
ថ្ងៃទី 9 ខែមេសា ត្រូវបានកំណត់ជាថ្ងៃអបអរសាទរផលិតផលខ្មែរ។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ និងក្រសួងពាណិជ្ជកម្ម ព្រមទាំង ដៃគូអភិវឌ្ឍន៍ បាន និង កំពុងរួមគ្នា ជំរុញលើកកម្ពស់ទីផ្សារ ផលិតផលខ្មែរក្នុងក្របខ័ណ្ឌ សមាជិកចលនាភូមិ ១ ផលិតផល ១ នៅទូទាំងប្រទេស។
លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ បានថ្លែងក្នុងកិច្ចប្រជុំនៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ ថារដ្ឋាភិបាលកំពុងពង្រឹងគុណភាពផលិតផល, ការស្វែង រកទីផ្សារ និង ការការពារអត្តសញ្ញាណ ផលិតផលនានាក្នុងសហគមន៍។
លោកបានបន្ថែមថា រដ្ឋាភិបាលក៏បាន និង កំពុងកសាងសមត្ថភាពកសិករ ផលិតករ សិប្បករ និងសេវាករនានាក្នុងក្របខ័ណ្ឌសមាជិកចលនាភូមិ ១ ផលិតផល ១ នៅទូទាំងប្រទេសផងដែរ ។
លោកបានថ្លែងថា៖ «គណៈកម្មាធិការជាតិជំរុញចលនា ភូមិ ១ ផលិតផល ១ គឺជាស្ថាប័នរដ្ឋដែលមានបេសកកម្មសម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីជួយលើកកម្ពស់ផលិតផលខ្មែរ លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសហគមន៍ ដែលបាន និងកំពុងផលិតនូវផលិតផលនានានៅតាមសហគមន៍ និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា »។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី ១ នៃគណៈកម្មាធិការជាតិជំរុញចលនា ភូមិ ១ ផលិតផល ១ បាន និយាយថា ការពិភាក្សាពីការអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក គឺពិតជាមានភាពចាំបាច់ណាស់ ។
លោកអះអាងថា៖ «ខ្ញុំសង្ឃឹមជឿជាក់ថា យើងនឹងបង្កើតបាននូវវប្បធម៌សាមគ្គីភាពមួយ ដើម្បីជំរុញ និងគាំទ្រដល់កសិករ ផលិតករ សិប្បករ និងសេវាករខ្មែរ ក្នុងគោលដៅកែលម្អជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋ»។
បច្ចុប្បន្ន គណៈកម្មាធិការជាតិជំរុញចលនាភូមិ ១ ផលិតផល ១ បានទទួលស្គាល់ជាផ្លូវការជាផលិតផលភូមិ ១ ផលិតផល ១ ចំនួន ១២១ មុខ ក្នុង ១០ ខេត្ត៕