
ជំនួបពាណិជ្ជកម្មរវាងសមាជិកគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនអាមេរិកនៅទីក្រុងញូយ៉ក កាលពីថ្ងៃទី ៩ ឧសភា៊ រូបថត CCC
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា (CCC) បានលើកទឹកចិត្ត និងជំរុញឱ្យធុរជនអាមេរិកមកបំពេញទស្សនកិច្ចដោយផ្ទាល់នៅកម្ពុជា ដើម្បីទាញយកប្រយោជន៍អំពីកាលានុវត្តភាពនានា ពិសេសសិក្សាលទ្ធភាពសហការគ្នាទៅលើវិស័យមានសក្តានុពល ដូចជា ពាណិជ្ជកម្មកសិកម្ម សេវាកម្ម សំណង់ និងអចលនទ្រព្យ។
នៅក្នុងជំនួបពាណិជ្ជកម្មរវាងសមាជិកគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនអាមេរិកជាង ១០០ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី ៩ ឧសភា លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា អាមេរិក គឺជាដៃគូពាណិជ្ជកម្មដ៏ធំរបស់ប្រទេសកម្ពុជា ហើយក្រុមហ៊ុនធំៗជាច្រើនរបស់អាមេរិកក៏កំពុងបណ្តាក់ទុននៅកម្ពុជាដែរ។ លោកបញ្ជាក់ថា៖ «ឆ្នាំ ២០២២ នេះកម្ពុជាគឺជាប្រធានអាស៊ាន ហើយក៏ជាឆ្នាំដ៏ប្រសើរក្នុងការជំរុញទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំង ២ ឱ្យកាន់តែរឹងមាំថែមទៀត។ កម្ពុជាស្វាគមន៍ធុរជនអាមេរិក មកបំពេញទស្សនកិច្ចដោយផ្ទាល់នៅកម្ពុជាដើម្បីទាញយកប្រយោជន៍ពីកាលានុវត្តភាព និងសិក្សាលទ្ធភាពសហការគ្នាជាមួយដៃគូកម្ពុជា»។
ក្នុងឱកាសនៃជំនួបនេះក្រុមហ៊ុននៃប្រទេសទាំង ២ ក៏បានជជែកពិភាក្សាពីគោលនយោបាយលើកទឹកចិត្តចំពោះការវិនិយោគ ស្ថានភាពបច្ចុប្បន្នក៏ដូចជាតម្រូវការនានាក្នុងវិស័យមួយចំនួនដូចជា សំណង់ និងអចលនទ្រព្យ កសិកម្ម សេវាកម្ម និងពាណិជ្ជកម្មជាដើម។
លោក គី សេរីវឌ្ឍន៍ អ្នកសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងអាមេរិក គឺមានភាពល្អប្រសើរ។ លោកបញ្ជាក់ថា៖ «យើងសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជួយឱ្យការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកកាន់តែប្រសើរ ១ កម្រិតទៀតដែលអាចឈានដល់ការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នានាពេលអនាគតផងដែរ»។
ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បានឱ្យដឹងថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ការនាំចេញផលិតផលស្បែកជើងទៅអាមេរិកមានទឹកប្រាក់ប្រមាណ ១៥២ លានដុល្លារ កើនជាង ៤៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
លោកនិយាយថា៖ «យើងរំពឹងថា ការនាំចេញផលិតផលស្បែកជើងទៅទីផ្សារអាមេរិក ក្នុងឆ្នាំនេះ និងឆ្នាំក្រោយនឹងមានសម្ទុះកើនឡើងថែមទៀត ក្រោយពីជំនួបរវាងប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនអាមេរិក»។
ក្នុងអំឡុងពេលទស្សនកិច្ចនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ៨-១៥ ខែឧសភា គណៈប្រតិភូនៃសភាពាណិជ្ជកម្មកម្ពុជានឹងចូលរួមព្រឹតិ្តការណ៍ធុរកិច្ចនានាជាច្រើនផងដែរ។
កាលពីឆ្នាំ ២០២១ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិកមានទឹកប្រាក់សរុប ៩ ១៥៩ លានដុល្លារ កើនឡើង ៣២,៦១ ភាគរយធៀបនឹងឆ្នាំ ២០២០ ដែលមានចំនួន ៦ ៩០៦,៣ លានដុល្លារ។ ដោយក្នុងនោះការនាំទំនិញកម្ពុជាទៅអាមេរិក មានតម្លៃ ៨ ៧៤៥,៣ លានដុល្លារ កើន ៣៣,២៦ ភាគរយ និងការនាំទំនិញពីអាមេរិកមកកម្ពុជា មានទឹកប្រាក់ ៤១៣,៧ លានដុល្លារកើនឡើង ២០,២៩ ភាគរយ។ នេះបើតាមការិយាល័យជំរឿនអាមេរិក៕ LA