ធនាគារ ព្រីនស៍ ជា​ធនាគារ​មួយ​ក្នុង​ចំណោម​ធនាគារ​ដែល​រីកចម្រើន លឿន​បំផុត​នៅ​កម្ពុជា និង​ក្រុមហ៊ុន​សេវា​ផ្ទេរប្រាក់ Ria ដែលជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន Euronet Worldwide, Inc. (NASDAQ: EEFT) និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​លំដាប់​ពិភពលោក​ក្នុង​វិស័យ​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​នៅ​ថ្ងៃទី ​៣ ខែឧសភា ឆ្នាំ​ ២០២២ បានប្រកាស​ពី​កិច្ចសហប្រតិបត្តិការ​អាជីវកម្ម​ភាព​ជា​ដៃគូ ដើម្បី​អនុញ្ញាត​ឱ្យ​អតិថិជន​អាចធ្វើ​ការផ្ទេរ​ប្រាក់​អន្តរជាតិ​តាមរយៈ​បណ្តាញ​របស់​ធនាគារ ព្រីនស៍​។

ឥឡូវនេះ អតិថិជន​អាច​ផ្ញើ និង​ទទួល​ប្រាក់​ជា​អន្តរជាតិ​តាមរយៈ​សាខា​ណាមួយ​នៃ​ធនាគារ ព្រីនស៍ សរុប ៣២ ​សាខា​ទូទាំង​ប្រទេស តាមរយៈ​សេវា​ផ្ទេរប្រាក់ Ria ហើយ​អាច​ប្រើប្រាស់​បណ្តាញ​ជាសកល​ដ៏ធំ​ទូលាយ​របស់ Ria ដែលមាន​ទីតាំង​ជាង ៤៩០ ០០០ ទីតាំង​។

ស្របពេល​ជាមួយ​គ្នា​ផងដែរ នៅ​ចុងខែ​ឧសភា​នេះ អតិថិជន​នឹង​អាច​ប្រើប្រាស់​កម្មវិធី PRINCE Mobile របស់​ពួកគេ ដើម្បី​ធ្វើការ​ផ្ទេរប្រាក់​តាមរយៈ Ria យ៉ាង​រលូន នៅក្នុង​វេទិកា​ដ៏មាន​សុវត្ថិភាព និង​ភាពងាយស្រួល ដែល​នឹង​នាំមក​នូវ​អត្ថប្រយោជន៍​យ៉ាងសំខាន់​ដល់​ការផ្ទេរ​ប្រាក់​អន្តរជាតិ គឺ​អតិថិជន​អាច​ផ្ញើ​ប្រាក់​បាន​គ្រប់​ពេលវេលា គ្រប់​ទីកន្លែង តាមរយៈ​កម្មវិធី​បាន​យ៉ាង​ងាយស្រួល និង​មាន​សុវត្ថិភាព​។

ធនាគារ ព្រីនស៍ បាន​បណ្តាក់ទុន​យ៉ាងច្រើន​លើ​ការកែលម្អ និង​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ឌីជីថល ដើម្បី​ក្លាយជា​ធនាគារ​ឈានមុខ​គេ​នៅក្នុង​យុគសម័យ​ឌីជីថល​បច្ចុប្បន្ន ដែល​ទាំងអស់​នេះ ធ្វើឡើង​ក្នុង​គោលបំណង​បម្រើ​អតិថិជន​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង​។

លោក ហ៊ន់ សុរចនា អភិបាល​គ្រប់គ្រង និង​ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រីនស៍ បាន​មាន​ប្រសាសន៍​ថា​៖ «​នៅ​ធនាគារ ព្រីនស៍ យើង​មាន​ចក្ខុវិស័យ​រយៈពេល​វែង​ក្នុងការ​ផ្តល់នូវ​សេវាកម្ម​ធនាគារ​ដ៏ល្អ​បំផុត ដើម្បី​បម្រើ​អតិថិជន​របស់​យើង​នៅក្នុង​ស្រុក និង​ទូទាំង​ពិភពលោក ហើយ​ការផ្ទេរ​ប្រាក់​ទៅ​ក្រៅប្រទេស គឺជា​សេវាកម្ម​ដ៏​សំខាន់​មួយ​ដែល​ឈានទៅរក​ចក្ខុវិស័យ និង​គោល​បំណង​អាជីវកម្ម​របស់​យើង​។ នៅ​ធនាគារ ព្រីនស៍ យើង​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ ដែល​មិន​ត្រឹមតែ​ស្របតាម​តម្រូវការ​របស់​អតិថិជន​យើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ ដើម្បី​បំពេញ​នូវ​តម្រូវ​ការដែល​លើសពី​ការរំពឹងទុក​របស់​អតិថិជន​ផងដែរ ហើយ​គោលបំណង​របស់​យើង គឺ​ក្លាយជា​ធនាគារ​ជម្រើស​ទី​ ១ សម្រាប់​ប្រជាជន​កម្ពុជា​»​។

លោក ហ៊ន់ សុរចនា

លោក​បាន​បន្ថែមទៀតថា​៖ «​នេះ​ពិតជា​កិត្តិយស និង​ឱកាស​ដ៏ល្អ​សម្រាប់​ធនាគារ ព្រីនស៍ ក្នុង​ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​សេវា​ផ្ទេរប្រាក់ Ria ដើម្បី​ពង្រឹង​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​របស់​យើង​។ យើង​តែងតែ​ព្យាយាម​ផ្តល់ជូន​នូវ​ដំណោះស្រាយ និង​សេវាកម្ម​ល្អ​បំផុត ដោយ​ប្រើប្រាស់​ភាព​ច្នៃប្រឌិត ហើយ​យើង​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ ដើម្បី​បំពេញ​នូវ​តម្រូវការ​អតិថិជន​របស់​យើង​ជាមួយ​នឹង​វិធីសាស្ត្រ​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​ដែលមាន​ប្រសិទ្ធភាព​ជាង​មុន​»​។

Ria គឺជា​សេវា​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​ធំជាងគេ​ទី​ ២ នៅលើ​ពិភពលោក​ដែល​មាន​បណ្តាញ​ជិត ៥០០ ០០០ ទីតាំង នៅក្នុង​ប្រទេស​ជាង ១៦០ រួមមាន សហរដ្ឋអាមេរិក កូរ៉េ​ខាងត្បូង ថៃ ហ្វីលីពីន ចិន ម៉ាឡេស៊ី ឥណ្ឌា អូស្ត្រាលី វៀតណាម និង​ក្នុងប្រទេស​ដទៃទៀត ហើយ​បាន​បន្ត​ធ្វើឱ្យ​ពិភពលោក​កាន់តែ​តូច​ជាង​មុន ដោយ​បង្រួម​គម្លាត​រវាង​គ្រួសារ និង​មនុស្ស​ជា​ទីស្រលាញ់​របស់​ពួកគេ តាមរយៈ​សេវាកម្ម​ដែល​មិនអាច​ប្រៀបផ្ទឹម​បាន​។

លោក Espen Kristensen អភិបាល​គ្រប់គ្រង​នៃ APAC បាន​មានប្រសាសន៍ថា​៖ «​ភាពជា​ដៃគូ​ជាមួយ​ធនាគារ ព្រីនស៍ នេះ គឺជា​ការបោះ​ជំហាន​ទៅមុខ​មួយទៀត​ក្នុងការ​ផ្តល់នូវ​ភាពងាយស្រួល និង​លទ្ធភាព​ទទួលបាន​សេវា​ផ្ទេរប្រាក់​ដែល​មិនអាច​ប្រៀបផ្ទឹម​បាន​ដល់​អតិថិជន​ក្នុងប្រទេស​កម្ពុជា ដែល​នាំមក​នូវ​អត្ថប្រយោជន៍​បន្ថែម​ដល់​អ្នក​ផ្ញើ និង​អ្នកទទួល​ផល​ក្នុង​ប្រទេស តាមរយៈ​ការផ្តល់នូវ​សេវា​ដក​ប្រាក់​នៅតាម​ទីតាំង​ដ៏ច្រើន​សន្ធឹក​សន្ធាប់ ហើយ​យើង​មានបំណង​ផ្តល់នូវ​ភាពងាយស្រួល​ថ្មី​មួយកម្រិត​ទៀត តាមរយៈ​បើក​ដំណើរការ​សេវា​ផ្ទេរប្រាក់​បញ្ញើ​តាម​ធនាគារ តាម​ពេលវេលា​ជាក់ស្តែង ដែល​យើង​អាច​អនុញ្ញាតឱ្យ​អ្នកទទួលផល​ទទួល​បាន​ប្រាក់​ក្នុង​រយៈពេល​ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ដោយ​ផ្តល់នូវ​កម្រិត​ថ្មី​នៃ​ភាពងាយស្រួល និង​អារម្មណ៍​សុវត្ថិភាព​សម្រាប់​អតិថិជន​របស់​យើង ស្រប​ពេល​ដែល​រួមចំណែក​ដល់​លំហូរ​ផ្នែក​ហិរញ្ញវត្ថុ​នៅក្នុង​តំបន់​ផងដែរ​»​។

ពិធី​ចុះហត្ថលេខា​រវាង​ធនាគារ ព្រីនស៍ និង​ក្រុមហ៊ុន​ផ្ទេរប្រាក់ Ria​។ SUPPLIED

ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការី​ទេសាភិបាល និង​ជា​អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖ «​អបអរសាទរ​ដល់​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ទាំងអស់​របស់​ធនាគារ ព្រីនស៍ ម.ក និង​ក្រុមហ៊ុន RIA Financial Services ចំពោះ​កិច្ចសហការ​នៃ​ភាពជា​ដៃគូ​នេះ​។ ពិធី​ចុះហត្ថលេខា​នាពេលនេះ គឺជា​សក្ខីភាព​មួយ​ដែល​ឆ្លុះបញ្ចាំង​ពី​ការរីកចម្រើន​ជា​បន្តបន្ទាប់​នៃ​វិស័យ​ធនាគារ និង​ហិរញ្ញវត្ថុ ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (FinTech) និង​ជំនឿ​ទុកចិត្ត​របស់​សាធារណជន​មកលើ​វិស័យនេះ​។ ភាពជា​ដៃគូ​រវាង​ធនាគារ ព្រីនស៍ ម.ក និង​ក្រុមហ៊ុន RIA Financial Services ក្នុង​ការធ្វើ​ប្រតិបត្តិការ​ជា​អ្នកដំណើរការ​តតិយ​ភាគី គឺជា​ចំណែក​មួយ​ក្នុង​ការចូលរួម​អភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដោយ​ផ្តល់នូវ​សេវា​ទូទាត់ និង​សេវា​ផ្ទេរប្រាក់ ក៏ដូចជា​ចូលរួម​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ផងដែរ​»​។

ជាមួយ​នឹង​ការបើក​ដំណើរការ​នេះ ធនាគារ ព្រីនស៍ ផ្តល់ជូន​ពិសេស​ដល់​អតិថិជន​ទាំងអស់ ដោយ​លើកលែង​លើ​កម្រៃ​សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស​សម្រាប់ ១០០ ​ប្រតិបត្តិការ​ដំបូង​។ អតិថិជន​អាចធ្វើ​ការផ្ទេរ​ប្រាក់​នៅ​គ្រប់​សាខា​ធនាគារ ព្រីនស៍ ទូទាំងប្រទេស​។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផលិតផល និង​សេវាកម្ម​របស់​ធនាគារ ​ព្រីនស៍ សូម​ចូលទៅ​កាន់​គេហទំព័រ www.princebank.com.kh ឬ​ទាក់ទង​មក​សេវា​ទំនាក់ទំនង​អតិថិជន​របស់​យើង​តាមរយៈ​លេខ​ទូរស័ព្ទ ១៨០០ ២០ ៨៨៨៨៕