ប្រមាណ ៩៤ ភាគ រយ។ ក្នុង ឆ្នាំ ២០២២ នេះ យើង កំពុង ជំរុញចំនួន នេះ ឱ្យ កើនដល់ ប្រហែល ៩៧ ភាគ រយ នៃ ប្រតិបត្តិ ការ ទាំង អស់ »។
លោក បញ្ជាក់ ថា៖ «ធនាគារ អេស៊ីលីដា ពិត ជា ចង់ ឱ្យ អតិថិជន ទាំង ជាង ៣ លាន នាក់ របស់ ខ្លួន ចុះ ឈ្មោះ ប្រើ ប្រាស់ ប្រព័ន្ធ ឌីជីថល ទាំង អស់ (ប្រើ ប្រាស់ App) ដែល បច្ចុប្បន្ន នៅ សល់ ប្រមាណ ៧០ ម៉ឺន នាក់ ទៀត ប៉ុណ្ណោះ មិន ទាន់ ប្រើ ប្រាស់ »។
លោក លើក ឡើងទៀត ថា នៅ ពេល ដែល ការ ធ្វើ ប្រតិបត្តិការ តាម ប្រព័ន្ធ ឌីជីថល កាន់ តែ ច្រើន ការ ប្រើ ប្រាស់ ធនធាន មុស្ស ក៏ អាច នឹង មិនកើន ឡើង ទៀតផងដែរ។
ទាក់ ទង នឹង ប្រតិបត្តិការ ក្នុង ឆ្នាំ ២០២២ នេះ លោក អ៊ិន ចាន់នី បាន ប្រាប់ ថា ធនាគារអេស៊ីលីដា បាន បង្ហាញ ពី សញ្ញារីក ចម្រើន គួរ ឱ្យ កត់ សម្គាល់ ដោយ ក្នុង រយៈ ពេល ជិត ៤ ខែ មក នេះ ឥណទាន របស់ ធនាគារ អេស៊ីលីដា បាន កើន ឡើង ជិតទៅ ៨ ភាគ រយ បើ ធៀប នឹង រយៈ ពេល ដូច គ្នា ឆ្នាំ ២០២១ ចំណែក ប្រាក់ បញ្ញើសន្សំ ក៏ កើន ឡើង ប្រហាក់ ប្រហែល នឹង គ្នា នេះ ដែរ ៕