ខេត្តស្ទឹងត្រែងៈ ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ បាន​ចំណាយ​ថវិកា​ជិត​ ៧០ ​លាន​ដុល្លារ ក្នុង​រយៈពេល​ជាង​ ៣ ​ឆ្នាំ ដើម្បី​ដាំ​ដុះ​ស្វាយ ​៦​ ប្រភេទ សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន​។

នៅ​អំឡុង​ពេលដែល​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ចុះទៅពិនិត្យ​ចម្ការ​ស្វាយ នៅ​ឃុំ​អូរស្វាយ ស្រុក​បុរីអូរ​ស្វាយសែនជ័យ ខេត្តស្ទឹងត្រែង Mr.Jacky នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលជ័រ បាន​និយាយថា កម្មវត្ថុ​នៃ​ផលិតកម្ម​ស្វាយ របស់​ក្រុមហ៊ុន គឺ​សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន ដោយ​ត្រូវ​ឆ្លងកាត់​ប្រទេស​វៀតណាម ថៃ និង​កំពង់ផែ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ហើយ​គិត​មកទល់​បច្ចុប្បន្ន ក្រុមហ៊ុន​បាន​ចំណាយ​ថវិកា​ជិត ៧០ ​លាន​ដុល្លារ​ហើយ សម្រាប់​ការវិនិយោគ​លើ​ចម្ការ​ស្វាយ​នេះ​។

លោក​បាន​បន្ថែមថា ពូជ​ស្វាយ​ដែល​ក្រុមហ៊ុន​បាន​ដាំដុះ​ត្រូវបាន​នាំចូល​ពី​ប្រទេស​តៃវ៉ាន់ អាមេរិក និង​អូស្ត្រាលី ដែល​រួមមាន ពូជ R2E2 , Jinh Wang , Keitt Mango , Red Golden Dragon, Tainong , និង Guire​។ ហើយ​មកទល់នឹង​បច្ចុប្បន្ននេះ ក្រុមហ៊ុន​បាន​ដាំដុះ​លើ​ផ្ទៃដី​សរុប​ចំនួន ១ ២០០ ហិកតា ហើយ​ស្មើនឹង ១២ ​ភាគរយ​ធៀប​នឹង​ផែនការ​លើ​ផ្ទៃដី​ទំហំ ៩ ៧៧២,១១៧៦ ​ហិកតា​។

លោក​បាន​បង្ហាញថា​៖ «​បច្ចុប្បន្ន ក្រុមហ៊ុន​បាននិង​កំពុង​រៀបចំ​មធ្យោបាយ​ដឹកជញ្ជូន និង​រួមទាំង​ទូ​ត្រជាក់​ផងដែរ​ ដើម្បី​កាត់បន្ថយ​ថ្លៃដើម​។ ដោយឡែក​ការងារ​បច្ចេកទេស ក្រុមហ៊ុន​បានដាក់​ពាក្យ​ចុះបញ្ជី​ចម្ការ​ស្វាយ​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម ហើយ​ទទួល​បាន​កិច្ចសហការ​ល្អ​មកវិញ​គឺ​អគ្គនាយកដ្ឋាន​បាន​បញ្ជូន​មន្ត្រី​ជំនាញ​ចុះមក​ណែនាំ​អំពី​បច្ចេកទេស​ដាំ ប្រមូល​ផល វេចខ្ចប់ និង​ជាពិសេស​លក្ខខណ្ឌ​តម្រូវ​នៃ​ភូតគាម​អនាម័យ​»​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​បាន​ថ្លែងថា ក្រសួងកសិកម្ម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ឱ្យ​បន្ត​ខិតខំ​លើ​ការងារ​ផលិតកម្ម​បន្ថែមទៀត ពិសេស​ការអនុវត្ត​នីតិវិធី​ភូតគាម​អនាម័យ​ដែលជា​គោលការណ៍​គ្រឹះ សម្រាប់​នាំចេញ បើ​ទោះ​សកម្មភាព​នៃ​ការនាំចេញ​បាននិងកំពុង​តែ​ប្រឈម ហើយ​នេះ​មិនមែន​តែ​ប្រទេស​កម្ពុជា​ទេ តែ​ជា​បញ្ហា​សកល​ដែល​មិនអាច​ចៀសវាង​បាន​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​ក៏ត្រូវ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម និង​មន្ទីរ​កសិកម្ម​ខេត្ត​ធ្វើយ៉ាងណា​ឱ្យ​កិច្ចដំណើរការ​នៃ​ការវិនិយោគ​នេះ​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួល​បាន​ជោគជ័យ​។ ភាពជោគជ័យ​នេះ មិនមែន​សម្រាប់តែ​ក្រុមហ៊ុន​ទេ គឺ​សម្រាប់​សេដ្ឋកិច្ច​ជាតិ និង​ជាពិសេស​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់​តាមរយ:​ការបង្កើត​ការងារ​មាន​ការងារ​មាន​ចំណូល គ្មាន​ចំណាកស្រុក​មាន​ជីវភាព​ល្អប្រសើរ​ទាំងនេះ​ជា​ក្តីបំណង​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេជោ​ជា​នាយករដ្ឋមន្ត្រី ដែល​តែងតែ​គាំទ្រ និង​លើក​ទឹកចិត្ត បង្កើត​លក្ខខណ្ឌ​អំណោយផល​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅប្រទេស​»៕