ភ្នំពេញៈ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ របស់​កម្ពុជា​បានទទួល​អ្នកដំណើរ​ឆ្លងកាត់​ជាង ​១២ ​ម៉ឺន​នាក់ នៅក្នុង​ខែមេសា ឆ្នាំ​ ២០២២ កើន​ជាង ៥០០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​។

របាយការណ៍​ពី​រដ្ឋលេខា​ធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​បង្ហាញថា នៅក្នុង​ខែមេសា ឆ្នាំ​ ២០២២ ចំនួន​អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ មាន​កំណើន​ខ្លាំង​គួរឱ្យ​កត់សម្គាល់ ដោយ​បានទទួល​អ្នកដំណើរ​ឆ្លងកាត់​ជាង ១២,៣ ​ម៉ឺន​នាក់​កើនឡើង​ជាង ៥០០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​អ្នកដំណើរ​ត្រឹមតែ​ជាង ១,៩​ ម៉ឺន​នាក់​។ ក្នុងនោះដែរ សម្រាប់​ខែមេសា ឆ្នាំ ​២០២២ មាន​ជើង​ហោះហើរ​ចំនួន ១ ៧១២ ​ជើង កើនឡើង ១១២ ​ភាគរយ​ពី​ចំនួន ៨០៦ ​ជើង​។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នក​នាំពាក្យ​រដ្ឋលេខាធិការ​អាកាសចរ​ស៊ីវិល​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៩ ខែឧសភា​ថា ចាប់តាំងពី​រដ្ឋាភិបាល​ប្រកាស​បើក​ប្រទេស​ឡើងវិញ​មក ចំនួន​ជើងហោះហើរ​នៃ​អាកាសយានដ្ឋាន​ទាំង​ ៣ គឺ​ភ្នំពេញ សៀមរាប និង​ព្រះសីហនុ គិត​ត្រឹម​ខែមេសា ឆ្នាំ​ ២០២២ នេះ មាន​ប្រមាណ ១៥ ​ភាគរយ​នៃ​ជើងហោះហើរ​សរុប​ក្នុង​ឆ្នាំ​ ២០១៩​។

លោក​បន្តថា សម្រាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​មាន​ជើង​ហោះហើរ​ប្រមាណ ២៤​ ភាគរយ​នៃ​ជើង​ហោះហើរ​សរុប​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​កាលពី​ឆ្នាំ​ ២០១៩​។

លោក​បាន​ថ្លែងថា​៖ «​ចាប់តាំងពី​បើក​ប្រទេស​ឡើងវិញ​មក យើង​ឃើញ​មាន​សញ្ញាណ​ល្អ​ច្រើន​សម្រាប់​វិស័យ​អាកាសចរណ៍​។ យើង​មើលឃើញថា​ផ្លូវ​ហោះហើរ ដែលមាន​កំណើន​ច្រើនជាងគេ គឺ​ភ្នំពេញ​-​បាងកក និង​ភ្នំពេញ​-​សិង្ហបុរី ដោយ​គិត​មកដល់​ខែមេសា ភ្នំពេញ-​បាងកក មាន​ជើងហោះហើរ ២៥ ​ជើង​ក្នុង ១ ​សប្តាហ៍ ដែល​ស្មើនឹង ៧០ ​ភាគរយ​នៃ​ជើងហោះហើរ​ភ្នំពេញ​-​បាងកក​ក្នុង​ឆ្នាំ​ ២០១៩​។ ចំណែក​ពី​ភ្នំពេញ​-​សិង្ហបុរី កើន​ពី ៦ ​ជើង​មក​ ១៩ ជើង​ក្នុង ១​ សប្តាហ៍ ដែល​ស្មើ ​៨០ ​ភាគរយ​នៃ​ជើងហោះហើរ​ភ្នំពេញ​-​សិង្ហបុរី ក្នុង​ឆ្នាំ​ ២០១៩​។ គិត​មកដល់​ខែមេសា​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ មាន​ជើងហោះហើរ​ជាង ២៥០ ​ជើង​ក្នុង ១ ​សប្តាហ៍​»​។

បើតាម​អ្នកនាំពាក្យ​រូបនេះ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ប្រមាណ​ជាង ២០ ​ក្រុមហ៊ុន​ដែល​បានចាប់ផ្តើម​បើក​ដំណើរការ​ហោះហើរ​ឡើងវិញ​។

លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​បានឱ្យដឹងថា ជើង​ហោះហើរ​អន្តរជាតិ ដែល​ចេញចូល​អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង​បាន​កើនឡើង​គួរឱ្យកត់សម្គាល់ ខណៈ​ចំនួន​អ្នកដំណើរ​ក៏មាន​កំណើន​ដូចគ្នា​។

លោក​បន្ថែមថា សម្រាប់​ភ្ញៀវ​ហោះហើរ​ក្នុងស្រុក គឺ​មិនទាន់​កើនឡើង​ទេ ដោយសារ​អ្នកដំណើរ​ក្នុង​ស្រុក​ភាគច្រើន​ប្រើ​រថយន្ត​ជា​មធ្យោបាយ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​បានកត់សម្គាល់​ឃើញថា ជើងហោះហើរ​អន្តរជាតិ​មកកាន់​ខេត្ត​ព្រះសីហនុ​កើនឡើង​ច្រើន ប៉ុន្តែ​ជើងហោះហើរ​ក្នុង​ស្រុក​នៅមានកម្រិត​។ ចំពោះ​ភ្ញៀវទេសចរ​វិញ មិន​ថា​ថ្ងៃបុណ្យ ឬ​ថ្ងៃ​ចុង​សប្តាហ៍​ទេ ខេត្ត​ព្រះសីហនុ​មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ច្រើន​។ ខ្ញុំ​រំពឹងថា ក្រោយ​ផ្លូវ​ល្បឿន​លឿន​ដាក់ឱ្យ​ដំណើរការ​នឹង​ជំរុញ​កំណើន​ទេសចរ​មក​បន្ថែមទៀត ទាំង​ទេសចរ​លម្ហែ​កម្សាន្ត និង​ទេសចរ​វិនិយោគ​»​។

យោងតាម​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ក្នុង​ឆ្នាំ ​២០២១ ចំនួន​អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​ ៣ មាន​ចំនួន​ជិត​ ១០ ​ម៉ឺន​នាក់ ថយចុះ​ជាង ៨៦ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០៕ LA