ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​រកចំណូល​បាន​ប្រមាណ​ជិត ៨២០ ​លាន​ដុល្លារ​ក្នុង​រយៈពេល ៤​ ខែ ដើមឆ្នាំ​ ២០២២ ដែល​ទឹកប្រាក់​នេះ​ស្មើនឹង​ជាង ៣១ ​ភាគរយ​នៃ​ផែនការ​កំណត់ ដោយ​ច្បាប់​ថវិកាជាតិ​ឆ្នាំ​ ២០២២​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​ដោយផ្ទាល់ និង​តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ​ស្ដីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការប្រមូល​ពន្ធ​លើ​យានយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល​ដែលមាន​ស្រាប់​ក្នុង​ប្រទេស លើក​ទី​ ៥ លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បាន​ថ្លែងថា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប្រមូល​ចំណូល​បាន​ចំនួន ២៣,១៧ ​ភាគរយ​នៃ​ផែនការ​កំណត់ដោយ​ច្បាប់ គិត​ជា​ទឹកប្រាក់​មាន​ចំនួន​ជិត ៦០០ ​លាន​ដុល្លារ​។ ដោយឡែក​ក្នុង​ខែមេសា​កន្លងទៅ គយ​ប្រមូល​ចំណូល​បាន​ជាង ២២០ លាន​ដុល្លារ លើស​ខែមីនា​ជាង ៥ ​លាន​ដុល្លារ ដែល​ស្មើនឹង ៨,៥ ​ភាគរយ​នៃ​ផែនការ​ច្បាប់​ថវិកា ឆ្នាំ​ ២០២២​។

លោក​បាន​បន្ថែមថា តាម​ផែនការ​កំណត់​របស់​អគ្គនាយកដ្ឋាន​គយ ការប្រមូល​ពន្ធ​ត្រូវ​សម្រេច​ឱ្យបាន​ជាង ២ ៤០០ ​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ ២០២២ នេះ​។ លោក​បន្តថា ចំណូល​តាម​ផែនការ​ដែល​ដាក់ចេញ​ក្នុង​ឆ្នាំ​ ២០២២​ នេះ ទាប​ជាង​ចំណូល​តាម​ផែនការ​ក្នុង​ឆ្នាំ ​២០២១ បន្តិច ដោយសារ​ការព្យាករ​រៀបចំ​ផែនការ​នៅក្នុង​កាលៈទេសៈ​កូវីដ​ ១៩ ​នេះ​មាន​ការលំបាក​។

លោក​បញ្ជាក់ថា​៖ «​ការវិវឌ្ឍ ឬ​បច្ច័យ​ដែល​កើតឡើង​ដោយសារតែ​កូវីដ​ ១៩ ​នេះ​មិនអាច​ប៉ាន់ប្រមាណ​បាន​។ ការរៀបចំ​ផែនការ​សម្រាប់​ឆ្នាំ ​២០២៣ រៀបនឹង​ចេញ​ដោយ​ពឹង​លើ​កត្តា​បើក​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​ឆ្នាំ​ ២០២១ ដោយ​យល់ថា ឆ្នាំ​ ២០២២ នេះ​នឹង​អាច​ងើប​ចេញពី​កូវីដ​ ១៩ ប៉ុន្តែ​ស្រាប់តែ​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយក្រែន​នាំឱ្យ​ការព្យាករ​ត្រូវ​ប្រែប្រួល​»​។

ទោះបី​យ៉ាងណា លោក គុណ ញឹម អះអាងថា ក្នុង​ឆ្នាំ​ ២០២២ នេះ អគ្គនាយកដ្ឋាន​គយ​នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្ត​នូវ​អ្វីដែល​មានចែង​ក្នុង​ផែនការ​សកម្មភាព​ប្រចាំឆ្នាំ និង​អនុវត្ត​នូវ​យុទ្ធសាស្ដ្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​របស់​រាជរដ្ឋាភិបាល​ផង​។ បែបនេះ​ក្ដី​លោក​ថា សេដ្ឋកិច្ចកម្ពុជា​នឹងត្រូវ​ពឹង​ផ្អែកលើ​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​ផងដែរ​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ចំណូល​ពន្ធគយ គឺជា​ប្រភព​ចំណូល​មួយ​ដ៏​សំខាន់​នៃ​ថវិកាជាតិ ដូចនេះ​នៅក្នុង​ករណី​ដែល​ការប្រមូល​ចំណូល​ពន្ធគយ​មាន​ការថយចុះ នោះ​ច្បាស់​ណាស់ វា​អាចមាន​ផលប៉ះពាល់​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច ជាពិសេស​ថវិកា​សម្រាប់​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ដែល​កើតឡើង​ដោយ​វិបត្តិ​កូវីដ​ ១៩​។

លោក​បញ្ជាក់ថា​៖ «​ចំណូល​ពន្ធគយ​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការទ្រទ្រង់​ការចំណាយ​ជា​ចរន្ត​របស់​រដ្ឋ​។ ពេលណា​ចំណូល​ពន្ធគយ​មាន​កំណើន​នោះ​បង្ហាញថា ដំណើរការ​ចេញចូល​ទំនិញ​ចាប់ផ្តើម​មាន​ភាពប្រសើរ​ឡើងវិញ​។ យើង​រំពឹងថា ក្រោយ​រដ្ឋាភិបាល​សម្រេច​បើក​ប្រទេស​ឡើងវិញ គួបផ្សំ​នឹង​ការជំរុញ​ការនាំចេញ​តាមរយៈ​កិច្ចព្រមព្រៀង​នានា​នឹង​ធ្វើ​ឱ្យ​កំណើន​នៃ​ការប្រមូល​ពន្ធគយ អាច​គ្រប់គ្រាន់ ឬ​លើស​ផែនការ​នា​ឆ្នាំនេះ ដើម្បី​រដ្ឋ​មាន​ថវិកា​គ្រប់គ្រាន់ សម្រាប់​ការចំណាយ​នា​ឆ្នាំ​បន្តបន្ទាប់​»​។

យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ក្នុង​ត្រីមាស​ទី​ ១ នៃ​ឆ្នាំ​ ២០២២ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ប្រមូល​ចំណូល​បាន ៥៩៧,៦ លាន​ដុល្លារ​អាមេរិក​កើនឡើង ២,៥ ​ភាគរយ​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១៕ LA