
កម្មករ កម្មការិនីធ្វើការក្នុងរោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ នាពេលកន្លងមក។ រូបថត ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ គម្រោងវិនិយោគចំនួន ៥២ ដែលមានទុនវិនិយោគ ២ ៤៦៤,២៨ លានដុល្លារ និងបង្កើតការងារចំនួន ៤៧ ៧១០ កន្លែង ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តនៅក្នុងរយៈពេល ៤ ខែ ដើមឆ្នាំ ២០២២ ដោយគម្រោងភាគច្រើនស្ថិតនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់។
យោងតាមការគណនារបស់ភ្នំពេញ-ប៉ុស្តិ៍ ដោយផ្អែកលើសេចក្តីប្រកាសព័ត៌មាននៅលើបណ្តាញសង្គមរបស់ CDC គម្រោងដែលត្រូវបានអនុម័តក្នុងរយៈពេល ៤ ខែ ឆ្នាំ ២០២២ មានដូចជា រោងចក្រកាត់ដេរសម្លៀកបំពាក់ ផលិតផលធ្វើដំណើរ ស្បែកជើង រោងចក្រកែច្នៃវេចខ្ចប់ផ្លែឈើ រោងចក្រផលិតសម្បកកង់យានយន្ត សណ្ឋាគារ មន្ទីរពេទ្យ រោងចក្រដំឡើងរថយន្ត រោងចក្រផលិតគ្រឿងសង្ហារិម រោងចក្រផលិតសម្ភារបរិក្ខារប្រើប្រាស់ខ្សែភ្លើង និងផលិតផលប្លាស្ទិក រោងចក្រផលិត និងផ្គុំដំឡើងផលិតផលអគ្គិសនី និងបរិក្ខារអេឡិចត្រូនិក និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។
អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា លោក ងួន ម៉េងតិច បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ៣ ខែឧសភាថា មានកត្តាមួយចំនួន បានជំរុញឱ្យវិស័យកាត់ដេរសម្លៀកបំពាក់នៅតែទទួលបានការវិនិយោគច្រើនជាងគេ រួមមានច្បាប់ស្តីពីវិនិយោគថ្មី, យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរផលិតស្បែកជើង និងកាបូបកម្ពុជា ២០២២-២០២៧ ដែល រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យអនុវត្តកាលពីពេលថ្មីៗនេះ រួមទាំងវិធានការបន្ធូរបន្ថយផ្សេងៗជាច្រើនទៀត ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគនៅក្នុងវិស័យនេះ។
ទោះយ៉ាងណាលោកប្រាប់ថា ក្រៅពីវិស័យកាត់ដេរ CDC និងសភាពាណិជ្ជកម្មកម្ពុជា ចង់ឱ្យមានការវិនិយោគទៅលើវិស័យយានយន្ត និងអេឡិចត្រូនិកកាន់តែច្រើនដែរ ខណៈដែលផែនទីបង្ហាញផ្លូវការអភិវឌ្ឍន៍ពាក់ព័ន្ធនឹងវិស័យយានយន្ត និងអេឡិចត្រូនិកនឹងត្រូវដាក់ឱ្យអនុវត្តក្នុងពេលឆាប់ៗ។
លោកបញ្ជាក់ថា៖ «ពាក់ព័ន្ធនឹងវិស័យយានយន្ត និងអេឡិចត្រូនិកកន្លងមកសភាពាណិជ្ជកម្មកម្ពុជា តែងនៅជាប់ជាមួយវិនិយោគិនបរទេស ជាពិសេសមកពីប្រទេសជប៉ុន។ ជប៉ុនជាប្រទេសរីកចម្រើនខ្លាំងនៅក្នុងវិស័យទាំងនេះថែមមានដើមទុនផងដែរ ហេតុនេះទើបយើងចង់ឱ្យប្រទេសនេះមកវិនិយោគនៅប្រទេសយើង ដែលមិនត្រឹមតែជំរុញកំណើនសេដ្ឋកិច្ចយើងនោះទេ ប៉ុន្តែថែមទាំងអាចចែករំលែកចំណេះដឹង និងបទពិសោធឱ្យយើងទៀតផង»។
អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក កាំង ម៉ូនីកា បានឱ្យដឹងថា កំណើនរោងចក្រកាត់ដេរនឹងបន្តជំរុញកំណើននៃការនាំចេញវិស័យនេះ។
លោកបានបញ្ជាក់ថា៖ «តាមធម្មតា រោងចក្រកាន់តែច្រើនមានន័យថាការនាំចេញក៏កាន់តែច្រើនដែរ។ បើសិនមិនមាន ព្រឹត្តិការណ៍រំខានធ្ងន់ធ្ងរណាមួយដែលរំខានដល់សេដ្ឋកិច្ចពិភពលោកនោះទេ កម្ពុជានៅតែអាចរក្សានូវកំណើនការនាំចេញរបស់ខ្លួន ឬជំរុញឱ្យមានភាពប្រសើរឡើងលើការប្រកួតប្រជែងក្នុងវិស័យនេះ»។
លោក គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ថា កំណើននៃការវិនិយោគវិស័យវាយនភណ្ឌបង្ហាញថា កម្ពុជាគឺជាទីតាំងដ៏មានសក្តានុពលសម្រាប់ការវិនិយោគ។ លោកលើកឡើងថា៖ «ក្នុងបរិបទដែលបណ្តាប្រទេសផ្សេងៗមិនអាចផលិត គឺមានតែកម្ពុជាអាចផលិតបាន នេះគឺដោយសារយុទ្ធសាស្ត្រវ៉ាក់សាំងរបស់រដ្ឋាភិបាលដែលជួយឱ្យវិស័យនេះមានដំណើរការ»។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា ការនាំចេញផលិតផលកាត់ដេរក្នុងត្រីមាសទី ១ មានទឹកប្រាក់ ៣,១៥៥ លានដុល្លារ កើនឡើង ២៤,៨ ភាគរយ។ ចំណែកការនាំចេញផលិតផលមិនមែនកាត់ដេរ (គ្រឿងបន្លាស់អេឡិចត្រូនិក បង្គុំខ្សែភ្លើង កង់ គ្រឿងបន្លាស់រថយន្ត អំពូលលម្អ ផលិតផលពីឈើ ផលិតផលប្លាស្ទិក ស្បែកសត្វកែច្នៃ និងផលិតផលផ្សេងៗទៀត) សម្រេចបាន ១ ២១២,៩ លានដុល្លារ កើនឡើង ៣៨,២ ភាគរយ៕ LA