ទីក្រុង​ណៃ​រ៉ូ​ប៊ី ប្រទេស​កេ​ន​យ៉ាៈ ពី​ភាគខាងត្បូង​ប្រទេស​អេ​ត្យូ​ពី រហូតដល់​ភាគ​ខាងជើង ប្រទេស​កេ​ន​យ៉ា និង​ប្រទេស​សូ​ម៉ាលី ទឹកដី​ជាច្រើន​នៅ​ទូទាំង​តំបន់ Horn នៃ​ទ្វីបអាហ្វ្រិក កំពុង​ត្រូវបាន​បំផ្លិចបំផ្លាញ ​ដោយ​គ្រោះរាំងស្ងួត ដែល​បានធ្វើឱ្យ​មនុស្ស ២០ លាន​នាក់​ប្រឈម​នឹង​ការអត់ឃ្លាន។

សន្និសីទ​ម្ចាស់ជំនួយ​កាលពី​សប្តាហ៍​មុន​បាន​កៀរគ​ប្រាក់​បាន​ជិត ១,៤ ពាន់​លាន​ដុល្លារ​សម្រាប់​តំបន់​ដែល​អង្គការ​សហ​ប្រជាជាតិ​និយាយ​ថា កំពុង​ប្រឈម​នឹង​គ្រោះរាំងស្ងួត​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ ៤០ ​ឆ្នាំ។

នៅ​តំបន់​រងគ្រោះ ប្រជាជន​ភាគច្រើន​ប្រកប​របរ​ចិញ្ចឹមជីវិត​ពី​ការធ្វើ​កសិកម្ម​ជាប្រចាំ។

ប្រជាជន​នៅ​តំបន់​នោះ​កំពុង​ជួបប្រទះ​នូវ​រដូវវស្សា​ដ៏​ក្រៀមក្រំ​ជា​លើក​ទី ៤ របស់​ពួកគេ ​ចាប់តាំងពី​ចុង​ឆ្នាំ ​២០២០​ ដែលជា​ស្ថានភាព​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយ​ការ​លុកលុយ​របស់​សត្វ​កណ្តូប ដែល​បាន​បំផ្លាញ​ដំណាំ​រវាង​ឆ្នាំ ២០១៩​ និង​ ២០២១​នោះ។

កម្មវិធី​ស្បៀងអាហារ​ពិភពលោក (WFP) របស់​អង្គការ​សហប្រជាជាតិ​បាន​ឱ្យដឹង​កាលពី​ខែ​មុន​ថា៖«ចំនួន​អ្នក​ស្រេកឃ្លាន​ដោយសារ​គ្រោះ​រាំងស្ងួត​អាច​កើន​ឡើង​ពី១៤លាន​នាក់​ទៅ​ ២០ លាន​នាក់​ដែល​បាន​ប៉ាន់​ប្រមាណ​សម្រាប់​ឆ្នាំ ​២០២២»។

ទីភ្នាក់ងារ​ឆ្លើយតប​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ OCHA បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា ប្រជាជន​សូ​ម៉ាលី ៦ លាន​នាក់ ដោយ ៤០ ភាគរយ​នៃ​ប្រជាជន​កំពុង​ប្រឈមមុខ​នឹង​កម្រិត​អសន្តិសុខ​ស្បៀង​យ៉ាងខ្លាំង ហើយ​មាន «ហានិភ័យ​ជាក់ស្តែង​ណាស់ នៃ​គ្រោះ​ទុរ្ភិក្ស​ក្នុង​ប៉ុន្មាន​ខែ​ខាងមុខនេះ» ប្រសិនបើ​ស្ថានភាព​បច្ចុប្បន្ន​កើតមាន។

OCHA បាន​និយាយថា ប្រជាជន ៦,៥ លាន​នាក់​ផ្សេងទៀត​នៅក្នុង​ប្រទេស​អេ​ត្យូ​ពី​គឺ​កើតមាន «អសន្តិសុខ​ស្បៀង​យ៉ាងធ្ងន់ធ្ងរ» ក៏ដូចជា ៣,៥ លាន​នាក់​នៅក្នុង​ប្រទេស​កេ​ន​យ៉ា។

OCHA បាន​និយាយថា នៅ​ទូទាំង​តំបន់ មនុស្ស១លាន​នាក់​ត្រូវបាន​ផ្លាស់ចេញ ពី​ផ្ទះ​របស់​ពួកគេ​ដោយ​កង្វះខាត​ទឹក និង​វាលស្មៅ ហើយ​យ៉ាងហោចណាស់​ក៏​សត្វ​ចិញ្ចឹម ៣ លាន​ក្បាល បាន​បាត់​បង់ជីវិត។

លោក Chimimba David Phiri តំណាង​អង្គការ​ស្បៀងអាហារ និង​កសិកម្ម​ប្រចាំ​នៅ​សហភាព​អាហ្វ្រិក​បាន​និយាយ​នៅក្នុង​សន្និសីទ​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ក្នុង​ខែមេសា​ថា៖«យើង​ត្រូវធ្វើ​សកម្មភាព​ឥឡូវនេះ... ប្រសិនបើ​យើង​ចង់​ការពារ​មហន្តរាយ​មនុស្សធម៌»។

អ្នកជំនាញ​និយាយថា ព្រឹត្តិការណ៍​អាកាសធាតុ​ដ៏​ហួសហេតុ​កំពុង​កើតឡើង​ញឹកញាប់ និង​កម្រិត​ខ្លាំង​ឡើង​ដោយសារ​ការប្រែប្រួល​អាកាសធាតុ។

ស្ថានភាព​ដ៏​អាក្រក់​នៅក្នុង​តំបន់ Horn នៃ​ទ្វីបអាហ្វ្រិក​ត្រូវបាន​ពង្រីក​ដោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ដែល​បានរួម​ចំណែក​ដល់​ការកើនឡើង​ថ្លៃ​ម្ហូប​អាហារ និង​ប្រេង​ឥន្ធនៈ រំខាន​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​សកល និង​បង្វែរ​ប្រាក់​ជំនួយ​ចេញពី​តំបន់។

លោកស្រី Catherine Russell នាយក​ប្រតិបត្តិ​អង្គការ UNICEF បាន​និយាយថា កុមារ ១០ លាន​នាក់​នៅ Djibouti, Ethiopia, Kenya និង Somalia ត្រូវការ​ជំនួយ​សង្គ្រោះ​ជីវិត​ជាបន្ទាន់​ដោយសារតែ​វិបត្តិ​នេះ។

លោកស្រី​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល៤ថ្ងៃ​ទៅកាន់​ប្រទេស​អេ​ត្យូ​ពី​កាលពី​សប្តាហ៍​មុន​ថា៖«កុមារ​សរុប​ចំនួន ១,៧ លាន​នាក់​ខ្វះ អាហារូបត្ថម្ភ​យ៉ាងធ្ងន់ធ្ងរ​នៅ​ទូទាំង​អនុតំបន់»។

លោក Russell បាន​និយាយថា កង្វះ​ទឹកស្អាត​កំពុង​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ក្នុងចំណោម​កុមារ ខណៈដែល​មនុស្ស​រាប់សែន​នាក់​បាន​បោះបង់​ការ​សិក្សា ​មនុស្ស​ជាច្រើន​ត្រូវធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ដើម្បី​ស្វែងរក​អាហារ និង​ទឹក៕ RR