ទីក្រុង​ញូវយ៉កៈ នាយក​ប្រតិបត្តិ​បណ្ដោះអាសន្ន​របស់​ក្រុមហ៊ុន​Starbucks លោក Howard Schultz កាលពី​ថ្ងៃ​អង្គារ បានបង្ហាញ​ការវិនិយោគថ្មីៗនៅក្នុង​ការបើក​ហាង និង​បន្ថែម​បុគ្គលិក​នៅ​សហរដ្ឋអាមេរិក ស្របពេល​ក្រុមហ៊ុន​កំពុង​ស្វែងរក​ការដឹកនាំ​យុទ្ធនាការ​បង្រួបបង្រួម ខណៈ​ខ្លួន​រាយការណ៍​ពី​ការលក់​ដ៏​ខ្លាំង​នៅ​អាមេរិក​ខាងជើង ដែល​ប៉ះប៉ូវ​នូវ ភាពទន់ខ្សោយ​នៅក្នុង​ប្រទេស​ចិន។

លោក Schultz ដែលជា​ស្ថាបត្យករ​យូរអង្វែង​របស់ Starbucks ដែល​ត្រូវបាន​ជ្រើសរើស​ជា​នាយក​ប្រតិបត្តិ​បណ្តោះអាសន្ន​នៅក្នុង​ខែមីនា បាន​និយាយថា ក្រុមហ៊ុន​មាន​គម្រោងរ​វិនិយោគ​បន្ថែម ២០០ លាន​ដុល្លារ​នៅក្នុង «អាជីវកម្ម​សំខាន់​នៅ​អាមេរិក​របស់​យើង»នៅ​ឆ្នាំ ២០២២ នេះ។

លោក Schultz បាន​និយាយថា «យើង​មិនមាន​សមត្ថភាព​គ្រប់គ្រាន់​ទេ»ដោយ​គូសបញ្ជាក់​ការវិនិយោគ​ថ្មី​លើ​សម្ភារ​ហាង និង​បច្ចេកវិទ្យា​ដែល​ត្រូវការ​ដើម្បី​ដោះស្រាយ​ការកើនឡើង និង​ការផ្លាស់ប្តូរ​តម្រូវការ នៅពេលដែល​អ្នកប្រើប្រាស់​កាន់តែច្រើន​បញ្ជា​ទិញ​តាមរយៈ​បណ្តាញទូរស័ព្ទ។លោក Schultz ក៏បាន​ប្រកាស​ពី​ការដំឡើង​ប្រាក់​ឈ្នួល​ផ្សេងទៀត​ផងដែរ ទាក់ទង​នឹង​ការផ្លាស់ប្តូរ​បុគ្គលិក​ដែល​កើនឡើង​អំឡុងពេល​ជំងឺ​រាតត្បាត។

លោក Schultz បាន​និយាយថា «យើង​តែងតែ​នាំមុខគេ ប៉ុន្តែ​យើង​ត្រូវតែ​ទទួលស្គាល់ថា យើង​មិនទាន់​បានធ្វើ​គ្រប់គ្រាន់​ទេ»។ «ហើយ​ខ្ញុំ​គិតថា យើង​ត្រូវ​ទទួលស្គាល់ថា មាន​សម្ពាធ​ច្រើន​មកលើ​ប្រជាជន​របស់​យើង»។

ការប្រកាស​នេះ​បាន​ធ្វើឡើង​នៅពេលដែល​ក្រុមហ៊ុន Starbucks បាន​រាយការណ៍​ពី​ការកើនឡើង ២,៣ ភាគរយ​នៃ​ប្រាក់ចំណេញ​ដល់ ៦៧៤,៥ លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ដែល​បញ្ចប់​នៅ​ថ្ងៃទី ៣ ខែមេសា បន្ទាប់ពី​ការកើនឡើង ១៤,៥ ភាគរយ​នៃ​ប្រាក់ចំណូល​ដល់ ៧,៦ ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន​កាហ្វេ​យក្ស​មួយ​នេះ ទទួលបាន​ការកើន​ឡើង ​១២ ​ភាគរយ​ក្នុង​ការលក់​ដែល​ប្រៀបធៀប​នៅ​អាមេរិក​ខាងជើង ​ខណៈពេលដែល​ទទួលរ​ង​នូវ​ការធ្លាក់ចុះ 23 ​ភាគរយ​នៅក្នុង​ប្រទេស​ចិន ​ចំពេល​មានការ​ផ្ទុះឡើង​នៃ​កូ​វីដ ១៩ ​ចុងក្រោយ​បង្អស់​របស់​ប្រទេស​នោះ។

ដោយ​មើលឃើញ​ពី​ភាពមិនច្បាស់លាស់​លើ​ប្រទេស​ចិន និង​ទស្សនវិស័យ​អតិផរណា ក្រុមហ៊ុន Starbucks មិនបាន​ផ្តល់​ការ​ព្យាករ​សម្រាប់​រយៈពេល​ដែល​នៅសល់​នៃ​ឆ្នាំនេះ។

ទោះជា​យ៉ាងណាក៏ដោយ ភាគហ៊ុន​បាន​កើនឡើង​ខ្ពស់​ក្នុងអំឡុងពេល សន្និសីទ ខណៈដែល​លោក Schultz បាន​សង្កត់ធ្ងន់​លើ​ភាពរឹងមាំ​នៃ​តម្រូវការ ដោយ​កត់សម្គាល់ថា ក្រុមហ៊ុន​បាន​អនុវត្ត​ការដំឡើង​តម្លៃ​ជាច្រើន​កាលពី​ឆ្នាំមុន​ជាមួយនឹង​ផលប៉ះពាល់ «តិចតួច»លើ​ការលក់៕ RR