ភ្នំពេញៈ គម្រោង​វិនិយោគ​ក្នុង​វិស័យ​វាយនភណ្ឌ​ចំនួន ៣ ដែលមាន​ទុនវិនិយោគ​សរុប ១៨,៨ ​លាន​ដុល្លារ និង​បង្កើត​ការងា​បាន ២ ០០៥​ កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC) យល់​ព្រមឱ្យ​វិនិយោគ​នៅ​ចុង​សប្តាហ៍​នេះ​។

យោងតាម CDC គម្រោង​វិនិយោគ​ទាំង ៣ នេះ​រួមមាន គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន Orient Hongye (Cambodia) Knitting Co., Ltd នៅ​ផ្លូវ​ណតប្រ៊ីត សង្កាត់​ស្ទឹងមានជ័យ​ទី​ ៣ ខណ្ឌមានជ័យ មាន​ទុនវិនិយោគ ៣​ លាន​ដុល្លា បង្កើត​ការងារ​បាន ៥១៤ ​កន្លែង​, គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ របស់​ក្រុមហ៊ុន Kylin (Cambodia) Sports Co., Ltd. នៅ​ផ្លូវជាតិ​លេខ​ ២ សង្កាត់​រលួស ខណ្ឌដង្កោ មាន​ទុនវិនិយោគ ៥,៣ ​លាន​ដុល្លារ បង្កើត​ការងារ​បាន ៧១៤ ​កន្លែង និង​ចុងក្រោយ​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន Spearhead Commodities (Cambodia) Co., Ltd. នៅ​ឃុំ​សំរោងទង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ មាន​ទុនវិនិយោគ ១០,៥ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​បាន ៧៧៧ កន្លែង​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​និយាយថា បន្ទាប់ពី​ស្ងប់ស្ងាត់​មួយរយៈ​រួចមក នៅពេល​នេះ​ចំនួន​គម្រោង​វិនិយោគ​ដែល​ដាក់ពាក្យ​ស្នើសុំ និង​ទទួលបាន​ការអនុម័ត​ពី CDC កើនឡើង​ជា​បន្តបន្ទាប់​។ ការកើនឡើង​នៃ​ចំណាប់អារម្មណ៍​របស់​វិនិយោគិន​ក្នុងស្រុក និង​មកពី​ក្រៅប្រទេស​ក្នុង​ការ​ចូលមក​បណ្តាក់​ទុន​នៅ​កម្ពុជា​អាច​បណ្តាល​មកពី​ការរួមផ្សំ​មួយចំនួន​ដូចជា កត្តា​ច្បាប់​វិនិយោគ​ថ្មី​ដែល​មាន​លក្ខណៈ​ងាយស្រួល និង​មាន​ភាព​ទាក់ទាញ​, សុខភាព​សាធារណៈ​នៅ​កម្ពុជា​មាន​ភាពល្អប្រសើរ និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​, កម្លាំង​ពលកម្ម​មានតម្លៃ​សមរម្យ និង​សម្បូរ និង​មាន​ទីផ្សារ​ជាមួយ​ប្រទេស​ធំៗ​ជាច្រើន​លើ​ពិភពលោក​។ លោក​បន្ថែមថា កំណើន​នៃ​ការបណ្តាក់ទុន​វិនិយោគ​បាន​នឹង​កំពុងផ្តល់​ផល​វិជ្ជមាន​ជាច្រើន​សម្រាប់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​។

លោក​បញ្ជាក់ថា​៖ «​កម្ពុជា​កំពុង​ក្លាយជា​កន្លែង​បណ្តាក់​ដ៏ពេញនិយម ព្រោះ​ការវិនិយោគ​នៅទីនេះ​នឹង​ទទួលផល​ចំណេញ​ជាច្រើន​ទាំង​លើ​ចង្វាក់​ផលិតកម្ម ក៏ដូចជា​ការនាំចេញ ព្រោះ​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជាច្រើន​លើ​ពិភពលោក​»​។

អគ្គលេខាធិការ​ក្រុ​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក សុខ ចិន្ដាសោភា កន្លងមក​បាន​និយាយថា កម្ពុជា​គឺជា​ប្រទេស​ដែលមាន​កាលានុវត្តភាព​ច្រើន​សម្រាប់​ការវិនិយោគ ខណៈ​កម្ពុជា​ក៏​ទើបបាន​ដាក់ឱ្យ​ប្រើប្រាស់​ច្បាប់​ស្ដីពី​វិនិយោគ​ថ្មី​ដែលមាន​ភាពទាក់ទាញ និង​អំណោយ​សម្រាប់​ការ​ចូលមក​បណ្តាក់ទុន​។

លោក​បាន​ថ្លែងថា​៖ «​តាមរយៈ​ការដាក់ចេញ​នូវ​វិធានការ​ដ៏មាន​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​ទាំងនេះហើយ ទើប​កម្ពុជា​អាច​បើក​ដំណើរការ​ប្រទេស​ពេញលេញ និង​ឈានដល់​ការដាក់ចេញ​នូវ​ក្របខណ្ឌ​យុទ្ធសាស្ត្រ និង​កម្មវិធី​ស្តារ​និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក្នុង​ការរស់នៅ​ជាមួយ​កូវីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី សម្រាប់​ឆ្នាំ​ ២០២១-២០២៣»៕