ទីក្រុង​ហ្វ្រេ​ង​ហ្វឺ​តៈ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​អាល្លឺម៉ង់ Lufthansa កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​ថា ក្រុមហ៊ុន​បាន​កាត់បន្ថយ​ការខាតបង់​ក្នុង​ត្រីមាស​ទី ១ និង​មើលឃើញ​កំណើន​ចរាចរណ៍​ភ្ញៀវទេសចរ នៅ​រដូវក្តៅ ខណៈដែល​តម្រូវការ​ងើបឡើង​វិញ ពី​ជំងឺ​រាតត្បាត។

ការខាតបង់​សុទ្ធ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុង​រយៈពេល៣ខែ​ដំបូង​នៃ​ឆ្នាំ ២០២២ មាន​ចំនួន ៥៨៤ លាន​អឺរ៉ូ (៦២០ លាន​ដុល្លារ) ធ្លាក់ចុះ​ពី ១ ពាន់​លាន​អឺរ៉ូ​នៅក្នុង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន។

លទ្ធផល​ដែល​ប្រសើរឡើង​បណ្តាលមកពី ការកើនឡើង​នៃ​ចរាចរណ៍​ផ្លូវអាកាស នៅពេលដែល​ការ​រឹតបន្តឹង​ទាក់ទង​នឹង​វីរុស​កូ​វីដ ត្រូវបាន​ដកចេញ នៅក្នុង​ប្រទេស​ជាច្រើន និង​ការភ័យខ្លាច​ចំពោះ​វីរុស​បំប្លែង​អូ​មី​ក្រុង​បាន​ធ្លាក់ចុះ។

ចំនួន​អ្នកដំណើរ​នៅលើ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​ Lufthansa «ច្រើនជាង៤ដង» នៅក្នុង​ត្រីមាស​ទី ១ ដល់ ១៣ លាន​នាក់ ពី ៣ លាន​នាក់​ក្នុង​ឆ្នាំ ២០២១ នៅពេលដែល​ការ​រឹតបន្តឹង​ការធ្វើដំណើរ​កាន់តែ​តឹងរ៉ឹង​នៅក្នុង​ទីផ្សារ​ជាច្រើន។

លោក Carsten Spohr នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Lufthansa បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «ការ​កក់​ថ្មី​កំពុង​កើនឡើង​ពី ១ សប្តាហ៍​ទៅ ១ សប្តាហ៍» ជាមួយនឹង​តម្រូវការ​កើនឡើង​យ៉ាងខ្លាំង​ក្នុងចំណោម​អ្នកធ្វើដំណើរ​កម្សាន្ត។

ក្រុមហ៊ុន Lufthansa បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «មនុស្ស​កាន់តែច្រើន​ត្រូវបាន​គេ​រំពឹងថា​នឹងធ្វើ​ដំណើរ ក្នុង​ថ្ងៃ​វិស្សមកាល​ជាមួយ​ក្រុមហ៊ុន​ជាងពេលណាៗទាំងអស់​ក្នុង​រដូវក្តៅ​នេះ»។

សម្រាប់​ការធ្វើដំណើរ​អាជីវកម្ម ការ​ស្ទុះ​ងើបឡើង​វិញ​មាន​ភាពយឺតយ៉ាវ ដោយ​ក្រុម​នេះ​រំពឹងថា​ចរាចរណ៍​នឹង​ឈានដល់ «ប្រហែល ៧០ ភាគរយ» នៃ​កម្រិត​មុន​ស្ថានភាព​ជំងឺ​រាតត្បាត នៅ​ចុង​ឆ្នាំនេះ។

សរុបមក ក្រុមហ៊ុន Lufthansa រំពឹងថា​នឹង​ផ្តល់ «ប្រហែល ៧៥ ភាគរយ» នៃ​សមត្ថភាព​មុន​វិបត្តិ​របស់ខ្លួន​ក្នុងឆ្នាំនេះ។

Lufthansa បាន​និយាយថា ផ្នែក​ដឹកទំនិញ​របស់​ក្រុមហ៊ុន​មាន« លទ្ធផល​ខ្ពស់​ជា​កំណត់ត្រា» នៅក្នុង​ត្រីមាស​ទី ១ ខណៈដែល​តម្រូវការ​ស​ម្រា​ប់​ការដឹកជញ្ជូន​នៅតែមាន​កម្រិត​ខ្ពស់ ចំពេល​មាន​ភាពចលាចល​នៅក្នុង​ខ្សែចង្វាក់​ផ្គត់ផ្គង់​ពិភពលោក។

ផ្នែក​នេះ​បាន​កត់ត្រា​ប្រាក់ចំណេញ​ប្រតិបត្តិការ​ចំនួន ៤៩៥ លាន​អឺរ៉ូ កើនឡើង​ពី ៣១៥ លាន​អឺរ៉ូ​នៅក្នុង​ត្រីមាស​ទី ១ នៃ​ឆ្នាំ ២០២១ មក​នោះ៕ RR