​ភ្នំពេញៈ វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន (TECHO SEN IPWT) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ត្រីភាគី ជាមួយ​ស្ថាប័ន​សិក្សា​និង​ក្រុមហ៊ុន​ចិន ដើម្បី​ពង្រឹងសមត្ថភាព​និស្សិត​លើ​ផ្នែក​បច្ចេកទេស​ផ្លូវដែក​។​

​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ ២០២២ នា​ទីស្តីការក្រសួង​សាធារណការ វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ត្រីភាគី រវាង​សាកលវិទ្យាល័យ Beijing Jiao Tong University (BJTU)​និង​ក្រុមហ៊ុន Beijing Urban Construction Group ដើម្បី​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស និង​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​ក្នុងការ​ផ្លាស់ប្តូរ​និស្សិត និង​ការចុះ​កម្មសិក្សា ទស្សនកិច្ច ឯកទេស​សាងសង់ ការស្រាវជ្រាវ​រួមគ្នា និង​ការបណ្តុះបណ្តាល​បច្ចេកទេស​ផ្លូវដែក​។

​លោក វ៉ា​ស៊ឹម សុរិយា អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ថ្ងៃនេះ គឺជា​ធាតុ​សំខាន់បំផុត​មួយ ដែល​រួមចំណែក​ដល់​ការបង្កើត​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​ប្រកបដោយ​ប្រសិទ្ធភាព រវាង​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និង​ក្រុមហ៊ុន Beijing Urban Construction Group ដើម្បី​ធានា​គុណភាព នៃ​ការអប់រំ សមស្រប​ទៅនឹង​តម្រូវការ​ទីផ្សារ និង​ផ្តល់ជំនួយ​បច្ចេកទេស ដែលជា​អត្ថប្រយោជន៍​ដ៏​ធំធេង​សម្រាប់​សិស្សានុសិស្ស​ក្នុងការ​ពង្រីក​ឱកាស​ការងារ ជំនាញ ចំណេះដឹង​ឱ្យ​កាន់តែ​ទូលំទូលាយ​។

​លោក ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន បាន​ថ្លែងថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ នឹង​ជំរុញ​ឱ្យ​ស្ថាប័ន​ទាំង​៣ ធ្វើការ​រួមគ្នា​យ៉ាង​ចិត្ត​ស្និទ្ធ​ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក​។​

​លោក​បាន​បញ្ជាក់ថា​៖«​គោលបំណង​របស់​វិទ្យាស្ថាន គឺ​បណ្តុះបណ្តាល​កូន​ខ្មែរ​ឱ្យមាន​ជំនាញ​ច្បាស់លាស់ ចំណេះដឹង​ទូលំទូលាយ និង​មាន​សីលធម៌ អត្តចរិត ចរិយា​ស​ម្ប​តិ្ត​ត្រឹមត្រូវ ដើម្បី​ដោះស្រាយ​វិបត្តិ​កង្វះ​អ្នកជំនាញ​បច្ចេកទេស​នាពេល​បច្ចុប្បន្ន​ផង និង​បង្កើតឱ្យមាន​អ្នក​បន្តវេន​របស់​កម្ពុ​ជា​ដ៏​មាន​សក្តានុពល និង​ស្មារតី​ទទួលខុសត្រូវ​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន នាពេល​អនាគត រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​»​។

​លោក HUANG Taiyan បានលើកឡើង​ដែរ​ថា កម្ពុជា​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន និង​ជា​ប្រទេស​សំខាន់​មួយ​នៅក្នុង​គំនិត​ផ្តួចផ្តើម "​ខ្សែក្រវាត់ និង​ផ្លូវ​" របស់​ប្រទេស​ចិន​។ ជាមួយនឹង​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី នៃ​ភាគី​ទាំងពីរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ រដ្ឋាភិបាល​ទាំងពីរ បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​លើ​ការពង្រឹង​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ​។

​លោក​បាន​បន្ថែមថា​៖«​សាកលវិទ្យាល័យ BJTU នឹង​រង់ចាំ​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន Beijing Urban Construction Group ដើម្បី​ពង្រឹងសមត្ថភាព​ធនធាន​មនុស្ស និង​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​ក្នុងការ​ផ្លាស់ប្តូរ​និស្សិត និង​ការចុះ​កម្មសិក្សា ទស្សនកិច្ច ឯកទេស​សាងសង់ ការស្រាវជ្រាវ​រួមគ្នា និង​ការបណ្តុះបណ្តាល​បច្ចេកទេស​ផ្លូវដែក ដែល​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​រក្សា​នូវ​មិត្តភាព វិបុលភាព​រួមគ្នា និង​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំងពីរ​»​។​

​ដោយឡែក លោក Chen Daihua បានឱ្យដឹងថា ក្រុមហ៊ុន BUCG ជា​សហគ្រាស​សំណង់​ធំ​មួយ​របស់​រដ្ឋ ហើយក៏​ជា​សហគ្រាស​មួយ​ក្នុងចំណោម​សហគ្រាស​កំពូល​ទាំង​៥០០​របស់​ចិន ឋិត​ក្នុង​ចំណាត់ថ្នាក់​ទី​១៤ នៅក្នុង "​កំពូល​អ្នកម៉ៅការ​សំណង់​ជាស​កល ២៥០" នៃ ENR​។​

​លោក​បាន​សង្ឃឹមថា​៖«​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និង​ក្រុមហ៊ុន BUCG អាច​ឆ្ពោះទៅមុខ​រួមគ្នា ដើម្បី​លើកកម្ពស់​ការបង្កើត​ទ្រឹស្តី ក៏ដូចជា​ការអនុវត្ត​ទ្រឹស្តី​ទាំងនោះ​ដោយផ្ទាល់ ព្រមទាំង​បង្កើត​កម្មវិធី​សម្រាប់​ការបណ្តុះបណ្តាល​សមត្ថភាព​ធនធានមនុស្ស​រួមគ្នា​»​។​

​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ត្រីភាគី រវាង​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និង​ក្រុមហ៊ុន Beijing Urban Construction Group បាន​ឯកភាពគ្នា​ជាគោលការណ៍​លើ​ការអភិវឌ្ឍ​លើ​ការអប់រំ ការបណ្ដុះបណ្ដាល និង​ស្រាវជ្រាវ ក្នុង​ដែន​សមត្ថកិច្ច​របស់​ភា​គី​នីមួយៗ រួមមាន សហការ​ក្នុង​ការផ្តល់​ការបណ្តុះបណ្តាល​លើ​ជំនាញ​បច្ចេកទេស​ផ្សេងៗ ផ្លាស់ប្តូរ​មន្ត្រី សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និង​បុគ្គលិក សហការ​លើ​ការស្រាវជ្រាវ និង​ការអនុវត្ត​គម្រោង​រួមគ្នា​ក្នុង​វិស័យ​ពាក់ព័ន្ធ សហការ​ក្នុងការ​ផ្តល់ជំនួយ​បច្ចេកទេស​លើ​ការអប់រំ និង​កម្មវិធី​បណ្តុះបណ្តាល​ផ្សេងៗ ចូលរួម​សន្និសីទ សិក្ខាសាលា កម្មវិធី​បណ្តុះបណ្តាល និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត ផ្លាស់ប្តូរ​ព័ត៌មាន និង​ឧបករណ៍​បច្ចេកទេស​ផ្សេងៗ​ទៀត ប្រើប្រាស់​ឧបករណ៍​សម្ភារ​សំណង់ និង​ធនធាន​រួមគ្នា ផ្តល់ឱកាស​ដល់​និស្សិត ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​សិក្សា​ជាដើម​៕