​រតនគិរីៈ ក្រសួងទេសចរណ៍ ជំរុញ​ឱ្យ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត អនុវត្ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ប្រកបដោយ​និរន្តរភាព ការទទួលខុសត្រូវ ការបែងចែក​ផលប្រយោជន៍​ប្រកបដោយ​សមធម៌ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​។​

​កាលពី​ថ្ងៃទី​១២-១៣ ខែឧសភា ឆ្នាំ​២០២២ ក្រសួងទេសចរណ៍​បានធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី “​លទ្ធផល​ការរៀបចំ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​បច្ចុប្បន្ន​កម្ម ២០២១-២០២៥ រាជធានី​-​ខេត្ត​” នៅ​ខេត្តរតនគិរី ដើម្បី​ចែករំលែក​បទពិសោធ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍​ថ្នាក់ក្រោម​ជាតិ ដល់​មន្ត្រី​នៃ​ក្រសួងទេសចរណ៍ និង​មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ប្រមាណ​១៥០​នាក់​។​

​លោក ម៉ែន ភារ​ម្យ អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​លើកឡើងថា សិក្ខាសាលា​នេះ នឹង​រំលេច​ពី​វិធីសាស្ត្រ​នៃ​ការរៀបចំ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ ការដាក់​ចុះ​នូវ​ចក្ខុវិស័យ គោលបំណង​និង​គោលដៅ និង​សូចនាករ​អនុវត្ត​សកម្មភាព ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ប្រកបដោយ​និរន្តរភាព ការទទួលខុសត្រូវ ការបែងចែក​ផលប្រយោជន៍​ប្រកបដោយ​សមធម៌ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ក្រោម​កិច្ចសហការ​ជាមួយ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ វិស័យ​ឯកជន និង​ដៃគូរ​អភិវឌ្ឍន៍​នានា​។

​លោក​បាន​បញ្ជាក់ថា​៖«​វា​ពិត​ជាមាន​ភាពចាំបាច់​ក្នុង​ការកសាង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ ដែល​មានចែង​ក្នុង​ច្បាប់​ស្តីពី​ទេសចរណ៍ ហើយ​ការកសាង​នេះ​នឹង​ក្លាយជា​កូនសោ ដ៏​សំខាន់​ក្នុងការ​បើកផ្លូវ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដោយ​បង្កើតជា​ចក្ខុវិស័យ​ច្បាស់លាស់ ភ្ជាប់​ជាមួយ​ផែនការ សកម្មភាព​អនុវត្ត និង​ផែនការ​វិនិយោគ​ទៅតាម​សក្តានុពល​តំបន់ និង​ខេត្ត​នីមួយៗ​»​។​

​លោក ជួប រតនា ប្រធាន​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ បាន​ថ្លែងថា ក្រសួងទេសចរណ៍​នឹង​បន្ត​គាំទ្រ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ក្នុងការ​អនុវត្ត​ផែនការ​ទាំងនេះ ដោយ​ក្នុងនោះ​រាជធានី​-​ខេត្ត​ចំនួន ២២ បានបញ្ចប់​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ ៥​ឆ្នាំ​របស់ខ្លួន និង​ខេត្ត​ចំនួន ៣ (​សៀមរាប មណ្ឌលគិរី និង​កែប​) កំពុង​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​វិស័យ​ទេសចរណ៍ ឆ្នាំ​២០២១-២០៣៥​។

​លោក​បាន​បញ្ជាក់ថា​៖«​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​តាម​បណ្តា​រាជធានី​-​ខេត្ត នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍ គ្រោង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​មន្ត្រី​មន្ទីរ​ទេសចរណ៍​នូវ​បច្ចេកទេស​កសាង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ និង​យន្តការ​វាយតម្លៃ​សមិទ្ធកម្ម​ពាក់កណ្តាល​អាណ​ត្តិ និង​ការវាយតម្លៃ​ចុងក្រោយ​»​។​

​សិក្ខាសាលា​រយៈពេល​២​ថ្ងៃនេះ បាន​បែង​ចែកជា​២​ផ្នែក​រួមមាន​៖ (១) បទពិសោធ​នៃ​ការរៀបចំ​អភិវឌ្ឍន៍​ទេសចរណ៍​បច្ចុប្បន្ន​កម្ម​២០២១-២០២៥ ធ្វើ​បទ​បង្ហាញ​ដោយ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី ស្ទឹងត្រែង កំពត និង​បន្ទាយមានជ័យ ដោយ​ចែករំលែក​បទពិសោធ​ពី​នីតិវិធី និង​ដំណើរការ​នៃ​ការរៀបចំ​និង​អនុម័ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ និង​(២) យន្តការ​គាំទ្រ​ការរៀបចំ​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ ធ្វើ​បទ​បង្ហាញ​ដោយ​ឯកឧត្តម​ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ទេសចរណ៍ ប្រធាន​នាយកដ្ឋាន​នីតិកម្ម ក្រុមការងារ​បណ្តាញ​សង្គម​ក្រសួងទេសចរណ៍ និង​បទ​បង្ហាញ​ពី​គោល​ការណែនាំ​ស្តីពី​ការកសាង​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ ដោយ​មន្ត្រី​ជំនាញ​នាយកដ្ឋាន​ផែនការអភិវឌ្ឍន៍​ទេសចរណ៍ នៃ​ក្រសួងទេសចរណ៍​៕​