
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ថ្លែងនាពេលកន្លងទៅ។ រូបថត GDCE
ភ្នំពេញៈ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធអាករពីរថយន្តគ្មានពន្ធមានស្រាប់នៅក្នុងប្រទេសជ្រកក្រោមស្លាកលេខផ្សេងៗមានតម្លៃទឹកប្រាក់ជិត ៦៥ លានដុល្លារពីរថយន្តប្រមាណជិត ៧ ០០០ គ្រឿងនារយៈពេល ៨ ខែកន្លងមក។
នៅក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់នៅក្នុងប្រទេសជ្រកក្រោមស្លាកលេខផ្សេងៗ កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២២ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានថ្លែងថា ចាប់ពីខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២២ ការមកប្រកាសបង់ពន្ធអាករ និងកក់ប្រាក់សម្រាប់រថយន្តចង្កូតឆ្វេង និងរថយន្តចង្កូតស្តាំ មានសរុប ៦ ៩២២ គ្រឿងដែលមានទឹកប្រាក់ជិត ៦៥ លានដុល្លារ។
លោកបន្ថែមថា ក្នុងចំណោមរថយន្តជិត ៧ ០០០ គ្រឿងនេះមានរថយន្តចង្កូតស្តាំ ៤ ៦៩០ គ្រឿងបានបង់ពន្ធ និងបានបង្វែរប្រាក់កក់ទៅជាប្រាក់ពន្ធរួចហើយ ហើយរដ្ឋអាចយកទៅប្រើប្រាស់បានមានប្រមាណជាង ៤៦ លានដុល្លារ។ ក្នុងនោះមានរថយន្តចង្កូតស្តាំកែចង្កូតរួចហើយប្រមាណ ២ ៣៥៨ គ្រឿង និងមានជាង ២ ២៣២ គ្រឿងទៀតកំពុងកែតម្រូវនៅតាមយានដ្ឋាន ដោយគិតជាទឹកប្រាក់ត្រូវបង់ពន្ធអាករមានប្រមាណ ១៣ លានដុល្លារ។
លោកបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ យើងបានអនុវត្តឡើងវិញចំពោះការបង្ក្រាបរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រកក្រោមស្លាកលេខផ្សេងៗទូទាំងប្រទេស បង្ក្រាបរថយន្តគ្មានពន្ធចំនួន ១៧៨ គ្រឿង ក្នុងនោះរថយន្តចង្កូតស្តាំ ៧ គ្រឿង។ ការបង្ក្រាបនេះម្ចាស់រថយន្តត្រូវបង់ពន្ធអាករផង និងពិន័យជាប្រាក់ផង ហើយមានរថយន្តតែ ៣១ គ្រឿងប៉ុណ្ណោះ ដែលបានចូលមកដោះស្រាយ ដែលមានទឹកប្រាក់ជាង ៦៥ ម៉ឺនដុល្លារ»។
លោកប៉ាន់ស្មានថា៖ «រថយន្តគ្មានពន្ធទាំង ១៧៨ គ្រឿងនេះនឹងត្រូវបង់ពន្ធអាករផង និងពិន័យផង ដែលរដ្ឋនឹងទទួលបានប្រាក់ពន្ធអាករ និងពិន័យសរុបជិត ៤ លានដុល្លារ ហើយបើបូកសរុបទាំងអស់មានប្រមាណជិត ៦៥ លានដុល្លារ»។
បើតាមលោក គុណ ញឹម នៅមានរថយន្តប្រមាណជាង ៣ ពាន់គ្រឿងទៀត ដែលមិនបានចូលខ្លួនមកបង់ពន្ធនៅឡើយ។ លោកបញ្ជាក់ថា ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២២ តទៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពុំមានសិទ្ធិទទួលបង់ពន្ធរថយន្តមានស្រាប់ក្នុងប្រទេសទៀតទេ ដោយរថយន្តដែលនាំចូលទាំងនោះត្រូវបង់ពន្ធនៅមាត់ច្រកព្រំដែន។ តួនាទីភារកិច្ចសំខាន់របស់គយ គឺបង្ក្រាបរថយន្ត យានយន្ត និងទំនិញគ្មានពន្ធដទៃទៀតដែលមានក្នុងប្រទេសដោយបានលួចនាំចូលមកតាមវិធីផ្សេងៗ។ ចំពោះរថយន្តចង្កូតឆ្វេង ដែលបង់ពន្ធក្រោយថ្ងៃទី ៣០ ខែមិថុនា នឹងត្រូវបង់ទាំងពន្ធអាករ និងប្រាក់ពិន័យ។ ដោយឡែករថយន្តចង្កូតស្តាំ នៅពេលបង្ក្រាបបានត្រូវដោះបំណែករថយន្ត បំប្លែងពីរថយន្តទៅជាគ្រឿងបំណែករថយន្ត ឬកម្ទេចចោល។
លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ថា ការប្រមូលពន្ធគយមានតួនាទីដ៏សំខាន់ក្នុងការកៀរគរថវិកាជូនរដ្ឋ ពិសេសពន្ធលើយានយន្ត ដែលជាចំណូលដ៏ច្រើន។
លោកនិយាយថា៖ «ម្ចាស់យានយន្តគួរភ្ញាក់រឭកក្នុងការបំពេញកាតព្វកិច្ចជាពលរដ្ឋ។ បើគិតពីចំនួនរថយន្តប្រមាណ ៣ ពាន់គ្រឿងទៀតដែលមិនទាន់ទៅបង់ពន្ធ គឺជាចំនួនថវិកាច្រើនគួរសមដែរ។ ការបាត់ចំណូលពន្ធគយអាចធ្វើឱ្យប៉ះពាល់ដល់ផែនការស្តារសេដ្ឋកិច្ច ដោយសារវិបត្តិកូវីដ ១៩ ដែលរដ្ឋាភិបាលបានដាក់ចេញ»៕ LA