ភ្នំពេញៈ ក្រសួងកសិកម្ម​កំពុង​ព្រួយបារម្ភ​ថា ជំងឺ​ម៉ូសាអ៊ិច​នឹង​ធ្វើឱ្យ​ទិន្នផល​ដំឡូងមី​ធ្លាក់ចុះ ខណៈ​ដែល​តំបន់​មួយចំនួន​នៅក្នុង​ប្រទេស​បាននិង​កំពុង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​នេះ​យ៉ាងធ្ងន់ធ្ងរ​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន​ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា ជំងឺ​ម៉ូសាអ៊ិច​បាន​វាយលុក​លើ​ដំណាំ​ដំឡូងមី​របស់​កសិករ​នៅ​ទូទាំងប្រទេស ៣-៤ ​ឆ្នាំ​មកហើយ ដោយ​បាន​ធ្វើឱ្យ​ទិន្នផល​ដំឡូងមី​ធ្លាក់ចុះ​យ៉ាងគំហុក​។ លោក​បន្ថែមថា ប្រទេស​ជិតខាង​កម្ពុជា​បាន​កើត​មាន​ជំងឺ​ម៉ូសាអ៊ិច​នេះ និង​បាន​ចម្លង​មេរោគ​នេះ​មក​កម្ពុជា តាមរយៈ​ការនាំ​ចូល​ពូជ ដោយ​មិនបាន​ត្រួតពិនិត្យ​លក្ខខណ្ឌ​ភូតគាម​អនាម័យ​ត្រឹមត្រូវ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​ប្រាកដ​ណាស់ ជំងឺ​នេះ​នឹង​ធ្វើ​ឱ្យ​ថមថយ​ទិន្នផល​ច្រើន​គឺ​ប្រមាណ ៨០​ ភាគរយ បើសិន​វា​វាយលុក​មកលើ​ដំណាំ​ដំឡូងមី ដោយ​ពុំមាន​ការទប់ស្កាត់​។ យើង​មានការ​ព្រួយបារម្ភ​មែនទែន​ចំពោះ​បញ្ហា​នេះ​។ យើង​បាន​ខិតខំ​ព្យាយាម​រក​វិធីសាស្ត្រ ដើម្បី​ទប់ស្កាត់ ព្រោះ​ក្នុង​ផលិតកម្ម ដែល​យើង​ផលិត​បាន​ក្នុង​ ១ ​ឆ្នាំ​ជាង​ ៣៥​ លាន​តោន ផលិតផល​ដំឡូងមី​បានរួម​ចំណែក ១៤ ​លាន​តោន ដែលមាន​តម្លៃ​ជាង ១ ​ពាន់​លាន​ដុល្លារ​ទើប​យើង​មាន​ការស្វះ​ស្វែងរក​ថវិកា ដើម្បី​ជួយ​លើ​ការស្រាវជ្រាវ​ទប់ស្កាត់​ជំងឺ​នេះ ដើម្បី​បញ្ចៀស​ការខាតបង់​កាន់តែ​ធ្ងន់ធ្ងរ​ចំពោះ​ទិន្នផល​ដំឡូងមី​»​។

លោក​បន្តថា ដៃគូ​អភិវឌ្ឍន៍ រួមមាន CAVAC និង JICA ជាដើម​បាន​ជួយ​លើ​ការស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ខេត្ត​បាត់ដំបង ដើម្បី​សម្អាត និង​ទប់ស្កាត់​មេរោគ​នេះ​។

លោក ទុំ នីរ៉ូ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​ស្ទឹងត្រែង ដែលជា​តំបន់​កំពុងមាន​បញ្ហា​ជំងឺ​ម៉ូសាអ៊ិច​បាន​និយាយថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ជំងឺ​ម៉ូសាអ៊ិច បាន​កើតឡើង​ទៅលើ​ដំណាំ​ដំឡូងមី​នៅ​ខេត្តស្ទឹងត្រែង​ដែល​ធ្វើឱ្យ​ទិន្នផល​ធ្លាក់ចុះ​យ៉ាងខ្លាំង​។

លោក​ប្រាប់ថា​៖ «​យើង​សង្ឃឹមថា​គម្រោង​របស់ CAVAC នឹង​ជួយ​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ជូន​ប្រជាកសិករ តាមរយៈ​ការជួយ​រៀបចំ​ជា​ផ្ទះ​សំណាញ់​សម្រាប់​ពង្រីក​ពូជ​ដំឡូងមី​ឆាប់រហ័ស ជា​ពូជ​សុទ្ធ​ល្អ គ្មាន​ជំងឺ​ម៉ូសាអ៊ិច ផ្តល់​ទិន្នផល​ខ្ពស់ និង​ធានាបាន​គុណភាព​»​។

ថ្វី​ដ្បិត​ជំងឺ​ម៉ូសាអ៊ិច​កំពុង​ធ្វើឱ្យ​ផលិតកម្ម​ដំឡូងមី​ជួប​បញ្ហា​ពិតមែន ប៉ុន្តែ​លោក ឈឹម វជិរា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង​បាន​អះអាងថា ទិន្នផល​ដំឡូងមី​នៅ​ខេត្តបាត់ដំបង​មិនបាន​ជួប​បញ្ហា​ធ្ងន់ធ្ងរ​ទេ ដោយសារ​តែ​ខាង​មន្ត្រី​ជំនាញ​បាន​ផ្លាស់ប្តូរ​ពូជ និង​ទប់ស្កាត់បាន​ទាន់ពេលវេលា​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​រង​ផលប៉ះពាល់​តិចតួច​ប៉ុណ្ណោះ​ពី​ជំងឺ​នេះ ដោយសារ​យើង​បាន​ចុះទៅ​ណែនាំ​ដល់​កសិករ​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​តាមដាន​ឱ្យបាន​ហ្មត់ចត់​»​។

ចំណែក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ឧត្តរមានជ័យ លោក សូត្រ ស៊ីសុខឃាង បាន​និយាយថា មន្ទីរ​បានរៀបចំ​យុទ្ធនា​ការប្តូរ​ពូជ​ដំឡូងមី ដោយ​កាលពីមុន កសិករ​បានជ្រើសរើស​យក​ពូជ​ហ៊ុយបុង និង​រ៉ាក់យ៉ង​របស់​ថៃ ដែល​ភាគច្រើន​ពូជ​ទាំង​ ២​ នេះ កើត​មាន​វីរុស​ម៉ូសាអ៊ិច​។

លោក​ប្រាប់ថា​៖ «​យើង​បាន​សហការ​ជាមួយ​សាកល​វិទ្យាល័យ​ខេត្តបាត់ដំបង​ដើម្បី​ស្រាវជ្រាវ​លើ​ពូជ​ដំឡូងមី​ថ្មី​»​។

ដំឡូងមី ជា​ដំណាំ​កសិឧស្សាហកម្ម​ឈានមុខ​គេ​មួយ​របស់​កម្ពុជា​។ កាលពី​ឆ្នាំ​ ២០២១ កម្ពុជា​បានដាក់​ចេញ​ជា​ផ្លូវការ​នូវ ​«​គោលនយោបាយ​ជាតិ​ស្តីពី​ដំឡូងមី ២០២០-២០២៥» ដើម្បី​បង្កើន​ផលិតកម្ម និង​ធ្វើឱ្យ​វា​កាន់​តែមាន​លក្ខណៈ​ពាណិជ្ជកម្ម​សម្រាប់​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​៕ LA