ភ្នំពេញៈ ប្រទេស​កម្ពុជា​រំពឹងថា កំណើន​នៃ​តម្លៃបន្ថែម​សរុប​ក្នុង​វិស័យ​កសិកម្ម​នឹង​កើន​ពី ២២ ៧៩០ ពាន់​លាន​រៀល​ក្នុង​ឆ្នាំ​ ២០១៩ ដល់ ៣១ ៨៥២ ពាន់​លាន​រៀល​នៅ​ឆ្នាំ​ ២០៣០ ដែលមាន​អត្រា ៣ ​ភាគរយ​ក្នុង​ ១​ ឆ្នាំ បន្ទាប់ពី​ការដាក់ចេញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០២១-២០៣០​។

សេចក្តី​ព្រាង​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ២០២១-២០៣០ បាន​បង្ហាញថា គោលនយោបាយ​នេះ​មានបំណង​ជំរុញ​កំណើន​កសិកម្ម​ប្រកប​ដោយ​ភាព​ប្រកួតប្រជែង និង​បរិយាប័ន្ន ដែល​នឹង​ផ្តល់នូវ​ផលិតផល​មាន​គុណភាព​ខ្ពស់ សុវត្ថិភាព និង​អាហារូបត្ថម្ភ ដោយ​ត្រូវ​គិតគូរ​ខ្ពស់​ដល់​ការគ្រប់គ្រង​ដីធ្លី ទឹក ធនធាន​ព្រៃឈើ និង​ជលផល​ប្រកបដោយ​និរន្តរភាព​។

លោក ស្រី វឌ្ឍី អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យ​ដឹងថា កំណើន​នៃ​តម្លៃបន្ថែម​សរុប​វិស័យ​កសិកម្ម​នឹង​កើនឡើង​ពី ២២ ៧៩០ ពាន់​លាន​រៀល​ក្នុង​ឆ្នាំ​ ២០១៩ ទៅដល់ ៣១ ៨៥២ ពាន់​លាន​រៀល​នៅ​ឆ្នាំ​ ២០៣០ ដែលមាន​ប្រមាណ ៣ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ និង​ផលិតកម្ម​គឺ​ត្រូវ​កើន​ពី ១ ៩៨៦ ដុល្លារ​ក្នុង ១ ឯកតា​ពលកម្ម​កសិកម្ម​ក្នុង​ឆ្នាំ​ ២០១៩ ដល់ ៤ ៦២៥​ ដុល្លារ​នៅក្នុង ១ ​ឯកតា​ពលកម្ម​កសិកម្ម​នៅ​ឆ្នាំ​ ២០៣០ ដែលមាន​អត្រា​កំណើន​ ៨ ​ភាគរយ​ក្នុង​ ១ ​ឆ្នាំ​។

លោក​បាន​បន្តថា គោលដៅ​យុទ្ធសាស្ត្រ​សេចក្តីព្រាង​គោលនយោបាយ​នេះ មាន​សំខាន់ៗ​ដូចជា លើកកម្ពស់​ខ្សែចង្វាក់​ផលិតកម្ម​កសិកម្ម​ប្រកបដោយ​ភាព​ប្រកួតប្រជែង​, បង្កើន​ការគាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​កសិកម្ម និង​ការសម្រួល​កសិកម្ម​ពាណិជ្ជកម្ម​, បង្កើន​ការគ្រប់គ្រង​ធនធាន​ដី​កសិកម្ម ព្រៃឈើ ជលផល​ប្រកបដោយ​និរន្តរភាព​, និង​ការពង្រឹង​អភិបាលកិច្ច និង​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅក្នុង​វិស័យ​កសិកម្ម​។

លោក​បាន​ថ្លែងថា​៖ «​គោលនយោបាយ​នេះ​បានកំណត់​សូចនាករ​ ដើម្បី​ជំរុញ​កំណើន​តម្លៃបន្ថែម​សរុប​នៃ​ផលិតកម្ម​ដំណាំ​កើន ៣,១ ​ភាគរយ ក្នុង​ ១​ ឆ្នាំ​។ កំណើន​តម្លៃបន្ថែម​សរុប​នៃ​ផលិតកម្ម​សត្វ​កើន ២,៧​ ភាគរយ​ក្នុង​ ១​ ឆ្នាំ​។ ការនាំចេញ​ផលិតផល​កសិកម្ម​កែច្នៃ​ធៀប​នឹង​ការនាំចេញ​ផលិតផល​សរុប​កើន​ពី ៧ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩ ដល់ ១៥ ​ភាគរយ​នៅក្នុង​ឆ្នាំ​ ២០៣០»​។

លោក ហ៊ុន ឡាក់ អ្នកជំនួញ​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា និង​កំពុង​វិនិយោគ​ច្រើន​លើ​ការដាំដុះ​ដំណាំ​សាកវប្បកម្ម​ជាច្រើន​ប្រភេទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា វា​គឺជា​រឿង​ល្អ សម្រាប់​វិស័យ​ឯកជន​នៅពេល​មាន​គោលនយោបាយ​ជំរុញ និង​លើក​ទឹកចិត្ត​នៅក្នុង​វិស័យ​កសិកម្ម​។

លោក​បន្ថែមថា ខាង​វិស័យ​ឯកជន​បាន​ចូលរួម​ពិភាក្សា​ឆ្លង​សេចក្តី​ព្រាង​គោលនយោបាយ​នេះ​រួចហើយ ប៉ុន្តែ​មិនទាន់​បាន​ចូលរួម​ពិភាក្សា​លើ​សម្រាប់​ឯកសារ​ព្រាង​ចុងក្រោយ មុននឹង​ឈានចូល​ដល់​ការចុះ​ហត្ថលេខា​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅឡើយ​ទេ​។

លោក​ប្រាប់ថា​៖ «​ភាគី​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ពិនិត្យ​មើលថា តើ​ខ្លឹមសារ​គោលនយោបាយ​នេះ​មាន​ចំណុច​គន្លឹះ​អ្វីខ្លះ​ដែល​អាចជួយ​ដល់​វិស័យ​កសិកម្ម​។ យើង​នឹង​រង់ចាំ​មើល​ខ្លឹមសារ​ចុងក្រោយ ហើយ​យើង​នឹង​អាច​ដឹងថា​គោលនយោបាយ​នេះ​មាន​ប្រយោជន៍​អ្វីខ្លះ​សម្រាប់​ការជួយ​ដល់​អ្នកវិនិយោគ​ក្នុង​វិស័យ​កសិកម្ម និង​កសិករ​»​។

នៅក្នុង​ឯកសារ​សេចក្តី​ព្រាង គោលនយោបាយ​អភិវឌ្ឍ​វិស័យ​កសិកម្ម ២០២១-២០៣០ ឱ្យដឹងថា​ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ចុងក្រោយ​នេះ អត្រា​សមាសភាគ​ចូលរួមចំណែក​នៃ​វិស័យ​កសិកម្ម​បាន​ថយចុះ​ពី ៣៣,៩ ​ភាគរយ​មក​ត្រឹម ២៤,៤ ​ភាគរយ នៅ​ឆ្នាំ​ ២០២១​។ ការចូលរួម​ចំណែក​នៃ​អនុវិស័យ​កសិកម្ម​ក្នុង​វិស័យ​កសិកម្ម រយៈពេល​ ១០ ​ឆ្នាំ​កន្លងទៅ​បានបង្ហាញ​ឱ្យឃើញ​ថា ផលិតកម្ម​ដំណាំ​បានរួម​ចំណែក​ធំជាងគេ​គឺ​ប្រមាណ​ពី ៥៧​ ភាគរយ​ទៅ​ ៥៩ ​ភាគរយ​នៃ​ផលិតផល​កសិកម្ម​សរុប ខណៈ​ផលិតផល​ជលផល​មាន​ប្រមាណ​ពី ២២ ​ទៅ​ ២៤ ​ភាគរយ ផលិតផល​សត្វ​មាន​ក្នុង​រង្វង់​ជាង​ ១១ ​ភាគរយ និង​ព្រៃឈើ​មាន​ក្នុង​ចន្លោះ​ពី ៦,៧ ​ទៅ​ ៧ ​ភាគរយ​ប៉ុណ្ណោះ​៕ LA