The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ខេត្ត​ចំនួន ៣ ​ត្រូវបាន​រដ្ឋ​កំណត់​ធ្វើជា​គោលដៅ​សម្រាប់​អភិវឌ្ឍ​សួន​កសិឧស្សាហកម្ម

ខេត្ត​ចំនួន ៣ ​ត្រូវបាន​រដ្ឋ​កំណត់​ធ្វើជា​គោលដៅ​សម្រាប់​អភិវឌ្ឍ​សួន​កសិឧស្សាហកម្ម

Content image - Phnom Penh Post
តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​ក្នុង​រយៈពេល​ ៤ ​ខែ ឆ្នាំ​ ២០២២ មាន​ចំនួន ៤ ០៤០ ៧០៣,៦៩​ តោន កើន ៥,៦០ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ក្នុងនោះ​ការនាំចេញ​អង្ករ ស្រូវ ដំឡូងមី​ស្រស់ ចំណិត​ដំឡូងមី​ក្រៀម ម្សៅដំឡូងមី និង​ផលិតផល​មួយចំនួនទៀត​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​។ ហេង ជីវ័ន

ខេត្ត​ចំនួន ៣ ​ត្រូវបាន​រដ្ឋ​កំណត់​ធ្វើជា​គោលដៅ​សម្រាប់​អភិវឌ្ឍ​សួន​កសិឧស្សាហកម្ម

ភ្នំពេញៈ រាជរដ្ឋាភិបាល​បានកំណត់​យក​ខេត្ត​គោលដៅ​ចំនួន ៣ ដើម្បី​អភិវឌ្ឍ​សួន​កសិឧស្សាហកម្ម​នៅ​កម្ពុជា (Agri-Food Industrial Park) ដោយ​ធ្វើយ៉ាងណា​ឱ្យ​សួន​នេះ​មាន​លក្ខណពិសេស​ដូច​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែរ ដើម្បី​ជំរុញ​ការផលិត និង​កែច្នៃ​ផលិត​កសិកម្ម​នៅ​កម្ពុជា​។

គណៈកម្មការ​សម្របសម្រួល​លើ​ការសិក្សា​អភិវឌ្ឍ​សួន​កសិឧស្សាហកម្ម​នៅ​កម្ពុជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្ថាប័ន​រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ សមាគម និង​ក្រុមហ៊ុន​ឯកជន​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម បាន​បើក​កិច្ចប្រជុំ​លើក​ទី​៣​ក្នុង​ថ្ងៃទី​ ២៨ ខែមេសា ដើម្បី​ពិភាក្សា​គ្នា​លើ​ការអភិវឌ្ឍ​សួន​កសិឧស្សាហកម្ម​នៅ​កម្ពុជា ដោយ​ក្នុងនោះ​បានជ្រើសរើស​ទីតាំង​ចំនួន ៣ ​ខេត្ត សម្រាប់​រៀបចំ​បង្កើត​សួន​កសិឧស្សាហកម្ម រួមមាន ខេត្ត​បាត់ដំបង​,​កំពង់ស្ពឺ និង​កំពង់ធំ​។ ក្រៅពីនេះ​ភាគី​ពាក់ព័ន្ធ​ក៏បាន​ពិភាក្សា​បន្ថែម​ទៅលើ​របកគំហើញ​គន្លឹះៗ​នៃ​ការសិក្សា​លើ​ខ្សែចង្វាក់​តម្លៃ ការសិក្សា​កំណត់​ផែនទី​បទប្បញ្ញត្តិ​ផ្សេងៗ ការពិភាក្សា​ពី​សួន​កសិឧស្សាហកម្ម និង​បញ្ហា​ប្រឈម​ក្នុងការ​អភិវឌ្ឍ​វិស័យ​សួន​កសិឧស្សាហកម្ម​នៅ​កម្ពុជា​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សួន​កសិឧស្សាហកម្ម​នេះ គឺជា​ការផ្តួចផ្តើម​គំនិត​ដោយ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ក្រសួង​សេដ្ឋកិច្ច និង​អង្គការ CAVAC មកពី​អូស្ត្រាលី ដើម្បី​ជួយ​ដល់​ការពង្រីក​ទីផ្សារ​សម្រាប់​ផលិតផល​កសិកម្ម​កម្ពុជា​។

លោក​បន្ថែមថា សួន​បែបនេះ​ត្រូវតែមាន​លក្ខណពិសេស​ដូច​តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​លើស​នេះ ដើម្បី​លើកទឹកចិត្ត​ឱ្យ​វិស័យ​ឯកជន​ចូលរួម​វិនិយោគ ជាពិសេស​ការបង្កើត​រោងចក្រ​សហគ្រាស​ក្នុង​តំបន់​នេះ ដើម្បី​កែច្នៃ​ផលិតផល​កសិកម្ម​សំដៅ​ជំរុញ​ការនាំចេញ​ផលិតផល​ដែលមាន​តម្លៃបន្ថែម ក៏ដូចជា​បង្កើត​ការងារ និង​ជួយ​រក​ទីផ្សារ​ឱ្យ​ប្រជាកសិករ​ផងដែរ​។

លោក​និយាយថា​៖ «​នេះ​ជា​កិច្ចប្រជុំ​លើក​ទី​ ៣ ហើយ ប៉ុន្តែ​ការសម្រេច​យ៉ាងណា​យើង​នឹងដាក់​ឆ្លង​ថ្នាក់ជាតិ​ ដើម្បី​សម្រេច​ជាគោលការណ៍​សិន ទើប​យើង​អាច​បង្កើតជា​ក្របខ័ណ្ឌ​គោលនយោបាយ ឬ​យន្តការ​ណាមួយ​ ដើម្បី​លើកទឹកចិត្ត​វិស័យ​ឯកជន​ឱ្យចូលរួម ដើម្បី​ដំណើរការ​ការងារ​នេះ​។ ជា​រឿង​ចាំបាច់​ដែល​វិស័យ​ឯកជន​ត្រូវតែ​ចូលរួម​លើ​ការងារ​នេះ ដោយ​នឹង​មានការពិភាក្សា​បន្តទៀត លើ​ការ​ស្វែងរក​ឥណទាន​ពី​ធនាគារ​រដ្ឋ ឬ​ធនាគារពាណិជ្ជ ធ្វើ​ដៃគូ​»​។

លោក ចាន់ សុផល នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និង​អ្នកជំនាញ​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​ឱ្យដឹងថា ការវិនិយោគ​លើ​សួន​កសិឧស្សាហកម្ម​នេះ​ត្រូវ​ចំណាយ​ដើមទុន​ច្រើន ដែល​ខាង​វិស័យ​ឯកជន​ត្រូវការ​សិក្សា​ឱ្យបាន​ច្បាស់​មុននឹង​វិនិយោគ​។ លោក បន្តថា ខាង​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​កំពុង​សិក្សា​យ៉ាង​ល្អិតល្អន់​ពី​តម្រូវការ​របស់​សហគ្រាស​នីមួយៗ ជុំវិញ​ការសាងសង់​សហគ្រាស​កែច្នៃ​កសិផល​ក្នុង​សួន​កសិឧស្សាហ​កម្មនេះ​ចៀសវាង​ការសាងសង់​ហើយ​មិនមាន​ប្រតិបត្តិការ​។

លោក​បញ្ជាក់ថា​៖ «​បើ​មាន​ការកសាង​សួន​កសិឧស្សាហកម្ម ដែលមាន​គុណភាព​ល្អ​ត្រូវតែមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល ពិសេស​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អគ្គិសនី ត្រូវតែ​មានតម្លៃ​ទាប​។ ដូចនេះ ទាល់​តែមាន​អ្វី​ពិសេស​ទើប​អាច​ទាក់ទាញ​គេ​បាន​»​។

តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម ការនាំចេញ​កសិផល​ទៅ​ក្រៅប្រទេស​ក្នុង​រយៈពេល​ ៤ ​ខែ ឆ្នាំ​ ២០២២ មាន​ចំនួន ៤ ០៤០ ៧០៣,៦៩​ តោន កើន ៥,៦០ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ក្នុងនោះ​ការនាំចេញ​អង្ករ ស្រូវ ដំឡូងមី​ស្រស់ ចំណិត​ដំឡូងមី​ក្រៀម ម្សៅដំឡូងមី និង​ផលិតផល​មួយចំនួនទៀត​បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់​៕LA

អត្ថបទគួរចាប់អារម្មណ៍