ភ្នំពេញៈ កម្ពុជា និង​សាធារណរដ្ឋ​ឆែក​គ្រោង​នឹង​ចុះ​អនុស្សរណ:​នៃ​ការយោគយល់​គ្នា (MoU) ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​ក្នុងពេល​ឆាប់ៗ​នេះ​លើ​ការបណ្តុះបណ្តាល ការលើកកម្ពស់​គុណភាព និង​ផលិតភាព​ផលិតកម្ម​កសិកម្ម ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម កាលពី​ថ្ងៃទី​ ៥ ខែឧសភា ឆ្នាំ​ ២០២២ បាន​ជួប ពិភាក្សា​ការងារ​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆែក​ប្រចាំ​កម្ពុជា និង​សហការី​នៅ​ទីស្តីការ​ក្រសួងកសិកម្ម ដោយ​ភាគី​ទាំង​ ២​ បាន​លើកយក​ប្រធានបទ​សំខាន់ៗ​មក​ពិភាក្សា​គ្នា​ជា​ជំហាន​បឋម​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​ ទាក់ទង​នឹង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នាពេល​អនាគត ដែល​ក្នុងនោះ​មាន ដូចជា ការងារ​បណ្តុះបណ្តាល​​ធនធាន​មនុស្ស ទាំង​រយ:ពេល​ខ្លី និង​ពេល​វែង ការផ្លាស់ប្តូរ​​មន្ត្រី​ជំនាញ​ឱ្យទៅ​ធ្វើ​ទស្សនកិច្ច​សិក្សា ដើម្បី​ដកស្រង់​បទពិសោធ​លើ​ការងារ​អនុវត្ត​បច្ចេកទេស​ផ្ទាល់​។

ក្រៅពីនេះ ភាគី​ទាំង​ ២​ នឹង​សហការគ្នា​លើ​ការអភិវឌ្ឍ​វិស័យ​វារីវប្បកម្ម​ទាំង​ទឹកសាប និង​សមុទ្រ​, ការធ្វើ​ទំនើបកម្ម​កសិកម្ម និង ការពង្រឹង​សមត្ថភាព​លើ​ការកែច្នៃ​កសិផល​ផងដែរ​។

លោក វេង សាខុន បាន​ថ្លែងថា ក្រោយ​ភាគី​ទាំង​ ២ ​ឯកភាព​គ្នា​រៀបចំ​ឯកសារ​ MoU ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ប្រទេស​ទាំង​ ២ ហើយ​សង្ឃឹម ថា​នឹង​ឈានទៅ​អនុវត្ត​លើ​ខ្លឹមសារ MoU នេះ​ឱ្យចេញ​ជា​ផ្លែផ្កា​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ទាំង​ ២ ​នាពេល​ឆាប់ៗ​នេះ​។

លោក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា​៖ «​នាពេល​អនាគត​ដ៏ខ្លី កិច្ចសហប្រតិបត្តិការ​នេះ​នឹង​លេចចេញ​ជា​រូបរាង និង​ទទួលបាន​ជោគជ័យ ជាពិសេស​គឺ​ភាគី​កម្ពុជា​ផ្ទាល់​ដែល​កំពុង​ត្រូវ​ការកសាង​ធនធានមនុស្ស​តាមរយ:​ការបណ្តុះបណ្តាល ការលើក​កម្ពស់​គុណភាព និង​ផលិតភាព​ផលិតកម្ម​កសិកម្ម ដើម្បី​ឆ្លើយតប​តាម​តម្រូវការ​ទីផ្សារ​នាំចេញ និង​ជាពិសេស​ទៅកាន់​ទីផ្សារ​អឺរ៉ុប​»​។

បើ​យោងតាម​លោក​រដ្ឋមន្ត្រី វេង សាខុន រដ្ឋាភិបាល​ឆែក​ដែល​បាន​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន​ជាង ៧ ០០០​ តោន​ក្នុង​​ឆ្នាំ​ ២០២១ ហើយ​សង្ឃឹមថា​បរិមាណ​នេះ​នឹង​កើនឡើង​នាពេល​អនាគត​៕ LA