ទីក្រុង​ប្រ៊ុ​ច​សែ​លៈប្រភព​នានា​បាន​ឱ្យ​ដឹង​​ថាសហភាព​អឺរ៉ុប​នឹង​ស្នើ​ឱ្យ​មានការ​បញ្ឈប់​ការ​នាំចូល​ប្រេង​ពី​ប្រទេស​រុស្ស៊ី​ជា​ដំណាក់កាល ដែលជា​ផ្នែក​មួយ​នៃ​ការដាក់ទណ្ឌកម្ម​ជុំថ្មីៗប្រឆាំងនឹង​ប្រទេស​រុស្ស៊ី ដោយសារតែ​​ការ​លុកលុយ​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន។

ក្រុម​អ្នកការទូត​បាន​ឱ្យ​ដឹងថាគណៈកម្មការ​អឺរ៉ុបដែល​បង្កើត​ការដាក់ទណ្ឌកម្ម​សម្រាប់​ប្លុក​នេះ បច្ចុប្បន្នកំពុង​រៀបចំ​អត្ថបទ​មួយដែល​អាច​ដាក់ជូន​បណ្ដា​រដ្ឋ​ជា​សមាជិក​ទាំង ២៧ នៅ​ព្រឹក​ថ្ងៃ​ពុធ។

អ្នកការទូត​ជាច្រើន​នាក់​បានឱ្យ​ដឹងថាការហាមឃាត់​ប្រេង​ត្រូវបាន​ធ្វើឡើង ​បន្ទាប់ពី​មានការ​ផ្លាស់ប្តូរ​ដោយ​ប្រទេស​អាល្លឺម៉ង់ ដែល​បាន​ឱ្យ​ដឹងថាវិធានការ​នេះ​នឹង​បង្ក​គ្រោះថ្នាក់​ខ្លាំងពេក​ដល់​សេដ្ឋកិច្ច​របស់ខ្លួន។

លោក JosepBorrell ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុបបាន​ឱ្យ​ដឹងថា ប្រទេស​រុស្ស៊ី​កំពុង​បង្កើន​ការវាយប្រហារ​របស់ខ្លួន​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ធ្វើ​ឱ្យ​ការដាក់ទណ្ឌកម្ម​ថ្មី «ចាំបាច់​បំផុត»។

លោក​ថ្លែងថា៖ «យើង​ត្រូវតែ​ប្រើប្រាស់​សមត្ថភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​យើង​ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​រុស្ស៊ី​សង​ថ្លៃ​សម្រាប់​អ្វីដែល​ខ្លួន​កំពុង​ធ្វើ»។

ប្រភព​បាន​ឱ្យ​ដឹងថាគណៈកម្មការ​នេះនឹង​ស្នើ​ដាក់​ការហាមឃាត់​នេះ​ក្នុង​រយៈពេល​ពី ៦ ទៅ ៨ ខែ ដើម្បី​ផ្តល់​ពេលវេលា​ដល់​បណ្ដា​ប្រទេស​នានា ​ដើម្បី​ធ្វើ​ពិពិធ​កម្ម​ការផ្គត់ផ្គង់​របស់​ពួកគេ។

ការហាមឃាត់​នេះ​តម្រូវ​ឱ្យ​មានការ​គាំទ្រ​ជា​ឯកច្ឆន្ទនិង​នៅតែ​អាច​ត្រូវបាន​រារាំងដោយ​ប្រទេស​ហុង​គ្រី​រំពឹងថា​ នឹងមាន​ការប្រឆាំង​ខ្លាំង ដោយសារតែ​ប្រទេសមួយ​នេះពឹង​ផ្អែកលើ​ប្រេង​របស់​ប្រទេស​រុស្ស៊ី ហើយ​នៅ​ជិត​ស្និ​ទ្ធនឹង​វិមាន​ក្រឹម​ឡាំង។

បណ្ដា​ប្រទេស​ផ្សេងទៀត​មានការ​បារម្ភ​ថាការហាមឃាត់​ប្រេង​នឹង​បង្កើន​តម្លៃ​នៅ​ប្រេង​នៅតាម​ស្ថានីយ នៅពេលដែល​តម្លៃ​ទំនិញប្រើប្រាស់​កំពុង​កើនឡើង​យ៉ាងខ្លាំង​រួចហើយ ដោយសារតែ​សង្គ្រាម​នេះ។

មន្ត្រី​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា៖ «យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​បំផុតចំពោះ​ប្រតិកម្ម​ទីផ្សារ»។

ប្រភព​នេះ​បន្តថា៖ «មាន​ដំណោះស្រាយ​ជាច្រើនហើយ​យើង​នឹង​សម្រេច​ទិសដៅ​នោះ ប៉ុន្តែ​យើង​ត្រូវតែ​ធ្វើ​សកម្មភាព ​ដោយ​ប្រុងប្រយ័ត្ន​បំផុត»។

ទោះបីជា​ប្រទេស​រុស្ស៊ី​នាំចេញ​ប្រេង​ចំនួន​ ២ ភាគ ៣ ទៅកាន់​សហភាព​អឺរ៉ុប​ក៏ដោយក៏​អាមេរិក​បានបង្ហាញ​ការសង្ស័យអំពី ​ការហាមឃាត់​ទាំងស្រុង។

លោកស្រី Janet Yellen រដ្ឋមន្ដ្រីក្រសួង​រតនា​គារបាន​ព្រមាន​ថាវា​អាចមាន​ផលប៉ះពាល់​តិចតួច​លើ​ប្រទេស​រុស្ស៊ី ព្រោះ​វា​នឹង​បង្កើន​តម្លៃ​សម្រាប់​ការនាំចេញ​ ដែល​នៅសល់​របស់ខ្លួន។

ក្រុម​រដ្ឋមន្ត្រីក្រសួង​ថាមពល​សហភាព​អឺរ៉ុប​នឹង​ពិភាក្សា​អំពី​ការហាមឃាត់​នេះនៅពេល​ពិភាក្សា​នៅ​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង​ប្រ៊ុ​ច​សែ​ល ទោះបីជា​ពួកគេ​នឹងមិន​ចុះហត្ថលេខា​លើ​ការសម្រេចចិត្ត​នេះ​ក៏ដោយ។

ក្រុម​អ្នកការទូត​ទាំងនេះបាន​ឱ្យ​ដឹងថា​កញ្ចប់​ទី​ ៦ ​នៃ​វិធានការ​ប្រឆាំង​ប្រទេស​រុស្ស៊ី​នឹង​កំណត់​គោលដៅ​លើ ​Sberbank ជា​ធនាគារ​ឈានមុខ​គេ​របស់​ប្រទេស​នេះដែល​នឹង​ត្រូវបាន​ដក​ចេញពី​ប្រព័ន្ធ​ផ្ញើ​សារ Swift អន្តរជាតិ។

សហភាព​អឺរ៉ុប​បាន​ហាមឃាត់​ការ​នាំចូល​ធ្យូងថ្ម​ពី​ប្រទេស​រុស្ស៊ី​រួចហើយប៉ុន្តែ​ប្រទេស​ប៉ូឡូញ និង​រដ្ឋបាល់​ទិ​កបាន​អំពាវនាវ​ឱ្យ​មានការ​ហាមឃាត់​លើ​ប្រេង​ផងដែរ។

ការ​នាំចូល​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី​នឹង​នៅតែ​មិន​ផ្លាស់ប្តូរ​ឡើយដោយ​ប្រទេស​អាល្លឺម៉ង់​ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​សន្យាថា​នឹង​ផ្ដាច់ខ្លួន​ចេញ​ជាបណ្ដើរៗពី​ឧស្ម័ន​ប្រទេស​រុស្ស៊ីត្រឹម​ពាក់កណ្តាល​ឆ្នាំ ២០២៤។

ការពឹង​ផ្អែកលើ​ថាមពល​របស់​ប្រទេស​រុស្ស៊ី​របស់​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ធំជាងគេ​របស់​អឺរ៉ុប​មួយ​នេះ​ត្រូវបាន​បង្ហាញថា ជា​ភាព​ខ្សោយ​មួយ ខណៈដែល​សម្ព័ន្ធមិត្តរ​បស់​ប្រទេស​លោកខាងលិច​កំពុង​ប្រញាប់ប្រញាល់​ ក្នុងការ​ដាក់ទណ្ឌកម្មលើ​លោកវ្ល៉ា​ឌី​មៀរពូ​ទីនប្រធានាធិបតី​ប្រទេស​រុស្ស៊ី​ ដោយសារតែ​លោក​ប្រ​ធានា​ធិប​តី​រូបនេះវាយប្រហារ​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​៕ LA