ភ្នំពេញៈ វិស័យ​ឯកជន​នៃ​ក្រុម​ប្រទេស​ជា​សមាជិក RCEP បាន​សម្រេច​បង្កើត​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​នៃ​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP) ​ក្នុង​គោលបំណង​ពិនិត្យ និង​ពង្រឹង​លើ​ការអនុវត្ត​កិច្ចព្រមព្រៀង ក៏ដូចជា​ដើម្បី ទាញ​យក​ផលប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀម​នេះ​។

លោក លី ឃុនថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា និង​ជា​អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​នៃ​កិច្ចព្រមព្រៀង RCEP បាន​បង្កើតឡើង​កាល​ថ្ងៃទី​ ២៦ មករា ឆ្នាំ​ ២០២២ ដោយ​ក្រុមប្រឹក្សា​នេះ​បាន​ពង្រីក​ខ្លួន​មកពី​ក្រុមការងារ RCEP ដែលមាន​ការចូលរួម​ពី​សមាជិក​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាស៊ី​ខាងកើត​ (EABC) ក្រុមការងារ​ឧស្សាហកម្ម​មកពី​អូស្ត្រាលី​ (AIG) និង​វេទិកា​ធុរកិច្ច​អន្តរជាតិ​ប្រទេស​នូវែលសេឡង់​ (NZIBF)​។

លោក​បន្តថា សម្រាប់​ឆ្នាំ ​២០២២ ប្រធាន​ក្រុមប្រឹក្សា គឺ​ប្រទេស​កម្ពុជា​ដែលមាន​លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​ជា​ប្រធាន​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​នៃ​កិច្ចព្រមព្រៀង RCEP នេះ ខណៈ RCEP ក៏បាន​ចូល​ជា​ធរមាន​ជា​ផ្លូវការ​ក្នុង​ឆ្នាំ​ ២០២២ នេះ​តែម្តង​។ លោក​បន្តថា ការបង្កើត​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​ការផ្តល់​ជា​របាយការណ៍​អនុសាសន៍​ដែលជា​សំឡេង​រួម​របស់​វិស័យ​ឯកជន​ទៅកាន់​ថ្នាក់ដឹកនាំ​អាស៊ាន​បូក​ ៣​។

លោក​បញ្ជាក់ថា​៖ «​ក្រុមប្រឹក្សា​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ពិនិត្យ និង​តាមដាន​ដំណើរការ​នៃ​ការអនុវត្ត និង​ប្រតិបត្តិការ​របស់ RCEP ដោយ​ពិភាក្សា​ជាមួយនឹង​វិស័យ​ឯកជន​ ដើម្បី​ប្រមូល​ធាតុ​ចូល និង​តំណាងឱ្យ​វិស័យ​ឯកជន​ដើម្បី​ពិភាក្សា និង​លើកសំណើ​ទៅ​បណ្ដា​ថ្នាក់ដឹកនាំ RCEP ក្នុងការនាំ​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក និង​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​ពី​កិច្ចព្រមព្រៀង​នេះ​»​។

លោក​បន្ថែមថា ក្រុមប្រឹក្សា​ពិគ្រោះយោបល់​ធុរកិច្ច​នេះ​បាន​បើក​កិច្ចប្រជុំ​លើកដំបូង​កាលពី​ថ្ងៃទី​ ២២ ខែមេសា ឆ្នាំ​ ២០២២ ដើម្បី​ពិភាក្សា​ទាក់ទិន​នឹង​ដំណើរការ​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង RCEP, ការរៀបចំ​គម្រោង​កិច្ចប្រជុំ​នៅក្នុង​ឆ្នាំនេះ​, ការពិភាក្សា​លើ​ធម្មនុញ្ញ (Charter)​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​នៃ​កិច្ចព្រមព្រៀង RCEP និង​ការស្វាគមន៍​សមាជិក​ថ្មី​មកពី​ខាង​អូស្ត្រាលី និង​នូវែលសេឡង់​ជាដើម​។

ចំពោះ​ការបង្កើត​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​នៃ RCEP នេះដែរ លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់ថា ក្រសួង​គាំទ្រ​យ៉ាង​ពេញទំហឹង ដោយសារ​វិស័យ​ឯកជន​ត្រូវ​ចូលរួម​អនុវត្ត​ផ្ទាល់​ក្នុង​ការងារ​នេះ​។

បើតាម​លោក សុវិជាតិ នៅក្នុង​រយៈពេល​ ៣ ​ខែ​ដើមឆ្នាំ ​២០២២ ការនាំ​ចេញ​ទំនិញ​របស់​កម្ពុជា​ក្រោម​ទម្រង់​កិច្ចព្រមព្រៀង RCEP មាន​ទឹកប្រាក់​ជាង ២ ​ពាន់​លាន​ដុល្លារ​។

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ប្រទេស​ជា​សមាជិក RCEP ទាំងអស់​ដែល​កម្ពុជា​បាន​នាំចេញ និង​នាំចូល​ទំនិញ តាម​គ្រប់​ប្រព័ន្ធ​អនុគ្រោះ​ទាំងអស់​រួមទាំង​កិច្ចព្រមព្រៀង RCEP និង CCFTA ផង​មាន​ចំនួន ៨ ​ពាន់​លាន​ដុល្លារ ក្នុងនោះ​ការនាំចេញ​របស់​កម្ពុជា មាន​ចំនួន ១ ៩៥៦ លាន​ដុល្លារ និង​នាំចូល​ចំនួន ៦ ១០៦ ​លាន​ដុល្លារ​។

លោក​បញ្ជាក់ថា​៖ «​យើង​សង្កេតឃើញថា កម្ពុជា​បានទទួល​អត្ថប្រយោជន៍​ទៅតាម​អ្វីដែល​យើង​រំពឹងទុក ហើយក៏​ជាការ​ឆ្លុះបញ្ចាំង​មួយ​នៃ​ភាពត្រឹមត្រូវ​ដែល​ការសិក្សា​នានា​បង្ហាញ​ប្រាប់​យើង​ថា កម្ពុជា​យើង​នឹង​ទទួលបាន​ផល​ច្រើន ប៉ុន្តែ​នៅពេល​ចំណុច​ចាប់ផ្តើម​នៃ​ការអនុវត្ត​នេះ​អ្នក​នាំចេញ​ភាគច្រើន​គាត់​នៅ​ប្រើប្រាស់​ប្រព័ន្ធ​អនុគ្រោះ​ចាស់​។ ទាំង​ប្រព័ន្ធ RCEP និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន គឺជា​ប្រព័ន្ធ​មួយ​ដែល​បំពេញបន្ថែម និង​ជា​ប្រព័ន្ធ​មួយ​ដែល​បង្ការ​ទុក​សម្រាប់​ផ្តល់​អត្ថប្រយោជន៍​នៅពេល​យើង​ឈាន​ចេញពី​ឋានៈ​ជា​ប្រទេស​ក្រីក្រ ហើយ​ប្រព័ន្ធ​អនុគ្រោះ​ផ្សេងៗ​ត្រូវបាន​ផុតរលត់​»​។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម​រូបនេះ​បានឱ្យដឹង​ទៀតថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន ឬ​អ្នក​នាំចេញ​ទំនិញ​ជាច្រើន​បាន​មក​ដាក់ពាក្យ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ (CO) ទម្រង់ RCEP និង CCFTA ដើម្បី​នាំចេញ​ក្រោម​កិច្ចព្រមព្រៀង​ទាំង​ ២​ នេះ ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​នាំចេញ​ផលិតផល​កាត់ដេរ និង​ក្រុមហ៊ុន​ជា​សមាជិក​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា អ្នក​នាំចេញ​បន្លែ​ផ្លែឈើ​ទៅ​ប្រទេស​ចិន និង​ប្រទេស​កូរ៉េ​ជាដើម​៕ LA