ភ្នំពេញៈ សមាគម​ទេសចរណ៍រ​បស់​ហ្វីលីពីន​គ្រោង​នឹង​មក​ធ្វើ FAM Trip នៅ​កម្ពុជា នៅ​អំឡុង​ខែសីហា​ខាងមុខ ដើម្បី​ទស្សនា​តំបន់​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា និង​ផ្សព្វផ្សាយ​ទៅកាន់​ទីភ្នាក់ងារ​ទេសចរណ៍ និង​ប្រជាជន​ហ្វីលីពីន​។

លោក សុខ សង្វារ អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ ដែល​បាន​ដឹកនាំ​ប្រតិភូ​ទៅ​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ដំណើរ​ទេសចរណ៍​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និង​បៃតង នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃទី​ ៣-៧ ខែឧសភា ឆ្នាំ​ ២០២២ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កម្មវិធី​ផ្សព្វផ្សាយ​នេះ​ទទួល​បាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​បណ្តា​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍​នៃ​ប្រទេស​ហ្វីលីពីន ហើយ​ភ្នាក់ងារ​ទេសចរណ៍​ហ្វីលីពីន និង​ក្រុមហ៊ុន Philippines Airlines ក៏បាន​ឯកភាព​នឹង​ជំរុញ​ជើងហោះហើរ​ត្រង់​មក​កម្ពុជា​ឡើងវិញ​នាពេល​ឆាប់ៗ​។

លោក​បញ្ជាក់ថា​៖ «​សមាគម​ទេសចរណ៍​ហ្វីលីពីន​គ្រោង​នឹង​មក​ធ្វើ FAM Trip នៅ​កម្ពុជា នៅ​អំឡុង​ខែសីហា​ខាងមុខ ដើម្បី​ទស្សនា​តំបន់​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា និង​ផ្សព្វផ្សាយ​ទៅកាន់​ទីភ្នាក់ងារ​ទេសចរណ៍ ក៏​ដូចជា​ប្រជាជន​ហ្វីលីពីន​ផងដែរ​»​។

លោក​បន្តថា មុន​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្រុមហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​ចំនួន​ ២ ហោះហើរ​ត្រង់​មក​កម្ពុជា​រួមមាន​ក្រុមហ៊ុន​អាកាសចរណ៍ Cebu Pacific ហោះហើរ​ត្រង់​ចេញពី​ម៉ានីល-​សៀមរាប​-​ម៉ានីល ចំនួន ៥​ ជើង​ក្នុង ១ ​សប្តាហ៍ និង Philippine Airlines បាន​បើក​ជើងហោះហើរ​ត្រង់​ទៅមក ម៉ានីល-​ភ្នំពេញ​-​ម៉ានីល ចំនួន​ ៥ ​ជើង ក្នុង ១ ​សប្តាហ៍​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា បានឱ្យ​ដឹងថា កម្មវិធី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​នៅ​ប្រទេស​ហ្វីលីពីន​នេះ មាន​ក្រុមហ៊ុន​ឯកជន​ពាក់ព័ន្ធ​វិស័យ​ទេសចរណ៍​ប្រមាណ ១៥០ ​ក្រុមហ៊ុន​បាន​ចូលរួម​។

លោក​បាន​បន្ថែមថា ការផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​កម្ពុជា​នៅក្នុង​ប្រទេស​ហ្វីលីពីន​នេះ ដោយសារ ហ្វីលីពីន ជា​ប្រទេស​សមាជិក​អាស៊ាន​ និង​ម្យ៉ាងទៀត​ក្នុង​បរិបទ​នេះ​មានតែ​ទីផ្សារ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ប៉ុណ្ណោះ ដែល​អាចជួយ​ស្តារឡើងវិញ​នូវ​ផលប៉ះពាល់​ពី​វិបត្តិ​កូវីដ​។

លោក​ប្រាប់ថា​៖ «​គណៈប្រតិភូ​របស់​ក្រសួង​ទេសចរណ៍​ដែល​ទៅ​ប្រទេស​ហ្វីលីពីន​មាន​គោលដៅ​ផ្សព្វផ្សាយ​ពី​ទេសចរណ៍​របស់​កម្ពុជា​។ បន្ទាប់ពី​ការផ្សព្វផ្សាយ​នេះ ក្រុមហ៊ុន​ទេសចរណ៍​របស់​ហ្វីលីពីន​នឹង​រៀបចំ​កញ្ចប់​ទស្សនកិច្ច​មកកាន់​កម្ពុជា​នៅក្នុង​ខែកក្កដា ឬ​សីហា​ខាងមុខនេះ​»​។

បើតាម​លោក ស៊ីណាន ថ្វីដ្បិតតែ​កន្លងមក ទេសចរ​ហ្វីលីពីន​មក​កម្ពុជា​មិនមាន​ច្រើន​ដូច​ថៃ ឬ​វៀតណាម ប៉ុន្តែ​ប្រទេស​នេះ​មាន​ប្រជាជន​ច្រើន និង​ជា​ប្រទេស​មាន​សក្តានុពល​សម្រាប់​ការទាក់ទាញ​ទេសចរ​មក​កម្ពុជា​។

លោក ស៊ីន ចាន់សិរីវុត្ថា អ្នក​នាំពាក្យ​អាកាសចរ​ស៊ីវិល​បាន​ប្រាប់ថា លោក​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​នៅ​ប្រទេស​ហ្វីលីពីន​នេះ តាមរយៈ​ប្រព័ន្ធ​វីដេអូ ដោយបាន​ធ្វើ​បទ​បង្ហាញ​ពី​ការតភ្ជាប់​ជើងហោះហើរ​របស់​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ការវិវឌ្ឍ​ថ្មីៗ​នៃ​ចំនួន​អ្នកដំណើរ​ចូលមក​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ដូចដែល​យើង​ដឹង​ហើយ​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​បន្ធូរបន្ថយ​លក្ខខណ្ឌ​ជាច្រើន​ដល់​អ្នកដំណើរ ដែល​មក​កម្ពុជា ដូចជា​ការ​កាត់​បន្ថយ​ពេល​នៃ​ការធ្វើ​ចត្តាឡីស័ក និង​បាន​ផ្សព្វផ្សាយ​ពី​កម្ពុជា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​ផងដែរ ដើម្បី​ជំរុញ​ទេសចរ​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយ​នេះ​បន្ថែមទៀត​»​។

លោក​បន្ថែមថា កាលពី​ឆ្នាំ​ ២០២១ ប្រទេស​ហ្វីលីពីន​មិន​ស្ថិត​ក្នុងចំណោម​ប្រទេស​ទាំង​ ១០ ដែល​បានធ្វើ​ដំណើរ​មក​កម្ពុជា​ច្រើន​នោះទេ​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់ថា ហ្វីលីពីន ជា​ទីផ្សារ​ធំ​ដែរ សម្រាប់​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន ហើយ​កម្ពុជា និង​ហ្វីលីពីន​ក៏មាន​ជើង​ហោះហើរ​ត្រង់​ជាមួយគ្នា​ដែរ​។

លោកស្រី​និយាយថា​៖ «​បច្ចុប្បន្ន យើង​មាន​ជើងហោះហើរ​ត្រង់​ជាមួយ​ខាង​ហ្វីលីពីន តែ​ ២ ​ដង​ក្នុង​ ១​ សប្តាហ៍ មិនមាន​ច្រើន​ដូច​នៅ​អំឡុង​មុនពេល​កូវីដ​ ១៩ ឡើយ​។ ដូចនេះ ការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​នៅ​ប្រទេស​ហ្វីលីពីន គឺជា​រឿង​ដ៏ល្អ ស្របពេល​ប្រទេស​នេះ​កំពុង​រៀបចំ​បើក​ប្រទេស​ខ្លួន​ពេញលេញ​ឡើងវិញ​»​។

របាយការណ៍​ពី​ក្រសួង​ទេសចរណ៍​បង្ហាញថា ទេសចរ​ហ្វីលីពីន​មក​កម្ពុជា នៅក្នុង​ឆ្នាំ​ ២០១៨ ចំនួន ៩២ ៤៥១ នាក់​, ឆ្នាំ​ ២០១៩ ចំនួន ១០៥ ០១៧ នាក់​, ឆ្នាំ​២០២០ ចំនួន ១៤ ៧៦០ នាក់​, ឆ្នាំ​ ២០២១ មាន ១ ៤៦២ ​នាក់​។ ដោយឡែក​ទេសចរ​កម្ពុជា​ទៅ​ប្រទេស​ហ្វីលីពីន​កាលពី​ឆ្នាំ​ ២០១៨ មាន​ចំនួន ៤ ១៥៤​ នាក់​, ឆ្នាំ ​២០១៩ ចំនួន ៥ ៩៨៨ ​នាក់ (​កើន​ ៤៤,១៥ ​ភាគរយ​បើ ធៀប​នឹង​ឆ្នាំ ​២០១៨)៕ LA