ភ្នំពេញ: ដំណើរការ​សាងសង់​រោងចក្រ​ថាមពលជីវម៉ាស​នៃ​គម្រោង​វិនិយោគ​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់ (QIP) ដំបូង​របស់​កម្ពុជា​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន EBCIS នឹង​បញ្ចប់​តាម​ការគ្រោងទុក​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​ឯកជន​ប្រកបដោយ​ការទទួល​ខុសត្រូវ​នៅ​កម្ពុជា ហើយ​រោងចក្រ​នេះ​នឹង​រួមចំណែក​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។

គម្រោង​រោងចក្រ​ថាមពល​ជីវម៉ាស់ ដែល​មាន​ទុនវិនិយោគ ៥,៨ ​លាន​ដុល្លារ ត្រូវបាន​បង្កើតឡើង​សម្រាប់​ក្រុមហ៊ុន Heine-ken នៅ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ជា​ផ្លូវការ​ថា ជា​គម្រោង​វិនិយោគ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ (QIP) ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) កាលពី​ថ្ងៃទី​​ ៦ ខែកុម្ភៈ ឆ្នាំ ២០២២​។ នេះ​បើ​យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ពី​ BECIS​ ជា​ប្រតិបត្តិករ​ថាមពល​ដែលមាន​ការិយាល័យ​កណ្ដាល​នៅ​ប្រទេស​សិង្ហបុរី​។

គម្រោង​នេះ​ចាប់ផ្តើម​បុកគ្រឹះ​តាំងពី​ខែធ្នូ​មាន​ទីតាំងនៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ និង គ្រោង​ដាក់ឱ្យ​ដំណើរការ​នៅ​ខែកក្កដា ឆ្នាំ​ ២០២២ រយៈពេល ៨ ​ខែ បន្ទាប់ពី​ពិធី​ចាប់ផ្ដើម​ដំណើរ​ការសាងសង់​។ នៅពេល​បញ្ចប់​គម្រោង​នេះ​នឹង​ក្លាយជា​រោងចក្រ​ថាមពល ជីវម៉ាស​ឈានមុខ​គេ​របស់​កម្ពុជា ដោយ​បន្ថែម​សមត្ថភាព​ដំឡើង​ជាង ៩ ​មេហ្គាវ៉ាត់​ទៅ​លើ​រោងចក្រ​ដែលមាន​ស្រាប់​នៅ​កម្ពុជា​។

លោក Neil Allen នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ក្រុមហ៊ុន​ BECIS បានឱ្យដឹងថា កម្ពុជា​គឺជា​ទីផ្សារ​ដ៏សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន​ BECIS នៅក្នុង​តំបន់​ទន្លេមេគង្គ​។ វត្តមាន​របស់​ក្រុមហ៊ុន​ BECIS នៅ​កម្ពុជា បង្ហាញ​ពី​សមត្ថភាព​របស់​យើង​ក្នុង​ការបម្រើ​អតិថិជន​ក្នុង​តំបន់​នៅក្នុង​ទីផ្សារ​ទាំងអស់​នៅ​អាស៊ីអាគ្នេយ៍​។

លោក​ Allen បាន​ថ្លែងថា​៖ «​យុទ្ធសាស្ត្រ​ឆ្ពោះ​ទៅកាន់​ទីផ្សារ​របស់​យើង​ត្រូវបាន​សម្របសម្រួល​យ៉ាងខ្លាំង​ដោយ​ភាពជា​ដៃគូ​របស់​យើង​ជាមួយ Confluences​។ ជំនួយ​របស់​ពួកគេ​មាន​សារៈសំខាន់​នៅ​គ្រប់​ជំហាន​នៃ​ការអនុវត្ត​របស់​យើង​នៅ​កម្ពុជា​។ ការទទួល​បានជា​ QIP គឺជា​ចំណុច​សំខាន់​មួយ​ទៀត​នៅក្នុង​គម្រោង​នេះ​។ ការណ៍​នេះ​នឹង​អាចឱ្យ​យើង​ពង្រីក​ទាំង​ក្រុមការងារ និង​សេវាកម្ម​របស់​យើង​ក្នុងស្រុក ហើយ​មាន​តួនាទី​ជា​ដៃគូ​រយៈពេល​វែង​នៃ​ដំណោះស្រាយ​ថាមពល​នៅ​ប្រទេស​កម្ពុជា​»​។

លោក​ SoreasmeyKe Bin ប្រធានសភា​ពាណិជ្ជកម្ម​បារាំង​នៅ​កម្ពុជា​បានឱ្យ​ដឹងថា ការសម្រេចចិត្ត​របស់ CDC ក្នុង​ការផ្តល់​គម្រោង​ជីវម៉ាស​ដល់​ក្រុមហ៊ុន BECIS នូវ​ឋានៈ ​QIP បង្ហាញ​ពី​និរន្តរភាព​បានក្លាយ​ជា​គន្លឹះ​ដ៏សំខាន់​ក្នុង​ការធានា បាន​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​នៅ​ទីផ្សារ​ពិភពលោក​។

លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC បានឱ្យដឹងថា ដោយមាន​កាតព្វកិច្ច​ក្នុង​ការលើកកម្ពស់​វិស័យ​ឯកជន​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្របតាម​ការប្តេជ្ញាចិត្តរ​បស់​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព CDC ផ្តោត​ការយកចិត្ត​ទុកដាក់​ជាពិសេស​ក្នុងការ​លើកទឹកចិត្ត​ដល់​ការអភិវឌ្ឍ​គម្រោង​បៃតង​។

លោក​លើកឡើង​ថា​៖ «​រោងចក្រ​ជីវម៉ាស​ផ្តល់​សក្តានុពល​ដ៏​អស្ចារ្យ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​។ រោងចក្រ​ជីវម៉ាស ​Heineken របស់​ក្រុមហ៊ុន​ BECIS ​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ និង​ជា​គំរូ​ដ៏ល្អ​ឥតខ្ចោះ​ក្នុងការ​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ​។ គម្រោង​ស្រដៀង​គ្នា​នេះ​កាន់តែច្រើន​នឹង​ជួយ​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​រួមចំណែក​ដល់​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ដែល​កម្ពុជា​ជំរុញ​យ៉ាងសកម្ម​»​។

រោងចក្រ​ជីវម៉ាស​នេះ​នឹង​ដុត​អង្កាម​ដែលមាន​ប្រភព​មកពី​ខេត្តព្រៃវែង​ក្បែរ​នោះ​។ រោងចក្រ​នេះ​មាន​គោលបំណង​សម្រាប់​ថាមពល​កម្ដៅ​កកើត​ឡើងវិញ​បាន ១០០ ​ភាគរយ​កាត់បន្ថយ​ការបំភាយ​ឧស្ម័ន​កាបូន ៦០ ​ភាគរយ​ក្នុង​ផលិតម្ម ដោយ​សន្សំ​ឧស្ម័ន​កាបូនិក​បាន ១៧ ០០០ ​តោន​ក្នុង ១ ​ឆ្នាំ​៕ LA