ទីក្រុងសេអ៊ូលៈ Samsung Electronics ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​កូរ៉េ​ខាងត្បូង បាន​ប្រកាស​ពី​ការ​កើនឡើង​ប្រាក់ចំណេញ​សុទ្ធ​ចំនួន ៥៨,៥៧ ភាគរយ​នៅ​ត្រីមាស​ទី ​១ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ភាគច្រើន​ត្រូវបាន​ជំរុញ​ដោយ​តម្រូវការ​បន្ទះឈីប​មេម៉ូរី និង​ការលក់​ស្មាតហ្វូន​លឿន​។

ក្រុមហ៊ុន​ផលិត​បន្ទះឈីប​មេម៉ូរី​ដ៏ធំ​បំផុត​របស់​ពិភពលោក​គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​យក្ស Samsung ដែល​មកដល់​ពេលនេះ​គឺជា​ចក្រភព​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​ដ៏ធំ​បំផុត​ដែល​គេ​ស្គាល់​ថា​ជា Chaebols ដែល​គ្រប់គ្រង​អាជីវកម្ម​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែលជា​មហាអំណាច​សេដ្ឋកិច្ច​ទី​ ៤​ របស់​អាស៊ី​។

ក្រុមហ៊ុន​នេះ​មាន​សារៈសំខាន់​ចំពោះ​សុខភាព​សេដ្ឋកិច្ច​របស់​ភាគខាងត្បូង ដោយ​ចំណូល​សរុប​របស់​វា​ស្មើនឹង​ ១​ ភាគ​ ៥​ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​កូរ៉េខាងត្បូង​។

ក្រុមហ៊ុន​នេះ​បាន​និយាយថា​ប្រាក់ចំណេញ​សុទ្ធ​ក្នុងអំឡុង​ខែមករា​ដល់​ខែមីនា​គឺ ១១,៣២ ​ពាន់​ពាន់​លាន​វ៉ុន (៨,៩ ​ពាន់​លាន​ដុល្លារ​) កើនឡើង ៥៨,៥៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

ឧស្សាហកម្ម​បច្ចេកវិទ្យា​ត្រូវបាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​កង្វះខាត​នៃ​សមាសធាតុ​សម្រាប់​ផលិត​បន្ទះឈីប ដែល​ត្រូវបាន​ស្តីបន្ទោស​លើ​ការកើនឡើង​នៃ​តម្រូវការ​សកល​សម្រាប់​ផលិតផល​អេឡិចត្រូនិក និង​ការរំខាន​ដល់​ចង្វាក់​ផ្គត់ផ្គង់​ដែល​បណ្តាល​មកពី​ជំងឺ​រាតត្បាត​។

ប៉ុន្តែ​អ្នកវិភាគ​និយាយថា នេះ​បានផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​ក្រុមហ៊ុន​ផលិត​បន្ទះឈីប​ឈានមុខ​គេ​របស់​ពិភពលោក​។

កាលពី​ឆ្នាំមុន​ត្រូវបាន​សង្កេតឃើញ​មាន​ការកើនឡើង​នៃ​តម្លៃ​បន្ទះឈីប ដោយសារ​តម្រូវការ​ខ្លាំង​សម្រាប់​ឧបករណ៍​ប្រើប្រាស់​ផ្ទាល់ខ្លួន និង​មជ្ឈមណ្ឌល​ទិន្នន័យ ដែល​ជួយ​ឱ្យ​ក្រុមហ៊ុន​ឈានដល់​កំណត់ត្រា​នៃ​ការលក់​ប្រចាំឆ្នាំ​។

លោក Gloria Tsuen អនុប្រធាន​ក្រុមហ៊ុន Moody''s Investors Service បានឱ្យដឹងថា សកម្មភាព​របស់​ក្រុមហ៊ុន Samsung «​បន្ត​ត្រូវបាន​លើកកម្ពស់​ដោយ​ផ្នែក semiconductor ដែល​គាំទ្រ​ដោយ​បន្ទះឈីប​មេម៉ូរី ទាំង DRAM និង NAND-​តម្រូវការ​ពី​មជ្ឈមណ្ឌល​ទិន្នន័យ​»​។

លោក Tsuen បាន​បន្ថែមថា ការរំខាន​នៅ​រោងចក្រ​ផលិត​បន្ទះឈីប NAND flash ដែលជា​គូប្រជែង ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អាមេរិក Western Digital និង Kioxia របស់​ជប៉ុន​បាន​ផ្តល់​អត្ថប្រយោជន៍​ដល់​ក្រុមហ៊ុន Samsung «​ដោយសារតែ​ការផ្គត់ផ្គង់​ទីផ្សារ​កាត់បន្ថយ​»​។

ប្រាក់ចំណេញ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​បាន​កើនឡើង ៥០,៥០ ​ភាគរយ​ដល់ ១៤,១២ ​ពាន់​ពាន់​លានវ៉ុន ខណៈពេល​ដែល​ប្រាក់ចំណូល​ក៏​កើនឡើង ១៨,៩៥ ​ភាគរយ​ដល់ ៧៧,៧៨ ពាន់​ពាន់​លាន​វ៉ុន​។

ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​បាន​ «​ប្រកាស​ប្រាក់ចំណូល​រួម​សម្រាប់​ត្រីមាស​ទី​ ៣ ​ជាប់ៗ​គ្នា​»​។

ភាគហ៊ុន​របស់ Samsung បាន​ធ្លាក់ចុះ​ ០,៧៧ ​ភាគរយ​នៅក្នុង​ការជួញដូរ​ពេលព្រឹក​នៅ​ទីក្រុង​សេអ៊ូល​៕ RR