
តម្លៃប្រេងសាំងលក់រាយនៅកម្ពុជា បន្តកើនឡើងបន្ថែមទៀត។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ប្រេងសាំងធម្មតាមានតម្លៃ ៥ ៥៥០ រៀល ក្នុង ១ លីត្រ ខណៈប្រេងម៉ាស៊ូតបានហក់ឡើងជាង ៥ ៨០០ រៀល ក្នុង ១ លីត្រ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២២ សម្រាប់ទីផ្សារលក់រាយនៅកម្ពុជា ។
តម្លៃប្រេងឥន្ធនៈបានឡើងថ្លៃជាបន្តបន្ទាប់ ដោយប្រេងសាំងធម្មតាបានឡើង ៣០០ រៀល ពីតម្លៃ ៥ ២៥០ រៀល ដល់ ៥ ៥៥០ រៀល ក្នុង ១ លីត្រ និងប្រេងម៉ាស៊ូតបានឡើង ២០០ រៀល ពីតម្លៃ ៥ ៦០០ រៀល ដល់ ៥ ៨០០ រៀល ក្នុង ១ លីត្រ។ នេះបើតាមការជូនដំណឹងពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០២២ នេះ។
កាលពីចុងខែមីនា ឆ្នាំ ២០២២ អន្តរក្រសួងរួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងរ៉ែ និងថាមពល បានសម្រេចចេញប្រកាសស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ដើម្បីឱ្យថ្លៃប្រេងឥន្ធនៈឡើងចុះតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ដោយឱ្យអនុវត្តតែទៅលើការលក់រាយប្រេងឥន្ធនៈប៉ុណ្ណោះ។ ប្រកាសអន្តរក្រសួងនេះ នឹងនៅជាធរមាន បើសិនជាមិនមានការចេញប្រកាសថ្មីទេ៕