ចំណូល​អកម្ម​សំដៅ​ដល់​ចំណូល​ដែល​ទទួលបាន​ពី​ការធ្វើការងារ ឬ​ការប្រើ​កម្លាំង​ពលកម្ម​តិចតួច​។ ការវិនិយោគ​មួយចំនួន​ដែល​ផ្តល់នូវ​ចំណូល​អកម្ម​រួមមាន ការជួល​អចលនទ្រព្យ ការទទួល​ភាគលាភ​ពី​ការវិនិយោគ​លើ​ភាគហ៊ុន ការវិនិយោគ​មូលនិធិ ឬ​ការបណ្តាក់ទុន​រួមគ្នា ។​ល​។

ការទទួល​បាន​ប្រាក់ចំណូល​ពី​ការជួល​ប្រចាំខែ​គឺជា​ប្រភព​ដ៏ល្អ និង​មាន​ស្ថិរភាព​សម្រាប់​អ្នកវិនិយោគ​ចំណូល​អកម្ម​ទាំងអស់ ខណៈដែល​ប្រាក់ចំណូល​ពី​ភាគលាភ​គឺជា​ការវិនិយោគ​មួយ​ផ្សេងទៀត​ ដើម្បី​បង្កើត​ប្រភព​លំហូរ​សាច់ប្រាក់​។ នៅពេលដែល​ក្រុមហ៊ុន​ចុះបញ្ជី​ទទួលបាន​ប្រាក់ចំណេញ ១ ​ផ្នែក​នៃ​ប្រាក់​នោះ​ត្រូវបាន​ដក​សង​ត្រឡប់​ទៅ​វិនិយោគិន​វិញ​ក្នុង​ទម្រង់​ជាការ​ទូទាត់​ភាគលាភ​។

កន្លែង​ដ៏ល្អ​ដើម្បី​ចាប់ផ្តើម​គឺ​ផ្សារ ភាគហ៊ុន​​ជាដំបូង ជ្រើស​រើសយក​ភាគហ៊ុន​មួយ ចាប់ផ្តើម​ស្វែងរក​ព័ត៌មាន និង​ស្វែងយល់​ពី​ក្រុមហ៊ុន ក៏ដូចជា​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នោះ មុនពេល​អ្នក​សម្រេចចិត្ត​វិនិយោគ​លើ​ភាគហ៊ុន​នោះ​។ ជា​បច្ចេកទេស សម្លឹងមើល​វិស័យ​ដែល​ត្រូវបាន​គេ​ឱ្យ​ថ្លៃ​ទាប​ជាង​តម្លៃ​ជាក់ស្តែង មានន័យថា តាម​ការពិត ក្រុមហ៊ុន​ទាំងនោះ​មាន​សក្ដានុពល​រីកចម្រើន​ខ្លាំង ដោយ​អង្កេត​មើល​ពី​ដំណើរការ​អាជីវកម្ម និង​របាយការណ៍​ហិរញ្ញវត្ថុ ប៉ុន្តែ​តម្លៃ​ភាគហ៊ុន​របស់​ពួកគេ​មាន​កម្រិត​ទាប​នៅឡើយ​។ លើសពីនេះ​ទៀត ទិន្នផល​ភាគលាភ​អាច​ប្រែប្រួល​យ៉ាងខ្លាំង​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន​មួយ​ផ្សេងទៀត ហើយ​វា​ក៏​អាច​ប្រែប្រួល​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ផងដែរ​។ ដូច្នេះ ចូរ​ជ្រើសរើស​ក្រុមហ៊ុន​ឱ្យចំ​ដែល​បង្កើត​ប្រាក់ចំណេញ​ច្រើន និង​បែងចែក ភាគលាភ​ក្នុង​កម្រិត​មួយ​ល្អ​។

គោលដៅ​សម្រាប់​វិនិយោគិន​ដែលមាន​ចំណូល​អកម្ម​ទាំងអស់​គឺ​សេរីភាព​ហិរញ្ញវត្ថុ​។ បច្ចុប្បន្ននេះ វិនិយោគិន​អាច​ទទួលបាន​ព័ត៌មាន ក៏ដូចជា​វិធី​ក្នុងការ​វិនិយោគ​ក្នុង​ទីផ្សារ​ភាគហ៊ុន​គឺ​ពី​បាតដៃ​របស់​អ្នក ដែល​មានន័យថា ដោយ​ការប្រើប្រាស់​ទូរស័ព្ទដៃ​របស់​អ្នក និង​ប្រភព​ជាច្រើន​ទៀត​។ មាន​ហេតុផល​សំខាន់ៗ​ចំនួន ៤ ​ដែល​ប្រាក់ចំណូល​បាន​ពី​ភាគលាភ​គឺជា​ប្រភព​ចំណូល​អកម្ម​ដែល​ងាយស្រួល​បំផុត​។

១. ការចំណាយ​ទាប​នៅក្នុង​ការវិនិយោគ

ដោយ​ផ្អែកលើ​យន្តការ​ទីផ្សារ​បច្ចុប្បន្ន ភាគហ៊ុន​តែមួយ​ភាគហ៊ុន​ត្រូវបាន​ទទួលយក​ឱ្យ​ជួញដូរ ដែល​មានន័យថា វិនិយោគិន​អាចធ្វើ​ការជួញដូរ​ភាគហ៊ុន​ត្រឹម​តែមួយ​ភាគហ៊ុន​ក៏បាន​។ លើសពីនេះ ការបើក​គណនី​ជួញដូរ​គឺ​លឿន និង​ងាយស្រួល​ជាមួយ​នឹង​បច្ចេកវិទ្យា​ថ្មី និង​ទំនើប​។ ទន្ទឹមនឹងនេះ ការទិញ​ភាគហ៊ុន​គឺ​ត្រូវមាន​តិចនិក ដែល​តម្រូវឱ្យ​វិនិយោគិន​មាន​ភាពឆ្លាតវៃ និង​ការទទួលបាន​ព័ត៌មាន​ទាន់ពេល​/​ថ្មីៗ​។ ភាពឆ្លាតវៃ​នេះ​សំដៅ​ទៅលើ​បច្ចេកទេស​ក្នុង​ការទិញ​ភាគហ៊ុន​ក្នុងតម្លៃ​ទាប ប៉ុន្តែ​លក់​ក្នុងតម្លៃ​ខ្ពស់​។ ដោយ​អង្កេត​ឃើញ​និន្នាការ​នៃ​ភាគហ៊ុន​កើនឡើង និង​ធ្លាក់ចុះ វិនិយោគិន​ចាប់យក​ឱកាស​ជាមួយ​នឹង​ការវិភាគ​ជា​មូលដ្ឋាន ឬ​ទស្សនៈ​ផ្ទាល់ខ្លួន ដូច្នេះ​វិនិយោគិន​ទិញ​ភាគហ៊ុន​ដែលមាន​និន្នាការ​ធ្លាក់​ថ្លៃ ហើយ​លក់​ចេញ​នៅពេល​ដែល​និន្នាការ​តម្លៃ​ហាក់ដូចជា​ឡើង​ខ្ពស់ រីឯ​ការទទួលបាន​ព័ត៌មាន​ទាន់ពេល​/​ថ្មីៗ សំដៅ​ទៅលើ​ការទទួលបាន​ព័ត៌មាន​ថ្មីៗ​ដែល​ត្រូវ​បានបង្ហាញ ឬ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទាន់​ពេលវេលា​។

ចំណូល​អកម្ម​អាច​នាំឱ្យមាន​ឯករាជ្យភាព​ផ្នែក​ហិរញ្ញវត្ថុ​។ រូបថត Supplied

២. ការវិនិយោគ​ភាគលាភ​បន្ត

អំណាច​នៃ​ការវិនិយោគ​ភាគលាភ​បន្ត ដែលជា​មូលហេតុ​មួយ​ផ្សេងទៀត​ដែល​ប្រាក់ចំណូល​ពី​ភាគលាភ​គឺជា​ប្រភព​ចំណូល​អកម្ម​ដ៏អស្ចារ្យ​។ ម្តង​ក្នុង​ ១ ​ឆ្នាំ ភាគលាភ​ត្រូវបាន​បែងចែក​ដល់​វិនិយោគិន​។ ដូច្នេះហើយ ឆ្លៀត​ក្នុងឱកាស​នេះ​ដោយ​ដក​ប្រាក់​ក្នុង​សមតុល្យ​គណនី​ជួញដូរ​ដើម្បី​យកទៅ​វិនិយោគ​បន្ត ដើម្បី​បន្ត​បង្កើន​លំហូរ​ប្រាក់ចំណូល ដោយ​ទិញ​នូវ​ភាគហ៊ុន​បន្ថែមទៀត​។

នៅពេល​ដែល​ភាគលាភ​ត្រូវបាន​វិនិយោគ​បន្ត និង​ទទួល​បាន​ភាគហ៊ុន​កាន់តែច្រើន តើ​មាន​អ្វី​កើតឡើង​? ភាគហ៊ុន​កាន់តែ​ច្រើន​ស្មើនឹង​ប្រាក់ចំណូល​កាន់តែច្រើន​។ អ្នកនឹង​ទទួលបាន​ប្រាក់ចំណូល​កើនឡើង​គួរឱ្យ​កត់សម្គាល់​ពី​ការវិនិយោគ​ភាគលាភ​បន្ត​។ នេះ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ពី​ចរន្ត​នៃ​ចំណូល​អកម្ម​កើនឡើង​ដោយ​ស្វ័យប្រវត្តិ​។

៣. ពន្ធ​លើ​ភាគលាភ

សូម​ថ្លែង​អំណរគុណ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​គាំទ្រ និង​ជួយ​ជ្រោមជ្រែង​ដល់ទី​ផ្សារភាគហ៊ុន ចាប់​តាំង​​ពី​ការចាប់ផ្តើម​ដំណើរការ​មក​ម្ល៉េះ​។

ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​អនុក្រឹត្យ​ស្តីពី «​ការលើក​ទឹកចិត្ត​ពន្ធដារ​សម្រាប់​វិស័យ​មូលបត្រ​» ដែល​ទី​ ១ បាន​កាត់បន្ថយ​ពន្ធ​កាត់​ទុក ៥០ ​ភាគរយ​លើ​ការប្រាក់ និង​/​ ឬ​ភាគលាភ​ដែល​បានមកពី​ការ​កាន់កាប់ និង​/ ឬ​ការទិញ​-​លក់​មូលបត្រ​រដ្ឋ មូលបត្រ​កម្មសិទ្ធិ និង​មូលបត្រ​បំណុល និង​ទី​ ២ លើកលែង​ពន្ធ​លើ​ចំណេញ​មូលធន ចំពោះ​ការទិញ និង​ការ​ជួញដូរ​មូលបត្រ​រដ្ឋ មូលបត្រ​កម្មសិទ្ធិ ​និង​/​ ឬ​មូលបត្រ​បំណុល ដែល​ការលើក​ទឹកចិត្ត​ពន្ធដារ​នេះ​មាន​រយៈពេល ៣ ​ឆ្នាំ គិត​ចាប់​ពីថ្ងៃ​ដែល​អនុក្រឹត្យ​នេះ​ចូល​ជា​ធរមាន​។ តើ​មាន​កន្លែង​ណា​ទៀត​ដែល​អ្នក​អាច​រកប្រាក់​ចំណូល​អកម្ម និង​បង់ពន្ធ​តិច​បែបនេះ​? មិនមាន​ការវិនិយោគ​ផ្សេងទៀត ដែលមាន​ភាពងាយស្រួល​បែបនេះ​ទេ​។

៤. ចំណេញ​មូលធន

សញ្ញា​ល្អ​មួយទៀត​នៃ​ការវិនិយោគ​លើ​ភាគហ៊ុន​គឺថា វិនិយោគិន​មិន​ត្រឹមតែ​ទទួលបាន​ការទូទាត់​ភាគលាភ​ប៉ុណ្ណោះ​ទេ ថែមទាំង​ភ្ជាប់​ជាមួយ​នឹង​ចំណេញ​មូលធន​ពី​ការប្រែប្រួល​តម្លៃ​ផងដែរ​។ ចំណេញ​មូលធន​គឺ​កើត​មកពី​ការកើនឡើង​នៃ​តម្លៃ​ទ្រព្យសកម្ម​មួយ​។ ផលចំណេញ​ទាំងនេះ​ជាធម្មតា​ត្រូវបាន​ទទួលស្គាល់​នៅពេលដែល​ទ្រព្យសកម្ម​ត្រូវបាន​លក់​។ ដូចដែល​បាន​រៀបរាប់​ខាងលើ ការលើកទឹកចិត្ត​ពន្ធដារ​សម្រាប់​វិស័យ​មូល​ប​ត្រ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបាន​លើកលែង ហើយ​វិនិយោគិន​អាច​រីករាយ​ដោយ​សេរី​ពី​ការវិនិយោគ​របស់​ពួកគេ​។​

​ការបង្កើត​ប្រាក់ចំណូល​ពី​ភាគលាភ​អាចជា​វិធីសាស្ត្រ​ងាយស្រួល​បំផុត​ដើម្បី​បន្ថែម​ប្រភព​លំហូរ​សាច់ប្រាក់​ទី​ពីរ​សម្រាប់​អ្នក និង​គ្រួសារ​របស់​អ្នក​ជាមួយនឹង​ការចំណាយ​ទាប ប៉ុន្តែ​ទទួលបាន​អត្ថប្រយោជន៍​ខ្ពស់​។ ទីផ្សារ​ភាគហ៊ុន​គឺជា​កន្លែង​ដែល​ត្រូវបាន​គេ​ទទួលស្គាល់​ថា​ជា​កន្លែង​វិនិយោគ​មួយ​ដ៏ល្អ​នាពេល​អនាគត​។ អាស្រ័យ​ហេតុនេះ ចូលរួម​ជាមួយ​យើង ដើម្បី​ទទួលបាន​សេរីភាព​ហិរញ្ញវត្ថុ​៕

រៀបរៀង​ដោយ៖ ផ្សារមូលបត្រ​កម្ពុជា នាយកដ្ឋាន​ចុះបញ្ជី និង​ផ្តល់ព័ត៌មាន

អ៊ីមែល៖ listing@csx.com.kh/ ទូរស័ព្ទ៖ 023 95 88 88 / 023 95 88 85