តម្លៃ​មាស​បាន​ធ្លាក់ចុះ​កាលពី​ថ្ងៃ​អង្គារ ដោយ​បាន​ខិតជិត​ដល់​កម្រិត​ទាប​បំផុត ចាប់តាំងពី​ពាក់កណ្តាល​ខែកុម្ភៈ ដោយសារ​ការរំពឹងទុក​នៃ​ការដំឡើង​អត្រា​ការប្រាក់​ដោយ​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក និង​ស្ថានភាព​ល្អប្រសើរ​នៃ​រូបិយប័ណ្ណ​​ដែល​បានធ្វើឱ្យ​ទីផ្សារ​មាស​ធ្លាក់ចុះ​។

សប្តាហ៍​នេះ​តម្លៃ​មាស​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី ១ ៩៩៨ ចុះ​ដល់ ១ ៨៦០ ​ដុល្លារ ក្នុង​ ១ ​អោនស៍​។ គណៈកម្មាធិការ​ទីផ្សារ​បើកចំហ ឬ Federal Open Market Committee (FOMC) របស់​ធនាគារ​កណ្តាល​អាមេរិក ឬ Federal Reserve (Fed) នឹង​ចាប់ផ្តើម​កិច្ចប្រជុំ​របស់ខ្លួន​លើ​អត្រា​ការប្រាក់ ហើយ​វា​ត្រូវបាន​គេ​ជឿជាក់​ថា Fed នឹង​ដំឡើង​អត្រា​ការប្រាក់​សំខាន់ៗ​ចំនួន ០,៥% ចំពេល​អតិផរណា​មាន​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល ៤០ ​ឆ្នាំ​។

លោក ឈា ឆាយហេង ប្រធាន​ផ្នែក​ប្រឹក្សាយោបល់​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បាន​លើកឡើងថា អត្រា​ការប្រាក់​កាន់តែ​ខ្ពស់​នឹងដាក់​សម្ពាធ​លើ​តម្លៃ​មាស​។ តម្លៃ​មាស​ប្រឈម​មុខ​នឹង​ហានិភ័យ ដោយបាន​ធ្លាក់ចុះ​រយៈពេល​ខ្លី​ក្នុង​ចន្លោះ​ពី ១ ៨១០ ទៅ ១ ៧៩០ ​ដុល្លារ​។ ចំណែក​ប្រាក់​ដុល្លារ​នៅតែ​ស្ថិតនៅ​ជិត​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល ២០ ​ឆ្នាំ​ចុង​ក្រោយនេះ ដែល​ធ្វើឱ្យ​ទីផ្សារ​មាស​មិនសូវ​ទាក់ទាញ​វិនិយោគិន​អន្តរជាតិ ខណៈដែល​ទិន្នផល​រតនាគារ​គោល​រយៈពេល ១០ ​ឆ្នាំ ស្ថិតក្នុង​កម្រិត ៣% ជា​លើក​ដំបូង​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​ ២០១៨ ដែលជា​កត្ដា​ចិត្ដសាស្ដ្រ​ទីផ្សារ​ដ៏សំខាន់​មួយ​។

តាម​ផ្នែក​បច្ចេកទេស តម្លៃ​មាស​កំពុង​ប្រែប្រួល​ក្នុងទិសដៅ​ធ្លាក់ចុះ​នៅលើ​របារ​ប្រចាំថ្ងៃ​។ ចំណុច​តម្លៃ​ខ្ពស់​ទី​ ១ ត្រូវបាន​​គេ​មើលឃើញ​នៅ​តម្លៃ ១ ៨៨៣ ​ដុល្លារ ហើយ​បន្ទាប់មក​នៅ​តម្លៃ ១ ៩០០ ​ដុល្លារ​។ សម្រាប់​ចំណុច​តម្លៃ​ទាប​ទី​ ១ គឺ​នៅ​តម្លៃ ១ ៨៥៣,៤០ ​ដុល្លារ និង​ចំណុច​បន្ទាប់​នៅ​តម្លៃ ១ ៨០០ ​ដុល្លារ​៕