ទីក្រុងប៉េកាំងៈ ទិន្នន័យគយរបស់ចិនបង្ហាញកាលពីថ្ងៃចន្ទថា កំណើនការនាំចេញរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងខែមេសាដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ ខណៈការផ្ទុះឡើងនៃជំងឺកូវីដ ១៩ បង្កឱ្យមានការបិទរោងចក្រ ការទប់ស្កាត់ការដឹកជញ្ជូន និងបណ្តាលឱ្យមានការកកស្ទះនៅកំពង់ផែសំខាន់ៗ។
ទិន្នន័យបង្ហាញពីទំហំការខូចខាតដែលកើនឡើងដល់សេដ្ឋកិច្ចធំទី ២ របស់ពិភពលោក ខណៈមនុស្សរាប់លាននាក់ត្រូវបានបង្ខាំងឱ្យនៅក្នុងផ្ទះ ជាពិសេសនៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ៗទីក្រុងសៀងហៃ ដើម្បីលុបបំបាត់ការកើតឡើងវិញនៃជំងឺកូវីដ ១៩ ដ៏អាក្រក់បំផុតចាប់តាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាត។
រដ្ឋាភិបាលទីក្រុងប៉េកាំងបានបន្តអនុវត្តគោលនយោបាយសូន្យកូវីដ ១៩ ដ៏តឹងរ៉ឹងដែលពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក និងការធ្វើតេស្តទ្រង់ទ្រាយធំ ប៉ុន្តែតម្លៃសេដ្ឋកិច្ចកំពុងកើនឡើងដោយសារមជ្ឈមណ្ឌលផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ធ្លាក់ចុះក្រោមការរឹតបន្តឹងដ៏ធ្ងន់ធ្ងរ។
រដ្ឋបាលគយបានឱ្យដឹងកាលពីថ្ងៃចន្ទថា កំណើនការនាំចេញបានធ្លាក់ចុះដល់ ៣,៩ ភាគរយកាលពីឆ្នាំមុន។
កំណើនការនាំចូលមានលក្ខណៈថេរក្នុងខែមេសា ដែលជាការប្រសើរឡើងពីការធ្លាក់ចុះ ០,១ ភាគរយក្នុងខែមីនា ដោយសារអតិថិជនចិននៅតែស្ទាក់ស្ទើរក្រោមការរឹតបន្តឹងនៅទូទាំងប្រទេស។
អ្នកនាំពាក្យគយលោក Li Kuiwen បានព្យាយាមបកស្រាយជុំវិញបញ្ហាធ្លាក់ចុះនេះកាលពីថ្ងៃចន្ទដោយនិយាយថាសេដ្ឋកិច្ចនៅតែមានកន្លែង ដើម្បីធ្វើការផ្លាស់ប្តូរ ហើយថា «មូលដ្ឋានគ្រឹះវិជ្ជមាន» របស់វានៅតែមិនផ្លាស់ប្តូរ។
លោក Ting Lu ប្រធានសេដ្ឋវិទូចិនរបស់ស្ថាប័ន Nomura បានប្រាប់ AFP ថា កំណើនការនាំចេញអាចកាន់តែអាក្រក់ក្នុងរយៈពេល ២ ខែខាងមុខ ដោយសារជំងឺរាតត្បាត និងវិធានការទប់ស្កាត់កូវីដ ១៩ ដ៏តឹងរ៉ឹងរបស់ប្រទេសចិន ការធ្លាក់ចុះនៃតម្រូវការខាងក្រៅ និងការបាត់បង់ការបញ្ជាទិញទៅកាន់តំបន់ផ្សេងៗទៀត។
លោកបានព្រមានថា កំណើននៃការនាំចេញគឺស្ថិតក្នុងចំណោមកត្តាជំរុញសេដ្ឋកិច្ចសំខាន់ៗក្នុងត្រីមាសចុងក្រោយនេះ ប៉ុន្តែអាចប្រែក្លាយទៅជាការអូសទាញសេដ្ឋកិច្ចឱ្យធ្លាក់ចុះ៕ LA