ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ (​ក.ស.ភ ) រកចំណូលបាន​ជិត ១០ ​លាន​ដុល្លារ នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ កើនឡើង ១៧​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលជា​ការឆ្លុះបញ្ចាំង​អំពី​ការ​ងើបឡើង​វិញ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​សកលលោក​។

របាយការណ៍​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​ឱ្យដឹងថា ចាប់ពី​ខែមករា ដល់​មីនា ឆ្នាំ​ ២០២២ អង្គភាព​នេះ​រកចំណូល​បាន ៩ ៤៩៨ ១៤៦ ​ដុល្លារ ជា​ចំណូល​ដែល​ពុំទាន់​បានធ្វើ​សវនកម្ម កើនឡើង ១៧​ ភាគរយ​បើ​ធៀប​ទៅ​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ចំនួន ៨ ១១៨ ០៤២​ ដុល្លារ ជា​ចំណូល​ក្រោយពី​ធ្វើ​សវនកម្ម​រួច​។

ចំពោះ​ប្រភព​ចំណូល​វិញ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​មាន​ប្រភព​ចំណូល ៤ រួមមាន ទី​ ១ ចំណូល​ពី​ប្រតិបត្តិការ​ផែ មាន​ចំនួន ៧ ៨៨១ ៦០៦​ ដុល្លារ​កើនឡើង ២៧ ​ភាគរយ ទី​ ២ ចំណូល​បាន​ពី​អាជ្ញាធរ​ផែ ចំនួន ១ ០០៣ ០៩៦ ដុល្លារ​កើន ១៣ ​ភាគរយ ទី ​៣ ចំណូល​បាន​ពី​សេវាកម្ម​ផ្សេងៗ​ចំនួន ៤៨ ៣៨៧ ដុល្លារ ថយចុះ ៣៨ ​ភាគរយ និង​ទី​ ៤ ចំណូល​ផ្សេងៗ ៥៦៥ ០៥៧ ដុល្លារ ថយចុះ ៤១ ​ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១​។

ដោយឡែក​ចំពោះ​លទ្ធផល​ការងារ​អាជីវកម្ម​នៃ​សេវាកម្ម​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ក្នុង​រយៈពេល ៤ ​ខែ ឆ្នាំ​ ២០២២ នេះ​វិញ បាន​បង្ហាញថា ការដឹកជញ្ជូន​ទំនិញ និង​ប្រេងឥន្ធនៈ​ឆ្លងកាត់​កំពង់ផែ​នេះ​មាន​ប្រមាណ​ជាង ១,៣ ​លាន​តោន កើន ៤,១៦ ​ភាគរយ​, នាវា​ផ្ទុកទំនិញ​ឆ្លងកាត់​មាន ១ ៦៨៨ ​ជើង កើនឡើង​ជិត ១២០ ​ភាគរយ​, បរិមាណ​កុងតឺន័រ​មាន ១៣៥ ៥៨២ TEU កើនឡើង ៣៨,២៩ ​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ៦ ខែឧសភា ឆ្នាំ​ ២០២២​។

ក្នុង​មហាសន្និបាត​ភាគហ៊ុនិក លើក​ទី ​៧ របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​កាលពី​ថ្ងៃទី​ ១០ ខែឧសភា ឆ្នាំ​ ២០២២ លោក ហ៊ឺ បាវី ប្រធាន​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បានឱ្យដឹងថា ឆ្នាំ​ ២០២២ នេះ ក.ស.ភ. មាន​ផែនការ​ការងារ​ជា​អាទិភាព​សម្រាប់​អនុវត្ត​បន្តទៀត​ដូចជា គម្រោង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ចំណត​ផែ​កុងតឺន័រ LM ១៧ ជំហាន​ទី​ ៣ ដំណាក់កាល ទី ​២ (​ឆ្នាំ​ ២០២២-២០២៣)​ ដើម្បី​ពង្រីក​សមត្ថភាព​ផ្ទុក​កុងតឺន័រ​ឱ្យបាន​ដល់​ ៥០០ ០០០ (​ហាសិបម៉ឺន​) TEU/​ឆ្នាំ​។

លោក​បាន​បន្ថែមទៀតថា កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ក៏មាន​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​រណប​តាម​ដង​ទន្លេ​នៅតាម​ទីតាំង​មួយចំនួន​ទៀត រួមមាន ចំណត​ផែ​រណប​ពហុបំណង​កោះ​រកា (LM២៦), ចំណត​ផែរណប​ពហុបំណង TS១១, ចំណត​ផែរណប​ពហុបំណង​ព្រែក​អញ្ចាញ​ (UM9), ចំណត​ផែរណប​ពហុបំណង​ទន្លេ​បិទ​ (UM២), ចំណត​ផែរណប​ពហុបំណង​ឆ្លូង (​ក្រចេះ​), ចំណត​ផែរណប​ពហុបំណង​កំពង់ឆ្នាំង និង​ចំណត​ផែ​រណប​ពហុបំណង​ព្រែក​ក្តាម ដើម្បី​បង្ខិត​សេវាកម្ម​របស់ ក.ស.ភ. ឱ្យ​កាន់តែ​កៀក​ទៅ​អតិថិជន​។

លោក​បញ្ជាក់ថា​៖ «​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ជា​សហគ្រាស​សាធារណៈ ដែលមាន​ភារកិច្ច​ធ្វើ​អាជីវកម្ម សេវាកម្ម​ផែ ហើយ​ដែលមាន​ការទទួល​ស្គាល់ និង​តែងតែ​ឈានមុខ​គេ​ជានិច្ច​ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​តាម​ដងទន្លេ​តាមរយៈ​ការផ្តល់សេវា ប្រកប​ដោយ​គុណភាព រហ័ស និង​តម្លៃ​ប្រកួត​ប្រជែង និង​តាមរយៈ​ការពង្រីក និង​បង្ខិត​សេវា​ទៅជិត​អ្នកប្រើប្រាស់​»​។

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោក ជា ចាន់ដារ៉ា បាន​ប្រាប់​ឱ្យដឹងថា បើសិន​មើល​ទៅលើ​របាយការណ៍ ច្បាស់​ណាស់ ដើមឆ្នាំ​ ២០២២ នេះ ការដឹកជញ្ជូន​ឆ្លងកាត់​កំពង់ផែ​ពិតជា​មាន​ការកើនឡើង ដោយសារ​ដើមឆ្នាំ​ ២០២១ មាន​ការបិទ​ខ្ទប់​។ នៅក្នុង​ត្រីមាស​ទី​ ១ ដើមឆ្នាំ​នេះ ផលិតកម្ម​វិស័យ​វាយនភណ្ឌ​កាត់ដេរ និង​អាជីវកម្ម​នានា​បានចាប់ផ្តើម​បើក​ដំណើរការ​ឡើង​វិញ ដែល​បាន​ជំរុញ​ឱ្យ​ការដឹកជញ្ជូន ជាពិសេស​តាមផ្លូវ​ទឹក​មាន​សកម្ម​ភាព​មមាញឹក​ឡើងវិញ​។

លោក​អះអាងថា​៖ «​កាលពី​ដើមឆ្នាំ​តម្លៃ​ដឹកជញ្ជូន​មានការ​ឡើងថ្លៃ​ខ្លាំង ប៉ុន្តែ​ចូលដល់​ខែមេសា​តម្លៃ​ដឹកជញ្ជូន មាន​ថយចុះ​បន្តិច​មកវិញ​។ ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​នេះដែរ គេ​សង្កេតឃើញថា ការដឹក​ទំនិញ​នាំចូល​ពី​ខាង​ប្រទេស​ចិន​មាន​ភាពយឺតយ៉ាវ ដោយសារ​ប្រទេស​នេះ​កំពុងមាន​ផ្ទុះ​ឡើងវិញ​នូវ​ជំងឺ​កូវីដ​ ១៩»​។

បើតាម​អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​កាលពី​ឆ្នាំ​ ២០២១ ក.ស.ភ. សម្រេចបាន​លទ្ធផល​អាជីវកម្ម ដោយ​ទទួលបាន​នូវ​បរិមាណ កុងតឺន័រ​ចំនួន ៣៤៨ ៨៩៨ TEUs កើនឡើង​ចំនួន ២០ ​ភាគរយ ធៀប​នឹង​ការអនុវត្ត​ឆ្នាំ ​២០២០​។ ចំណែក​លទ្ធផល​ហិរញ្ញវត្ថុ ក.ស.ភ. ទទួលបាន​នូវ​ប្រាក់ចំណេញ​ចំនួន ១២ ៧០៧ ៨៣១ លាន​ដុល្លារ កើនឡើង​ចំនួន ២៩ ​ភាគរយ​ធៀប​នឹង​ការអនុវត្ត​ឆ្នាំ ​២០២០៕ LA