ភ្នំពេញៈ សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ចសហប្រត្តិបត្តិការ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO) ដើម្បី​លើកកម្ពស់​វិស័យ​ឯកជន​ក្នុង​កិច្ចការ​ពាណិជ្ជកម្ម និង​គាំទ្រ​កិច្ចសហប្រតិបត្តិការ​កម្រិត​តំបន់​ក្នុង​ក្របខ័ណ្ឌ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ី​ខាងកើត​។

អនុស្សរណៈ​នៃ​កិច្ចសហប្រតិបត្តិការ​នេះ​ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង លោកស្រី Marisa Haruta តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន (JETRO) ប្រចាំ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី​ ៥ ខែឧសភា ឆ្នាំ​ ២០២២ នៅ​សភា​ពាណិជ្ជកម្ម​កម្ពុជា​។

ក្រសួង​ពាណិជ្ជកម្ម​ឱ្យដឹងថា កិច្ចសហប្រតិបត្តិការ​នេះ​មាន​គោលដៅ​រួមគ្នា​ជំរុញ​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​រវាង​ជប៉ុន និង​បណ្តា​ប្រទេស​អាស៊ាន​/​អាស៊ី​ខាងកើត​; ស្នើ​ជា​របាយការណ៍​អនុសាសន៍​វិស័យ​ឯកជន​ជូន​ដល់​ថ្នាក់ដឹកនាំ អាស៊ាន​/​អាស៊ី​ខាងកើត និង​កិច្ចសហការ​រៀបចំ​កម្ម​វិធី​កិច្ចប្រជុំ​កំពូល​ធុរកិច្ច​ និង​វិនិយោគ​អាស៊ាន និង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​នានា​ជួយឧបត្ថម្ភ​កិច្ចប្រជុំ​កំពូល​នេះ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា JETRO និង​សភាពាណិជ្ជកម្ម​កម្ពុជា គឺមាន​កិច្ចសហការ​ជាមួយ​គ្នានេះ​តាំងពី​យូរណាស់​មកហើយ ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី និង​តំបន់​ឱ្យបាន​កាន់តែខ្លាំង​។

លោក បន្តថា ភាគី​ទាំង​ ២​ ក៏​នឹងចូលរួម​ជាមួយនឹង​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ការជំរុញ​ឱ្យ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​-​ជប៉ុន​ឱ្យ​បានចេញ​កាន់តែ​ឆាប់ នៅពេល​ខាងមុខ​។ លោក​បាន​ថ្លែងថា​៖ «​និយាយ​ទៅ ស្ថាប័ន​ទាំង​ ២ ​មាន​កិច្ចការងារ​ជាច្រើន​ផ្សេងទៀត ដើម្បី​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​មកកាន់​កម្ពុជា និង​តំបន់ ដើម្បី​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ ២»​។

លោក ឆេង គឹមឡុង អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កិច្ចសហប្រតិបត្តិការ​រវាង​សភាពាណិជ្ជកម្ម និង អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​នេះ គឺ​ការជំរុញ និង​លើកកម្ពស់​ពាណិជ្ជកម្ម និង​វិនិយោគ ព្រោះ​ក្រៅ​តែ​វិស័យ​រដ្ឋាភិបាល គឺ​វិស័យ​ឯកជន​មាន​តួនាទី​យ៉ាងសំខាន់ ដើម្បី​ជំរុញ​ឱ្យមាន​ការតភ្ជាប់​វិស័យ​ឯកជន និង វិស័យ​ឯកជន ដើម្បី​ប្រមូល​អ្នកវិនិយោគ​របស់ខ្លួន​ស្វែងរក​សក្តានុពល​នៅក្នុង​ប្រទេស​ដែលជា​សមាជិក​ទាំង​នៅក្នុង​តំបន់​អាស៊ាន និង​អាស៊ី​ខាងកើត​។

លោក​ថ្លែងថា​៖ «MoU នេះ វា​នឹង​ជួយ​ច្រើន​ក្នុង​ការតភ្ជាប់​រវាង​វិស័យ​ឯកជន និង​ឯកជន​គឺ​ដើម្បី​វិនិយោគ និង​ពាណិជ្ជកម្ម ព្រោះ​វិស័យ​ឯកជន ជា​អ្នកដឹងថា​កន្លែង​ណា​មាន​ផលចំណេញ សម្រាប់​ការវិនិយោគ និង​ផលចំណេញ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​ទ្វេភាគី ពហុភាគី រួមជាមួយ​នឹង RCEP​។ ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​ក៏​កំពុង​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ជប៉ុន​ផដែរ​»៕ LA