គណៈប្រតិភូ​ក្រុមហ៊ុន​ មិត្តហ្វូន ដឹកនាំ​ដោយ​អង្គនាយករង លោក កៅ ម៉ាញឌឹក (Cao ManhDuc) នៅ​ថ្ងៃទី​ ៤ ខែឧសភា ឆ្នាំ​ ២០២២ បាន​ជួបប្រជុំ​ជាមួយ​នឹង​ថ្នាក់​គ្រប់គ្រង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ហើយ​បាន​បរិច្ចាគ​ស៊ីម​កាត​ដែល​អាច​ប្រើ​សេវា​ហៅ​ឆ្លង​ប្រទេស និង​អ៊ិនធើណិត​ចំនួន ៧០០ ស៊ីម ដល់​អត្តពលិក និង​គណៈប្រតិភូ​កម្ពុជា សម្រាប់​ការប្រើប្រាស់​អំឡុងពេល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។

អត្តពលិក និង​គណៈប្រតិភូ​កម្ពុជា​នឹង​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី ​៣១ នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​ទី​ ១២ ដល់​ថ្ងៃទី​ ២៣ ខែឧសភា ឆ្នាំ​ ២០២២​។

ជា​ការជួយ​គាំទ្រ​ដល់​អត្តពលិក និង​គណៈប្រតិភូ​កម្ពុជា​ក្នុង​ការចូលរួម​បេសកកម្ម​កីឡា​នៅ​ប្រទេស​វៀតណាម​នោះ ក្រុមហ៊ុន មិត្តហ្វូន ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឌីជីថល​ឈានមុខ​គេ​នៅ​កម្ពុជា​បាន​ជួយផ្ដល់​ស៊ីមកាត ដែល​អាច​ប្រើប្រាស់​សេវា​ហៅ​ឆ្លង​ប្រទេស និង​អ៊ិនធើណិត ក៏ដូចជា​ចំនួន​នាទី​នៃ​ការហៅ​ចេញ​សម្រាប់​ឱ្យ​ពួកគាត់​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ នៅពេល​កំពុង​ស្ថិតនៅក្នុង​ប្រទេស​វៀតណាម​។

លោក កៅ ម៉ាញឌឹក មានប្រសាសន៍​ថា​៖ «​ក្នុងនាម​ជា​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​អស់​រយៈពេល​ជាង​មួយ​ទសវត្ស​ហើយ​នោះ ក្រុមហ៊ុន​មិត្តហ្វូន តែងមាន​មោទនភាព​ក្នុង​ការ​ចូលរួម​ចំណែក​ត្រលប់​ទៅវិញ​ដល់​សង្គម​កម្ពុជា​។ នៅពេលនេះ យើង​បាន​គាំទ្រ​ដល់​អត្តពលិក និង​គណៈប្រតិភូ​របស់​កម្ពុជា តាមរយៈ​ការផ្ដល់​ស៊ីមកាត ដើម្បីឱ្យ​ពួកគាត់​អាច​ប្រើប្រាស់​ទូរស័ព្ទ និង​សេវា​អ៊ិនធើណិត ដោយ​ឥតគិតថ្លៃ អំឡុងពេល​បេសកកម្ម​របស់ខ្លួន​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី ៣១ នៅក្នុង​ប្រទេស​វៀតណាម​»​។

លោក​បាន​បន្តទៀតថា​៖ «​យើង​សូម​ជូនពរ​ឱ្យ​អត្តពលិក និង​គណៈប្រតិភូ​របស់​កម្ពុជា ធ្វើដំណើរ​ដោយ​សុវត្ថិភាព និង​ពាំ​នាំមក​នូវ​ជោគជ័យ​សម្រាប់​ជាតិ ក៏ដូចជា​បទពិសោធន៍ ក្នុងការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី​ ៣២ នៅ​ឆ្នាំ​ ២០២៣ នៅពេល​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​»​។

មិត្តហ្វូន គឺជា​ក្រុមហ៊ុន​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ឌីជីថល​ឈានមុខ​គេ​នៅ​កម្ពុជា ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ច្រើន​បំផុត សម្រាប់​បម្រើសេវា​ជូន​ប្រជាជន​កម្ពុជា​ប្រមាណ ៩ ​លាន​នាក់​៕