ភ្នំពេញៈ ក្រសួង​ពាណិជ្ជកម្ម​ជំរុញ​ឱ្យ​វិស័យ​ឯកជន​ផ្នែក​សហគ្រាស​កសិម្ហូបអាហារ​ធុន​តូច និង​មធ្យម​កម្ពុជា​ទាញយក​ផលប្រយោជន៍​ឱ្យ​បានជា​អតិបរមា ពី FTA និង RCEP​។

ក្នុង​សិក្ខាសាលា​ស្តីពី​ «​អត្ថប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សម្រាប់​សហគ្រាស​កសិ-​ម្ហូបអាហារ​ធុន​តូច និង​មធ្យម​កម្ពុជា​» ​លោក ស៊ីម សុខខេង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ចរចា​កិច្ចព្រមព្រៀង RCEP បាន​ថ្លែងថា សិក្ខាសាលា​នេះ​មាន​គោលបំណង​ក្នុងការ​ផ្សព្វផ្សាយ​ដល់​វិស័យ​ឯកជន​ពាក់ព័ន្ធ ជាពិសេស​វិស័យ​កសិ-​ម្ហូបអាហារ​កម្ពុជា អំពី​សារៈសំខាន់ កាលានុវត្តភាព និង​អត្ថប្រយោជន៍​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដូចជា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ សំដៅ​លើកកម្ពស់​ការយល់ដឹង និង​ជំរុញ​ការទាញយក​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឱ្យ​បានជា​អតិបរមា​។

លោក​បន្ថែមថា ក្រសួង​ពាណិជ្ជកម្ម​បាន​ផ្តោត​ការយកចិត្ត​ទុកដាក់​ខ្ពស់​ទៅលើ​ការធ្វើ​ពិពិធកម្ម​ទីផ្សារ តាមរយៈ​ការចរចា​បើក​ទីផ្សារ​បន្ថែម​តាម​យន្តការ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ជាក់ស្តែង​កិច្ចព្រមព្រៀង RCEP កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​កម្ពុជា​-​កូរ៉េ ដោយ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ព្រមទាំង​វិស័យ​ឯកជន តាមរយៈ​ការពិគ្រោះ​យោបល់ និង​ប្រមូល ធាតុ​ចូល ព្រមទាំង​រៀបចំ​វេទិកា​ផ្សេងៗ​ដើម្បី​ស្វែងយល់ និង​ដោះស្រាយ​បញ្ហា​ប្រឈម និង​តម្រូវការ​ទីផ្សារ សំដៅ​ជួយ​សម្រាល​ការលំបាក និង​លើកកម្ពស់​ប្រតិបត្តិការ​ធុរកិច្ច​របស់​វិស័យ​ឯកជន​។

លោក​បញ្ជាក់ថា​៖ «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ធានាបាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​ប្រកបដោយ​ចីរភាព និង​ចូលរួម​អនុវត្ត​នូវ​សេដ្ឋកិច្ចជាតិ ជាពិសេស​នៅពេល​កម្ពុជា​ចាកចេញ​ពី​ចំណាត់ថ្នាក់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​។ លើសពីនេះ កិច្ចព្រមព្រៀង RCEP ក៏​ជា​សញ្ញា​មួយ​បង្ហាញ​ពី​ការគាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​សេរីពហុភាគី ដែល​ផ្អែកលើ​គោលការណ៍​ច្បាប់ និង​ប្រឆាំងនឹង​ការកើនឡើង​នៃ​និន្នាការ​គាំពារ​និយម​របស់​ប្រទេស​មហាអំណាច​មួយចំនួន ដែល​បង្ក​ផលប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​»​។

លោក Andreas Zurbrugg អនុប្រធាន​ស្ថាន​បេសកកម្ម​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា​បាន​លើកឡើងថា កសិកម្ម​ជា​វិស័យ​មួយ​ដែល​រង​ការប៉ះពាល់​តិច​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ និង មាន​សារៈសំខាន់​ខ្លាំង​ក្នុងការ​ចូលរួម​ស្តារ​សេដ្ឋកិច្ច​កម្ពុជា​ពី​វិបត្តិ​កូវីដ​ ១៩ និង​ចាំបាច់​ត្រូវការ​ការពង្រឹង​បន្ថែម ជាពិសេស​វិស័យ​កសិ-​ម្ហូបអាហារ​កម្ពុជា ដែល​ទាមទារ​ឱ្យ​វិស័យ​ឯកជន រួមមាន​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ត្រូវ​យល់ច្បាស់​ពី​អត្ថប្រយោជន៍​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTAs) ក៏ដូចជា​វិធី​ក្នុងការ​ទាញយក​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទៅក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​ប្រចាំថ្ងៃ​ឱ្យ​បានជា​អតិបរមា​។

លោក​បាន​អះអាង​ថា​៖ «​រដ្ឋាភិបាល អូស្ត្រាលី​បានបញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​-​អូស្ត្រាលី​បន្ថែមទៀត តួយ៉ាង​ដូចជា​គំនិត​ផ្តួចផ្តើម​ក្នុងការ​ស្តារ​សេដ្ឋកិច្ច​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ជាដើម​»​។

លោកស្រី កែវ មុំ ប្រធាន​សមាគម​សហគ្រិន​ស្ត្រី និង​ជា​ម្ចាស់​សហគ្រាស​ផលិត​នំ​ស្រួយ លីលី បាន​និយាយប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការជំរុញ​ការនាំចេញ​ផលិតផល​ចំណីអាហារ​ពី​កម្ពុជា តាមរយៈ​កិច្ចព្រមព្រៀង​សេរី​នានា គឺជា​ការចង់បាន​របស់​វិស័យ SME​។

លោកស្រី​បន្តថា បញ្ហា​នេះ​ដោយសារ​តែ​ស្តង់ដា​នៃ​ការផលិត​របស់​ខ្មែរ នៅមានកម្រិត​,​កង្វះ​ដៃគូ​សហការ ដែលនាំឱ្យ​ការផលិត​នៅមាន​កម្រិត ហើយ​ការចំណាយ​ថ្លៃដើម​ច្រើន​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​ចង់ឱ្យមាន​តម្លាភាព​ចំពោះ​ការនាំចេញ និង​នាំចូល​។ មានន័យថា ផលិតផល​ខ្មែរ​យើង​មានការ​តឹងរ៉ឹង​ខ្លាំង​នៅពេល​នាំចេញ​ទៅ​ក្រៅប្រទេស ដោយ​ត្រូវ​ត្រួតពិនិត្យ​លើ​គុណភាព ស្តង់ដា​សុវត្ថិភាព​ទៅតាម​ប្រទេស​នីមួយៗ​ដែល​បាន​នាំចេញ ដែល​នេះ​ជា​បញ្ហា​ប្រឈម​មួយ​សម្រាប់​សហគ្រាស​ក្នុងស្រុក​»​។

ការសិក្សា​រួមគ្នា​របស់​អ្នកជំនាញ​នៃ​វិទ្យាស្ថាន ERIA ក្រុមការងារ​ស្រាវជ្រាវ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ពាណិជ្ជកម្ម​ដែល​បាន​បោះពុម្ពផ្សាយ​នាពេល​ថ្មីៗ​នេះ​ឱ្យដឹងថា កម្ពុជា​អាច​នឹងមាន​កំណើន​ប្រចាំឆ្នាំ​ការនាំចេញ​ក្នុង​រង្វង់​ពី ៩,៤-១៨ ​ភាគរយ​ដែល​នឹងចូលរួម​ចំណែក​ក្នុង​កំណើនសេដ្ឋកិច្ច​ជាតិ​បន្ថែម​ប្រចាំឆ្នាំ​ពី ២-៣,៨​ ភាគរយ កំណើន​ឱកាស​ការងារ​ប្រចាំឆ្នាំ ៣,២-៦,២ ​ភាគរយ​ និង​កំណើន​ចំណូល​ពន្ធ​ប្រចាំឆ្នាំ​ពី ២ ​ទៅ​ ៣,៩ ​ភាគរយ​ផងដែរ​៕ LA