
ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករគយកម្ពុជា (អគរ) ក្រោមកិច្ចសហការជាមួយ ARISE Plus Cambodia បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីវឌ្ឍនភាពនៃការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមលើការបំពេញកម្រងសំណួរស្តីពីស្ថានភាពការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិ។
ជំនួបនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២២ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន តំណាងក្រុមហ៊ុន GUUD Pte Ltd. (អតីតក្រុមហ៊ុន vCargo Cloud Pte Ltd- VCC) សមាជិកនៃក្រុមការងារអនុវត្តគម្រោងបញ្ជរតែមួយជាតិ និងលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ និងអ្នកជំនាញការ ARISE Plus Cambodia ប្រមាណ ៨៥ រូប។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីជម្រាបជូនពីវឌ្ឍនភាពនៃការអនុវត្តគម្រោងបញ្ជរតែមួយជាតិ និងប្រមូលធាតុចូលបន្ថែមលើការបំពេញកម្រងសំណួរស្តីពីស្ថានភាពការអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ កន្លងមក ដែលលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិបានផ្ញើជូន ក្រសួង-ស្ថាប័នបាននិងកំពុងចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ២, ក្រសួង-ស្ថាប័នត្រៀមចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ៣ និងវិស័យឯកជនពាក់ព័ន្ធផងដែរ។
គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ និងអ្នកជំនាញការ ARISE Plus Cambodia បានកត់សម្គាល់ថា លទ្ធផលនៃការបំពេញកម្រងសំណួរតាមប្រព័ន្ធអនឡាញកន្លងមកគឺពុំទាន់ទទួលបានព័ត៌មានពេញលេញនៅឡើយដែលតម្រូវឱ្យមានការពន្យល់បន្ថែមពីក្រសួង-ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ហើយក៏ដូចជាតម្រូវឱ្យមានការចូលរួមផ្តល់មតិបន្ថែមរបស់អ្នកជំនាញការ ARISE Plus Cambodia និង តំណាងក្រុមហ៊ុន GUUD Pte Ltd. ផងដែរ។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករគយកម្ពុជា (អគរ) បានឱ្យដឹងថា កិច្ចប្រជុំពិគ្រោះយោបល់នេះពិតជាទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាគួរឱ្យកត់សម្គាល់ និងតាមការរំពឹងទុក ដោយអង្គប្រជុំបានផ្តល់ធាតុចូលបន្ថែមដ៏មានសារៈសំខាន់ និងយ៉ាងផុលផុស ក្នុងការចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ២ និងឈានទៅចូលរួមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ៣ នាពេលខាងមុខ។ លើសពីនេះទៀត អង្គប្រជុំបានសន្យានឹងនាំយកនូវលទ្ធផលនៃកិច្ចប្រជុំនាថ្ងៃនេះរាយការណ៍ជូនថា្នក់ដឹកនាំរបស់ខ្លួនរៀងៗខ្លួន ក្នុងន័យបន្តកិច្ចសហការល្អក្នុងការត្រៀមអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី ៣ នាពេលខាងមុខ៕