អាមេរិកៈ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កម្ពុជា និង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​គ្នា​មុន ដើម្បី​ផ្លាស់​ប្តូរ​យោបល់លើ​ការងារ មុន​នឹង​កិច្ច​ប្រជុំ​ពិសេស​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​១៨ ខែ​ឧសភា នៅ​ទីក្រុង​បាលី ប្រទេស​ឥណ្ឌូនេស៊ី នា​ពេល​ខាង​មុខ​នេះ។

ជំនួបនេះ ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ពេល​ដែល រដ្ឋមន្ត្រី​ក្រសួង ពាណិជ្ជកម្ម នៃ​ប្រទេស​ទាំង​ពីរ បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន-អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​២០២២។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម កម្ពុជា បាន​មាន​ប្រសាសន៍​ថា ភាគី​ទាំងពីរ​បាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​អំពី​វឌ្ឍនភាព​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​ទាំង​ក្នុង​តំបន់ និង​សកល ព្រម​ទាំង​បាន​ពិភាក្សា​លើ​ប្រធានបទ​មួយ​ចំនួន​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ត្រៀមសម្រាប់​កិច្ច​ប្រជុំ​ពិសេស រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ខាង​មុខ ដែល​កិច្ច​ប្រជុំ​ទាំងនោះ​ផ្តោត​សំខាន់​លើ​មជ្ឈភាព​អាស៊ាន ការ​ធ្វើ​ឱ្យ​ស៊ី​ជម្រៅខ្សែ​ច្រវាក់​ផ្គត់ផ្គង់​តំបន់ ការ​ប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ និង​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​តំបន់-សកល ព្រម​ទាំង​សេដ្ឋកិច្ច​បៃតង ជាដើម។

លោក Muhammad Lutfi រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូនេស៊ី បាន​ថ្លែង​ថា កិច្ច​ប្រជុំ​ពិសេស​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ១៨ ខែ​ឧសភា ខាង​មុខ​នេះ​ហើយ ឥណ្ឌូនេស៊ី ក៏​សូម​អញ្ជើញ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​កិច្ច​ប្រជុំ​រដ្ឋមន្ត្រីសេដ្ឋកិច្ច​អាស៊ាន ឆ្នាំ​២០២២ ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រទេស G20 ដែល​ប្រទេស​ឥណ្ឌូនេស៊ី ជា​ប្រធាន រួម​មាន កិច្ច​ប្រជុំ​ក្រុម​ការងារពាណិជ្ជកម្ម-វិនិយោគ​និង​ឧស្សាហកម្ម និង​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​ខែ​កញ្ញា​ខាងមុខ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ផងដែរ៕