ភ្នំពេញ: សហគ្រាស​លីង​កាហ្វេ​ខូហ្វី (KOFI) ប្រកាស​ពី​ផលិតផល​កាហ្វេ​ ២​ មុខ​បន្ថែមទៀត ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុងស្រុក និង​គ្រោង​នឹង​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន និង​កូរ៉េ​នាពេល​ខាងមុខ​។

នៅក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ សហគ្រាស​លីង​កាហ្វេ​ខូហ្វី KOFI និង​ការប្រកាស​លក់​ផលិតផល​កាហ្វេ​ថ្មី​គឺ វាយោ និង​វេហា លោក ហ៊ឺ តារា នាយក​គ្រប់គ្រង​នៃ​សហគ្រាស​លីង​កាហ្វេ​ខូហ្វី KOFI បាន​ថ្លែងថា រាល់​ផលិតផល​កាហ្វេ​ទាំងអស់​របស់​សហគ្រាស​លីង​កាហ្វេ​ខូហ្វី KOFI សុទ្ធ​តែមាន​លាយ​បញ្ចូល​ជាមួយ​គ្រាប់​កាហ្វេ​ដែល​ដាំដុះ​នៅ​ខេត្តមណ្ឌលគិរី​លាយ​ផ្សំ​ជាមួយ​កាហ្វេ​ដែល​នាំចូល​ពី​បរទេស ដើម្បី​បង្កើន​គុណភាព​និង​រសជាតិ​របស់​វា ដើម្បី​សម្រេច​គោលបំណង​ផលិត ដែលមាន​ការទទួល​ស្គាល់​ជា​អន្តរជាតិ ហើយ​អាច​នាំ​ចេញទៅ​ក្រៅប្រទេស​បាន​។

លោក​បាន​បន្ថែមថា មាន​ក្រុមហ៊ុន​មួយចំនួន​មកពី​ប្រទេស​ជប៉ុន និង​កូរ៉េ បាន​ទាក់ទង​មក​ខាង​សហគ្រាស​លីង​កាហ្វេ​ខូហ្វី​ក្នុងការ​សាកល្បង​លើ​រសជាតិ និង​គុណភាព​ផលិតផល​កាហ្វេ ដើម្បី​អាច​នាំចេញ​ទៅកាន់​ប្រទេស​ប្រទេស​ទាំង​ ២ ​នេះ​បាន​។

លោក​បាន​បញ្ជាក់ថា​៖ «​មាន​ក្រុមហ៊ុន​ខ្លះ​ដែរ​មកពី​ខាង​ប្រទេស​ជប៉ុន និង​កូរ៉េ ដែល​គេ​បាន​ទាក់ទង ដើម្បី​តេស្ត​រសជាតិ​ផលិតផល​កាហ្វេ​របស់​យើង ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​យើង​ផលិត​កាហ្វេ​មួយ​ដែល​ល្អ និង​អាច​នាំ​ចេញទៅ​ផ្គត់ផ្គង់​ទីផ្សារ​របស់គេ​បាន​។ យើង​មើលឃើញថា កម្ពុជា​យើង​បាន​នាំចូល​កាហ្វេ​ពី​ក្រៅប្រទេស​មក​ច្រើន ដូចនេះ ការពង្រីក​ខ្លួន​របស់​ខូហ្វី​ពី​សិប្បកម្ម​ខ្នាតតូច​មកជា​សហគ្រាស​លីង​កាហ្វេ​ដ៏ធំ​ជាងគេ​នៅក្នុង​ស្រុក​នេះ ដោយសារ​យើង​មើលឃើញ​ពី​តម្រូវការ​ច្រើន ចំណែក​ទីផ្សារ​ក៏​នៅ​ទូលាយ​ផងដែរ​»​។

លោក​បាន​បន្តថា សិប្បកម្ម​លីង​កាហ្វេ​នេះ មាន​បទពិសោធ​ជាង​ ១៣ ​ឆ្នាំ​មក ហើយ​ចំពោះ​អាជីវកម្ម​។ ដោយសារ​កំណើន​អ្នក​បរិភោគ​កាហ្វេ​កើន​ឡើងជា​បន្តបន្ទាប់ ទើប​សិប្បកម្ម​សម្រេច​ពង្រីក​អាជីវកម្ម​បន្ថែមទៀត មកជា​សហគ្រាស​លីង​កាហ្វេ​ខូហ្វី KOFI ដោយមាន​គោលដៅ​ជួយ​ដល់​កសិករ តាមរយៈ​ការវិនិយោគ​រក​ទីផ្សារ​បន្ថែម​ដល់​អ្នក​ដាំដុះ​កាហ្វេ​នៅ​ខេត្ត​មណ្ឌលគិរី ខណៈ​ក្រុមហ៊ុន​កំពុង​ធ្វើការ​ជាមួយ​កសិករ ក្នុង​ការ​ពង្រឹងគុណភាព​កាហ្វេ​បន្ថែមទៀត​។

លោក ឌិន សុមេធារិទ្ធ ប្រធាន​សមាគម​សណ្ឋាគារ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នេះ​ជា​មោទនភាព​សម្រាប់​កម្ពុជា ដែលមាន​ផលិតផល​កាហ្វេ​ជា​របស់​ខ្លួនឯង ដោយ​មាន​រសជាតិ និង​គុណភាព មិន​ចាញ់​ផលិតផល​កាហ្វេ​ដែល​នាំចូល​នោះទេ​។

លោក​បាន​បន្ថែមថា សហគ្រាស​លីង​កាហ្វេ​ខូហ្វី​នេះ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​កាហ្វេ​ក្នុងស្រុក​មួយ ដែល​បានរួម​ចំណែក​ក្នុង​ទីផ្សារ ដែល​កំពុង​តែមាន​តម្រូវការ ដូចជា ភោជនីយដ្ឋាន សណ្ឋាគារ គឺមាន​តម្រូវការ​ខ្ពស់​លើ​ផលិតផល​កាហ្វេ​ទាំងនេះ​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​សហគ្រាស​លីង​កាហ្វេ​ខូហ្វី​នេះ ជា​ក្រុមហ៊ុន​​ក្នុងស្រុក ដែល​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល​បាន ដោយសារ​យើង​បាន​មើលឃើញ​ពី​ចង្វាក់​ផលិតកម្ម​ប្រៀប​ដូចនឹង​រោងចក្រ​មួយ​ដែរ​។ ដូចនេះ ខ្ញុំ​ជឿថា ផលិតផល​គ្រាប់​កាហ្វេ​ពី​ក្រុមហ៊ុន​នេះ​នឹង​រួមចំណែក​សំខាន់ ក្នុងការ​បំពេញ​តម្រូវការ​ទីផ្សារ មិន​ចាញ់​ផលិតផល​នាំចូល​នោះទេ​»​។

តាម​របាយការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បាន​បង្ហាញថា កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​ផលិត​គ្រាប់​កាហ្វេ​មាន​បរិមាណ​សរុប ៦៧៥ ​តោន ថយចុះ​ជាង​ ២៨ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ចំនួន​ ៩៤០ ​តោន​៕ LA