
កម្មករកំពុងឱ្យចំណីជ្រូកក្នុងកសិដ្ឋានចិញ្ចឹមជ្រូកមួយកន្លែងនៅខេត្តកណ្តាល។ ហុង មិនា
ភ្នំពេញៈ អាជ្ញាធរខេត្តស្វាយរៀងបានចេញវិធានការទប់ស្កាត់ការនាំសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសវៀតណាម ដោយបានព្រមានចាត់វិធានការផ្តន្ទាទោសតាមច្បាប់ចំពោះអាជីវករណា ដែលនៅតែបន្តលួចនាំចូល។
ក្រោយពិនិត្យឃើញថា មានការលួចនាំចូលដោយខុសច្បាប់នូវសត្វជ្រូក សាច់ជ្រូក និងផលិតផលសាច់ជ្រូកខុសច្បាប់ពីប្រទេសជិតខាងចូលមកកាន់ខេត្តស្វាយរៀង តាមច្រករបៀងមួយចំនួនដោយពុំបានត្រួតពិនិត្យពីសុខភាពសត្វឱ្យបានត្រឹមត្រូវ និងជាផ្នែកមួយធ្វើឱ្យបាត់ចំណូលពីការបង់ពន្ធចូលថវិកាជាតិផងនោះ រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្តីណែនាំមួយដល់អាជីវករទាំងនោះឱ្យបញ្ឈប់សកម្មភាពនេះភ្លាម ដោយក្នុងនោះស្នងការនគរបាលខេត្ត វរនគរបាលយោធាការពារព្រំដែន និងគ្រប់សមត្ថកិច្ចពាក់ព័ន្ធនៅតាមព្រំដែនត្រូវផ្តល់កិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចូលរួមទប់ស្កាត់ និងចាត់វិធានការទប់ស្កាត់ការនាំចូលសត្វជ្រូក សាច់ជ្រូក ដែលគ្មានច្បាប់អនុញ្ញាត។
ម្យ៉ាងវិញទៀត មន្ទីរកសិកម្មត្រូវសហការជាមួយនឹងអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធតាមបណ្តាច្រករបៀងខុសច្បាប់ ដើម្បីចូលរួមចាត់វិធានការទប់ស្កាត់ និងត្រួតពិនិត្យជាប្រចាំចំពោះការនាំចូលសត្វជ្រូក សាច់ជ្រូក ដែលគ្មានការអនុញ្ញាតត្រឹមត្រូវ។ ក្នុងករណីចាំបាច់ត្រូវរាយការណ៍ និងសុំគោលការណ៍មករដ្ឋបាលខេត្ត និងចាត់វិធានការចំពោះជនល្មើសមកផ្តន្ទាទោសតាមច្បាប់។
លោក ប៉ែន ចាន់ធី ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តស្វាយរៀងបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៣ ខែឧសភាថា ចាប់តាំងពីចេញប្រតិបត្តិការទប់ស្កាត់ការនាំចូលជ្រូកចូលដោយខុសច្បាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ខាងមន្ត្រីជំនាញបានធ្វើការផាកពិន័យបានជាង ១០ លានរៀល និងមិនទាន់បានរកឃើញថា មានជ្រូកដែលឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅឡើយទេ។
លោកបន្ថែមថា ខាងមន្ទីរកសិកម្មបានសហការជាមួយអាជ្ញាធរដែនដី ដើម្បីឃាត់រថយន្ត ដែលលួចដឹកជ្រូករស់ចូល ដោយបានបូមឈាមពិនិត្យរកមើលជំងឺឆ្លងផ្សេងៗ និងជំងឺប៉េស្តជ្រូកអាហ្វ្រិកផងដែរ។
លោកប្រាប់ថា៖ «នៅខេត្តស្វាយរៀងមានច្រករបៀងតូចៗរាប់រយ តែមន្ត្រីខាងការិយាល័យខ្ញុំមានប្រមាណ ១០ នាក់ប៉ុណ្ណោះ ដូច្នេះតែងមានភាពឆកល្វែងខ្លះលើការទប់ស្កាត់ពីឈ្មួញទាំងនោះ។ កាលពីយប់ថ្ងៃទី ២ ខែឧសភា យើងបានដាក់ក្រុមការងារនៅតាមច្រករបៀង ៣ ក្រុមដែរ តែមិនឃើញមានសកម្មភាពឈ្មួញដឹកជ្រូកចូលនោះទេ តែក្រុមមន្ត្រីជំនាញ និងអាជ្ញាធរនៅតែបន្តប្រតិបត្តិការទប់ស្កាត់បន្តទៀត ជាពិសេសពង្រឹងលើការត្រួតពិនិត្យជាប្រចាំចំពោះការនាំចូលសត្វជ្រូករស់ និងផលិតផលពីសាច់ជ្រូក»។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឱ្យដឹងថា ក្រោយការចេញសេចក្តីណែនាំរបស់រដ្ឋបាលខេត្តស្វាយរៀងហើយ លោក និងក្រុមការងារ នឹងបន្តស្នាក់នៅខេត្តនេះ ២ ថ្ងៃទៀត ដើម្បីសង្កេតមើលការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមថា មានប្រសិទ្ធភាពកម្រិតណា។
លោកបារម្ភថា ឈ្មួញអាចនឹងបង្វែរពីការនាំចូលជ្រូករស់ទៅជាការនាំចូលជ្រូកដែលកាប់សាច់រួចវិញ ដែលនេះអាចនឹងបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់ជ្រូកក្នុងស្រុក។
លោកបានបញ្ជាក់ថា៖ «ក្រុមការងាររបស់សមាគមរួមជាមួយមន្ត្រីពាក់ព័ន្ធបានបែងចែកកម្លាំងគ្នាធ្វើការទាំងថ្ងៃ ទាំងយប់ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឱ្យបានជាអតិបរមា។ ឈ្មួញមួយចំនួន តែងលួចនាំចូលជ្រូកពីវៀតណាមមក ដែលអាចធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមជ្រូកក្នុងស្រុក ហើយពេលខ្លះជ្រូកទាំងនោះមានជំងឺផ្សេងៗ ដែលអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នកទទួលទានផងដែរ»។
តាមរបាយការណ៍ពីក្រសួងកសិកម្ម ក្នុងឆ្នាំ ២០២១ បទល្មើសសត្វ និងផលិតផលមានដើមកំណើតពីសត្វ ដែលបានត្រួតពិនិត្យ និងបង្ក្រាបយ៉ាងសកម្ម ដោយក្រុមអន្តរាគមន៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងមន្ទីរកសិកម្មរាជធានី-ខេត្ត មានសរុប ១៦៩ ករណី ក្នុងនោះមានលិខិតអនុញ្ញាត ១១៤ ករណី និងមិនមានលិខិតអនុញ្ញាត ៥៥៕LA