ទីក្រុង​ឡុង​ដ៍ៈធនាគារកណ្តាល​អង់គ្លេស (BoE) នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះត្រូវបាន​គេ​រំពឹងថា ​នឹង​ដំឡើង​អត្រា​ការប្រាក់​ជា​លើក​ទី​ ៤ ដើម្បី​ទប់ស្កាត់​អតិផរណា ​ដែល​កំពុង​បង្កើនល្បឿន ដែល​កំពុង​បង្កឱ្យមាន​វិបត្តិ​តម្លៃ​លើ​ការរស់នៅ។

ក្រុម​អ្នកសេដ្ឋកិច្ច​បាន​ព្យាករយ៉ាង​ទូលំទូលាយ​ថា BoE នឹង​ដំឡើង​ថ្លៃដើម​កម្ចី​ចម្បង​របស់ខ្លួន​ពី ០,២៥ ទៅ ១ ភាគរយដែល​នឹង​ក្លាយជា​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​ក្នុង​ឆ្នាំ ២០០៩ នៅឯ​កិច្ចប្រជុំ​គោលនយោបាយ​ជា​ទៀងទាត់​នោះ។

ការសម្រេចចិត្ត​នេះ​កើតមានឡើង​នៅពេលដែល​ប្រជាជន​អង់គ្លេស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នាំគ្នា​ទៅបោះឆ្នោត​ក្នុងការ​បោះឆ្នោត​ក្នុង​តំបន់ ​ដែល​ត្រូវបាន​គេ​មើលឃើញថា​ជាការ​សាកល្បង​ពាក់កណ្ដាល​អាណត្តិ​ សម្រាប់​នាយករដ្ឋមន្ត្រី Boris Johnson ដែលមាន​ជម្លោះ។

វា​ក៏​ធ្វើតាម​ការសម្រេចចិត្តរ​បស់​ធនាគារកណ្តាល​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ក្នុង​ការដំឡើង​អត្រា​ការប្រាក់​ដល់​ចំនួន ០,៥០ ភាគរយ ​ដើម្បី​ទប់ស្កាត់​អតិផរណា​នៅ​ផ្នែក​ម្ខាង​ទៀត។

ធនាគារកណ្តាល​នៅ​ទូទាំង​ពិភពលោក​កំពុង​ដំឡើង​អត្រា​ការប្រាក់ ដោយ​សំអាង​ទៅលើ​អតិផរណា​ស្ថិតនៅ​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍។

តម្លៃ​កំពុង​កើនឡើង​នៅពេលដែល​សេដ្ឋកិច្ច​បើក​ឡើងវិញ​ពី​ការរារាំង​ការធ្វើដំណើរ​ ដោយសារជំងឺ​រាតត្បាតនិង​បន្ទាប់ពី​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ​ដែល​កំពុង​ជំរុញ​ឱ្យ​ការចំណាយ​ថាមពល​ខ្ពស់​រួចទៅហើយ។

លោក FawadRazaqzada អ្នកវិភាគ​នៅ​ក្រុមហ៊ុន City Index បាន​កត់សម្គាល់ថា៖ «ការដំឡើង​អត្រា​ការប្រាក់២៥ពិន្ទុ​មូលដ្ឋានពី​គណៈកម្មាធិការ​គោលនយោបាយ​រូបិយវត្ថុ​របស់​ធនាគា​រ​អង់គ្លេស (MPC) នៅ​ថ្ងៃ​ព្រហស្បតិ៍​មើលទៅ​ដូចជា​ការសន្និដ្ឋាន​ពីមុនហើយ​ដូច្នេះ​ ការផ្តោត​អារម្មណ៍​របស់​អ្នកវិនិយោគ​នឹង​ផ្តោតលើ​ការណែនាំ​អំពី​ការកើនឡើង​បន្ថែមទៀត​នៃ​ការចំណាយ​លើ​ការខ្ចីប្រាក់​នៅក្នុង​កិច្ចប្រជុំ​នាពេលខាងមុខ»។

លោក Andrew Bailey អភិបាល BoE ទទូចថាធនាគារកណ្តាល​កំពុង​ស្វែងរក​ការដោះស្រាយ​អតិផរណា​ខ្ពស់ ខណៈពេលដែល​បញ្ចៀសប្រទេស​អង់គ្លេស​ពី​ការធ្លាក់​ចូលទៅក្នុង​វិបត្តិ​សេដ្ឋកិច្ច។

ថ្មីៗនេះលោក​បាន​ព្រមាន​ថាការថយចុះ​ប្រាក់ខែ​របស់​កម្មករ ដោយសារ​អតិផរណា​ខ្ពស់​នឹង​បណ្តាលឱ្យមាន​ការធ្លាក់ចុះ​នៃ​កំណើន។

អត្រា​អតិផរណា​ប្រចាំឆ្នាំ​របស់​ចក្រភព​អង់គ្លេស​ឈរ​នៅ​កម្រិត​ខ្ពស់បំផុត​ក្នុង​រយៈពេល​ ៣ ទសវត្សរ៍។

ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​ថា​អតិផរណា​បាន​កើនឡើង​ដល់ ៧ ភាគរយ​នៅក្នុង​ខែមីនាដោយ​កើន​ពី ៦,២ ភាគរយ​នៅក្នុង​ខែកុម្ភៈ។

​ចំណែកឯធនាគារកណ្តាល​អង់គ្លេស​បាន​ព្យាករថា​អតិផរណា​ប្រចាំឆ្នាំ​របស់​ចក្រភព​អង់គ្លេស​​អាចឈាន​ដល់​តួលេខ ​២ ​ខ្ទង់នៅ​ចុង​ឆ្នាំនេះ៕ RR