
គម្រោងអភិវឌ្ឍន៍អគ្គិសនីខេត្តចំនួន ៣ ត្រូវបានដាក់ឱ្យដំណើរការ។ រូបថត Kroko
កោះកុងៈ កម្ពុជាចំណាយថវិកាជាង ៩២ លានដុល្លារទៅលើការសាងសង់ខ្សែបណ្តាញបញ្ជូន អនុស្ថានីយ និងបណ្តាញចែកចាយអគ្គិសនីនៅក្នុងខេត្តចំនួន ៣ គឺ កោះកុង កំពង់ចាម និងក្រចេះ និងគម្រោងពង្រឹងសមត្ថភាពដល់និយោជិតអគ្គិសនីកម្ពុជា។
ថវិកាប្រមាណ ៨៦,៤១ លានអឺរ៉ូ ឬស្មើនឹងជាង ៩២ លានដុល្លារអាមេរិក ដែលប្រើប្រាស់សម្រាប់ការសាងសង់គម្រោងទាំង ២ នេះ គឺបានមកពី ទី ១ ឥណទានសម្បទានចំនួន ៧០ លានអឺរ៉ូ ឬស្មើជាង ៧៤ លានដុល្លារអាមេរិកពីសាធារណរដ្ឋបារាំង,ទី ២ ជាជំនួយឥតសំណងពីសហភាពអឺរ៉ុបសម្រាប់ការពង្រឹងសមត្ថភាពចំនួន ១ លានអឺរ៉ូ ស្មើជាង ១ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងទី ៣ ជាថវិកាបដិភាគរបស់អគ្គិសនីកម្ពុជាចំនួន ១៥,៤១ លានអឺរ៉ូ ឬស្មើនឹងជាង ១៦ លានដុល្លារអាមេរិក។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែបណ្តាញបញ្ជូន អនុស្ថានីយ និងខ្សែបណ្តាញចែកចាយក្នុងខេត្តកំពង់ចាម ក្រចេះ និងកោះកុង កាលពីថ្ងៃទី ១០ ខែឧសភា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានថ្លែងថា កិច្ចព្រមព្រៀងឥណទាន និងការផ្តល់ជំនួយឥតសំណងខាងលើត្រូវបានចុះហត្ថលេខានៅទីស្តីការក្រសួងអឺរ៉ុប និងការបរទេស នាទីក្រុងប៉ារីស កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៥ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Laurent Fabius រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសនៃសាធារណរដ្ឋបារាំង។
លោកបានបន្តថា អនុស្ថានីយ និងបណ្តាញចែកចាយអគិ្គសនីដែលបានសាងសង់ក្នុងក្របខ័ណ្ឌគម្រោងនេះ នឹងធ្វើឱ្យប្រព័ន្ធបណ្តាញបញ្ជូនអគិ្គសនីនៅភូមិភាគខាងលិច និងខាងត្បូងកម្ពុជាក្លាយទៅជាប្រព័ន្ធបណ្តាញកងជួយពង្រឹងគ្នាទៅវិញទៅមកក្នុងការបញ្ជូនថាមពលអគ្គិសនី ប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាពក្នុងផ្ទៃប្រទេស។
លោកបញ្ជាក់ថា៖ «គម្រោងនេះនឹងជួយពង្រឹងដល់ការផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់តំបន់ឆ្ងាយដាច់ស្រយាលនៅក្នុងខេត្តកោះកុង កំពង់ចាម និងខេត្តក្រចេះ ដែលនាំប្រភពផ្គត់ផ្គង់ឱ្យទៅកៀកប្រជាពលរដ្ឋ ក៏ដូចជាជួយជំរុញការអភិវឌ្ឍតំបន់ច្រករបៀងមាត់សមុទ្រពីផ្លូវជាតិលេខ ៤ ស្រែអំបិល មកក្រុងខេមរភូមិន្ទ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការកសាងខឿនសេដ្ឋកិច្ចជាតិរួមមាន ការអភិវឌ្ឍលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ជាដើម»។
លោក Jacques PELLET ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងបាននិយាយថា គម្រោងបញ្ជូន និងចែកចាយថាមពលអគ្គិសនីដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវថាមពលសម្រាប់បំពេញសេចក្តីត្រូវការក្នុងខេត្ត។
លោកអះអាងថា៖ «គម្រោងនេះ បានបង្ហាញពីទំនាក់ទំនងដ៏ល្អសម្រាប់រយៈពេលវែង ដែលក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីជួយគាំទ្រដោយយុទ្ធសាស្ត្រតភ្ជាប់បណ្តាញអគ្គិសនី របស់ប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍ និងការពង្រឹងបណ្ដាញអគ្គិសនី ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការបម្រើជាផលប្រយោជន៍ដល់ប្រជាជនកម្ពុជា»។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា បច្ចុប្បន្នតម្រូវការប្រើប្រាស់អគ្គិសនីក្នុងខេត្តកំពង់ចាម មិនទាន់ខ្វះខាតនៅឡើយទេ។
បើតាមលោករដ្ឋមន្ត្រី ប្រព័ន្ធបណ្តាញកងខាងលើនេះនឹងរួមចំណែកជួយពង្រីកលទ្ធភាពក្នុងការនាំយកថាមពលពីប្រភពវារីអគ្គិសនីនៅបណ្តាខេត្តភាគខាងលិច រួមមាន វារីអគ្គិសនីតាតៃ វារីអគ្គិសនីឫស្សីជ្រុំក្រោម វារីអគ្គិសនីអាតៃ ប្រមាណជាង ៧០០ មេហ្គាវ៉ាត់ និងវារីអគ្គិសនីស្ទឹងពោធិ៍សាត់កម្លាំង ៨០ មេហ្គាវ៉ាត់, វារីអគ្គិសនីតាតៃលើកម្លាំង ១៥០ មេហ្គាវ៉ាត់ដែលកំពុងតែរៀបចំធ្វើការអភិវឌ្ឍ និងបណ្ដាវារីអគ្គិសនីក្នុងខេត្តកោះកុង និងខេត្តពោធិ៍សាត់ ជាង ៣០០ មេហ្គាវ៉ាត់បន្ថែម ដែលបានកំណត់ក្នុងផែនការមេទៅផ្គត់ផ្គង់ឱ្យរាជធានីភ្នំពេញ និងតំបន់ភូមិភាគខាងត្បូង៕ LA