
កម្មករប្រមូលចេកចេញពីចម្ការយកទៅលាងសម្អាត។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម ស្នើឱ្យសមាគមអ្នកនាំចូលកូរ៉េ និងវិនិយោគិនកូរ៉េមកវិនិយោគលើការបង្កើតរោងចក្រកែច្នៃកសិផលមួយចំនួនដូចជា ស្វាយ ចេក និងមៀនជាដើម ដើម្បីនាំចេញផលិតផលសម្រេចទៅទីផ្សារអន្តរជាតិ។
នៅក្នុងជំនួបពិភាក្សាការងារជាមួយសមាគមអ្នកនាំចូលកូរ៉េកាលថ្ងៃទី ៣ ខែឧសភា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗទៀតពីកម្ពុជា ដូចជាមៀន និងចេក ជាដើម បន្ថែមពីលើស្វាយ ដោយលោកបានលើកទឹកចិត្តឱ្យវិនិយោគិនកូរ៉េបង្កើតរោងចក្រកែច្នៃកសិផលនៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារអន្តរជាតិនានា។
លោកបញ្ជាក់ថា៖ «ក្រសួងពាណិជ្ជកម្មត្រៀមខ្លួនជាស្រេចចាំគាំទ្រ និងសម្របសម្រួលដល់ធុរជនដែលមកវិនិយោគនៅកម្ពុជា ពិសេសវិនិយោគិនកូរ៉េ ដោយក្រសួងនឹងផ្តល់អនុសាសន៍ណែនាំឱ្យក្រុមហ៊ុនសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបំពេញបែបបទតាមនីតិវិធី»។
លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េបានឱ្យដឹងថាសមាគមមានសមាជិកប្រមាណ ១៥ ០០០ ក្រុមហ៊ុន និងកំពុងវិនិយោគលើគ្រប់វិស័យទាំងនៅកម្ពុជា និងកូរ៉េ។ លោកបញ្ជាក់ថា៖ «នៅកូរ៉េមានតម្រូវការច្រើនចំពោះផលិតផលស្វាយ ដូចនេះយើងមានគោលបំណងក្នុងការនាំចូលស្វាយពីកម្ពុជាយ៉ាងហោច ១ ម៉ឺនតោនក្នុង ១ ឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ»។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីចហ្វាម អេស៊ា ដែលជាក្រុមហ៊ុន ដាំដុះ និងនាំចេញចេក និងស្វាយទៅទីផ្សារក្រៅប្រទេសបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ៤ ខែឧសភាថា គណៈប្រតិភូនៃសមាគមអ្នកនាំចូលកូរ៉េ ក៏ចុះទៅទស្សនកិច្ចនៅចម្ការចេករបស់លោក និងគ្រោងចុះទៅចម្ការស្វាយបន្តទៀត ដើម្បីមើលពីការដាំដុះ។
លោកបន្តថា នេះជាឱកាសល្អមួយទៀតសម្រាប់ដំណាំសាកវប្បកម្មកម្ពុជាតាមការធ្វើពិពិធកម្មទីផ្សារ ព្រោះកសិផលកម្ពុជាមិនអាចពឹងផ្អែកតែលើទីផ្សារចិនមួយបានទេ។
លោកបញ្ជាក់ថា៖ «មានទីផ្សារកាន់តែច្រើន កាន់តែល្អ ព្រោះករណីដែលមានបញ្ហាទីផ្សាររអាក់រអួល យើងអាចមានច្រកផ្សេងទៀត។ ដូចយើងដឹងហើយក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំនេះគឺមានឧបសគ្គនៃការផ្ទុះជំងឺកូវីដខ្លាំង ពិសេសប្រទេសដែលយើងត្រូវនាំចេញទៅ (ចិន) ដែលមានការបិទខ្ទប់ថែមទៀត។ ហេតុនេះទើបកសិផលកម្ពុជាមួយចំនួនត្រូវកកស្ទះ ពិសេសចេក និងស្វាយ។ មួយវិញទៀតទីផ្សារនៅចិនបិទខ្ទប់ទៀត ធ្វើឱ្យតម្រូវការថយចុះ ដែលធ្វើឱ្យតម្លៃស្វាយធ្លាក់ខ្លាំង ហើយអ្នកនាំចេញភាគច្រើនសម្រេចផ្អាកនាំចេញ»។
លោក វណ្ណ ឫទ្ធី នាយកប្រតិបត្តិនាយកដ្ឋាននាំចេញនៃក្រុមហ៊ុនអង្គរហ្គ្រីនបាននិយាយថា ការពង្រីកទីផ្សារកាន់តែធំកាន់ប្រសើរសម្រាប់ក្រុមហ៊ុននាំចេញ និងកសិករ ប៉ុន្តែសម្រាប់ទីផ្សារកូរ៉េ នៅមានឧបសគ្គមួយចំនួន ដែលរាំងស្ទះដល់ការនាំចេញ។ លោកបន្ថែមថា កន្លងទៅក្រុមហ៊ុនលោកមិនធ្លាប់នាំចេញស្វាយទៅកាន់ទីផ្សារប្រទេសកូរ៉េទេ ដោយសារចម្ការស្វាយ ដែលបានចុះបញ្ជីសម្រាប់នាំចេញទៅកូរ៉េនៅមានតិចតួច ហើយការវេចខ្ចប់ និងការសម្លាប់មេរោគសមាសភាពចង្រៃដោយប្រើម៉ាស៊ីនចំហាយទឹកក្តៅ ក្រុមហ៊ុនមិនទាន់មានលទ្ធភាព ព្រោះត្រូវការដើមទុនច្រើន។
លោកបញ្ជាក់ថា៖ «ការនាំចេញទៅកូរ៉េ មានតែក្រុមហ៊ុន ហ៊ីយ៉ាន់ដាយមួយគត់ដែលមានលទ្ធភាពនាំចេញ និងមានការទទួលស្គាល់ពីរដ្ឋាភិបាលកូរ៉េ និងរដ្ឋាភិបាលកម្ពុជា។ ទោះបីមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មជាមួយកូរ៉េក៏ពិតមែន ប៉ុន្តែរបាំងបច្ចេកទេស និងលក្ខខណ្ឌអនាម័យនៅមានតម្រូវច្រើន ខណៈការដឹកជញ្ជូនមានតម្លៃថ្លៃ និងមិនទាន់រលូននៅឡើយ។ ប៉ុន្តែយើងសង្ឃឹម នៅពេលមានអ្នកទិញកាន់តែច្រើន នឹងជំរុញឱ្យការនាំចេញស្វាយមានកំណើនវិញ ទាំងទីផ្សារ និងតម្លៃ ដើម្បីជួយដល់កសិករ»។
របាយការណ៍អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មបានបង្ហាញថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ការនាំចេញស្វាយស្រស់ និងផលិតផលកែច្នៃពីស្វាយ សុទ្ធតែធ្លាក់ចុះ ដោយក្នុងនោះស្វាយស្រស់មានចំនួន ៨១ ៤១៨,០៧ តោន ថយជាង ២០ ភាគរយ ដំណាប់ស្វាយ ៥ ១៣៦,២៧ តោន ថយជាង ១៣ ភាគរយ និងទឹកសេរ៉ូស្វាយ ចំនួន ៤០៣,៤២ តោន ថយចុះជាង ៧៥ ភាគរយ៕ LA