ភ្នំពេញៈ កម្ពុជា​-​វៀតណាម​បាន​ជួបពិភាក្សា​រិះរក​មធ្យោបាយ​រួមគ្នា​ក្នុងការ​រក្សា​ឱ្យបាន​នូវ​ការតភ្ជាប់​នៃ​ខ្សែចង្វាក់​រវាង​ឧស្សាហកម្ម​វៀតណាម​ជាមួយ​ឧស្សាហកម្ម​កម្ពុជា បន្ទាប់ពី​វៀតណាម​បាន​ចុះហត្ថលេខា និង​ដាក់ឱ្យ​ចូល​ជាធរមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប និង​វៀតណាម​។

ជំនួប​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៩ ខែឧសភា ឆ្នាំ​ ២០២២ រវាង​លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង លោក ត្រឹង វឹកខាន់ អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម នៅក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។

លោក សុខ សុភ័ក្ត្រ បានលើក​ឡើង​នៅក្នុង​ជំនួប​នោះ​ថា ភាគី​ទាំង​ ២ ​បាន​យល់​ស្របគ្នា​ក្នុង​ការ​រក្សា​ឱ្យបាន​នូវ​និរន្តរភាព​ខ្សែចង្វាក់​តម្លៃ​រវាង​ឧស្សាហកម្ម​វៀតណាម​ជាមួយ​ឧស្សាហកម្ម​កម្ពុជា បន្ទាប់ពី​វៀតណាម​បាន​ចុះហត្ថលេខា និង​ដាក់ឱ្យចូល​ជា​ធរមាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​សហភាព​អឺរ៉ុប គឺជា​កិច្ចការ​ដ៏ចាំបាច់ និង​សំខាន់បំផុត ដើម្បី​រក្សាបាន​នូវ​វិនិយោគ​ផលិត​កង់​នៅ​កម្ពុជា​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​អឺរ៉ុប និង​អង់គ្លេស​ដែលមាន​ការនាំ​ចូល​គ្រឿងបន្លាស់​មួយចំនួន​ផលិត​នៅ​វៀតណាម​មក​រួមបញ្ចូល​ក្នុង​ផលិតកម្ម​នៅ​កម្ពុជា​។

លោក​បាន​បន្តថា ការរួម​គ្នា​បន្ត​ខ្សែចង្វាក់​តម្លៃ​នេះ​នឹង​ផ្តល់​ផលចំណេញ​ដល់​ការរីកចម្រើន​នៃ​ឧស្សាហកម្ម​នៃ​ប្រទេស​ទាំង​ ២ និង​ជំរុញ​ឱ្យមាន​ការតភ្ជាប់​ខ្សែចង្វាក់​តម្លៃ​ក្នុង​តំបន់​។

បន្ទាប់ពី​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់​រួចមក​ភាគី​ទាំង​ ២​ បាន​ប្តេជ្ញា​ក្នុងការ​បន្ត​សហការគ្នា​យ៉ាង​ជិតស្និទ្ធ ដើម្បី​បញ្ចប់​ការពិគ្រោះ​យោបល់​ផ្ទៃក្នុង​​រៀងៗ​ខ្លួន ហើយ​ជូនដំណឹង​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ឱ្យបាន​ឆាប់ៗ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​សុំ​អត្ថាធិប្បាយ​បន្ថែម​បានទេ​កាលពី​ថ្ងៃទី​ ១២ ខែឧសភា​។

លោក ឆេង គឹមឡុង អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​រីករាយ​នឹង​ចំណាត់ការ​ទាន់ពេលវេលា​របស់​កម្ពុជា ដែល​បាន​ទៅ​ចរចា​ជាមួយ​ភាគី​វៀតណាម​ក្នុង​ការរក្សា​ខ្សែចង្វាក់​រវាង​ឧស្សាហកម្ម​វៀតណាម និង​ឧស្សាហកម្ម​កម្ពុជា ដើម្បី​ឱ្យ​កម្ពុជា​នៅ​បន្ត​បានទទួល​ផលចំណេញ​ពី​វិស័យនេះ​។

លោក​បន្តថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម​សហគមន៍​អឺរ៉ុប​នេះ ប្រទេស​ជា​ហត្ថលេខី​នឹង​ទទួល​សិទ្ធិ​ពិសេស​ក្នុងការ​នាំចេញ​ទំនិញ​។ ដូច្នេះ​នៅពេល​ប្រទេសមួយ​ទទួល​សិទ្ធិ ពិសេស​នេះ​វា​ធ្វើឱ្យ​ប្រទេស​ផ្សេងទៀត ដែល​ពុំ​បានទទួល​នោះ គឺ​មិន​ទទួល​បាន​ផលប្រយោជន៍​។

លោក​ថ្លែងថា​៖ «​នៅក្នុង​ករណីនេះ កម្ពុជា​ជាមួយ​នឹង​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​អាច​នឹងមិន​ទទួលបាន​នូវ​ការផ្គត់ផ្គង់ និង​ការនាំចេញ​នៅក្នុង​កម្រិត​ទាប​។ ចំណែក​វៀតណាម​នឹង​បន្ត​មាន​ឧត្តមភាព​ផ្នែក​ខាង​ភាព​ទាក់ទាញ​ការវិនិយោគ​ពី​សហគមន៍​អឺរ៉ុប​។ ជាមួយ​គ្នានេះ​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​នឹង​ក្លាយទៅជា​ទិសដៅ​នាំចេញ​ទំនិញ​ពិសេស​ពី​វៀតណាម​ក្រោម​រូបភាព​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ពិសេស​នោះ​»​។

យ៉ាងណា​លោក​បញ្ជាក់ថា ក្នុងករណីនេះ កម្ពុជា​អាច​នឹង​ចំណេញ​ខ្លះ និង​ខាតបង់​ខ្លះ​។ ចំពោះ​ការខាតបង់​នេះ មិនមែន​ផ្តោតលើ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​កម្ពុជា-​វៀតណាម​នោះទេ ប៉ុន្តែ​វៀតណាម​ទទួលបាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ច្រើន​នៃ​ការនាំចេញ​ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដូច្នេះ​កិច្ចចរចា​លើ​វិស័យ​ឧស្សាហកម្ម​រវាង​ប្រទេស​ទាំង ​២ ​នឹង​ធ្វើឱ្យ​កម្ពុជា និង​វៀតណាម​ក៏ដូចជា​ប្រទេស​ក្នុង​តំបន់​ផ្សេងទៀត​ទទួលបាន​ផលចំណេញ​ដូចគ្នា តាមរយៈ​ការ​ផ្គត់ផ្គត់​សេវា និង​ទំនិញ​ឧស្សាហកម្ម​ផ្សេងៗ​ ដើម្បី​បំពេញ​បង្គ្រប់ បើទោះបី​កម្ពុជា​មិនបាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ជាមួយ​សហគមន៍​អឺរ៉ុប​ក៏ដោយ​។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​សហគមន៍​អឺរ៉ុប-​វៀតណាម បាន​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី ​៣១ ខែកក្កដា ឆ្នាំ​ ២០២០ ដែល​កិច្ចព្រមព្រៀង​នេះ​លុបចោល​ពន្ធ​ប្រមាណ​ ៩៩ ​ភាគរយ​នៃ​មុខទំនិញ​ទាំងអស់​ដែល​ភាគី​ទាំង​ ២ ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយគ្នា​៕ LA