ភ្នំពេញៈ កម្ពុជា ឡាវ និង​វៀតណាម​បាន​បើក​កិច្ចប្រជុំ​រួមគ្នា​លើក​ការស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្នុង​ក្របខ័ណ្ឌ​តំបន់​ត្រី​-​កោណ​អភិវឌ្ឍន៍​(CLV DTA) ឆ្នាំ​២០២០-២០២៥ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​ក្នុង​ខេត្ត​តំបន់ត្រីកោណ​អភិវឌ្ឍន៍​របស់​ប្រទេស​នីមួយៗ​។

នៅក្នុង​កិច្ចប្រជុំ​ក្រុមការងារ​អនុវត្ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ឆ្នាំ​ ២០២០-២០២៥ ចក្ខុវិស័យ​ឆ្នាំ​ ២០៣០ ជាមួយ​ភាគី​ឡាវ និង​វៀតណាម តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​ ៤ ខែឧសភា លោក ថោង រដ្ឋសក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​និយាយថា ត្រូវមាន​ការផ្សព្វផ្សាយ​រួមគ្នា​រវាង​ប្រទេស​ទាំង​ ៣ ដើម្បី​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​តំបន់ត្រីកោណ​អភិវឌ្ឍន៍​នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​កម្រិត​អន្តរជាតិ ការរៀបចំ​វីដេអូ ស្លាក​សញ្ញា និង​យីហោ​ផ្សព្វផ្សាយ​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ជាពិសេស​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ឌីជីថល ២០២២-២០២៥​។

លោក​បានផ្តល់​យោបល់​ថា ត្រូវ​រៀបចំ​កិច្ចប្រជុំ​ក្រុមការងារ​អនុវត្ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ឆ្នាំ​ ២០២០-២០២៥ ចក្ខុវិស័យ​ឆ្នាំ​ ២០៣០ ចំនួន ២ ​ដង​ក្នុង​ ១ ​ឆ្នាំ​ដើម្បី​បូកសរុប​ការងារ​មុននឹង​រាយការណ៍​ជូនទៅ​អង្គការ​ជាតិ​ទេសចរណ៍​អាស៊ាន និង​ការដាក់បញ្ចូល​សមាសភាព​អន្តរ​ក្រសួង​ពាក់ព័ន្ធ​ទៅក្នុង​ក្រុម​ការងារ ដើម្បី​ដឹកនាំ​ការងារ​ក្នុង​បុរេសកម្ម និង​ការទទួល​ខុសត្រូវ​។

លោក​បញ្ជាក់ថា​៖ «​ត្រូវ​រៀបចំ​ស្តង់ដា​ទេសចរណ៍​សំខាន់ៗ សម្រាប់​កម្រិត​តំបន់ត្រីកោណ​អភិវឌ្ឍន៍ ដោយ​យក​គំរូ​តាម​ស្តង់ដា​ទេសចរណ៍​អាស៊ាន​ដែល​បាន​អនុវត្ត​, រៀបចំ Formalization Trip សម្រាប់​វិស័យ​ឯកជន​ ដើម្បី​សិក្សា និង​កំណត់​សក្តានុពល​ទេសចរណ៍​នៅក្នុង​ខេត្ត​តំបន់ត្រីកោណ​អភិវឌ្ឍន៍​របស់​ប្រទេស​នីមួយៗ និង​ការរៀបចំ Caravan Tour ឆ្លងកាត់​ប្រទេស​ទាំង​ ៣ និង​អាច​ភ្ជាប់​ទៅ​តំបន់​ច្រករបៀង​ទេសចរណ៍​ភាគខាងត្បូង និង​បញ្ចូល​កីឡា​ទេសចរណ៍​ទៅក្នុង​ផែនការ​សកម្មភាព​របស់​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ ឆ្នាំ​ ២០២០-២០២៥ ចក្ខុវិស័យ​ឆ្នាំ​ ២០៣០ ដូចជា​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ ជាដើម​»​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ចំពោះ​ផែនការអភិវឌ្ឍន៍​តំបន់ត្រីកោណ​គឺមាន​យូរ​មកហើយ ប៉ុន្តែ​មិនទាន់​ឃើញ​មានការ​អនុវត្ត​ឱ្យ​លេចចេញ​ជា​រូបរាង​នៅឡើយ​ទេ​។ លោក​ថ្លែងថា​៖ «​ក្នុងករណី​ដែល​គម្រោង​នេះ ដាក់ចេញ​ឱ្យ​អនុវត្ត​បាន​តាម​ផែនការ​របស់​រដ្ឋ​មែន វា​ពិតជា​ជួយ​ជំរុញ​សេដ្ឋកិច្ច​នៅតាម​ព្រំដែន តាមរយៈ​ការទាក់ទាញ​មនុស្ស​ទៅ​រស់នៅ​តំបន់​នោះ​កាន់តែច្រើន ដើម្បី​ប្រែក្លាយ​ឱ្យទៅជា​តំបន់​ពាណិជ្ជកម្ម និង​ជា​តំបន់​អភិវឌ្ឍន៍​ថ្មី​មួយ​នៅ​ប៉ូល​ខាងកើត ថែមទាំង​ជំរុញឱ្យមាន​ដំណើរការ​សេដ្ឋកិច្ច​បាន​លឿន​ផងដែរ​»​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី បាន​និយាយថា ក្នុងករណី ដែលមាន​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​បានល្អ​ក្នុង​តំបន់ត្រីកោណ​នេះ​នឹង​ជំរុញ​ឱ្យមាន​ចលនា​ទេសចរណ៍​បន្ថែមទៀត ជាពិសេស​ការចេញចូល​របស់​ទេសចរ​នៃ​ប្រទេស​ទាំង​ ៣៕LA