
ភ្នំពេញៈ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ នឹងរៀបចំវេទិកាទេសចរណ៍មេគង្គ (Mekong Tourism Forum-MTF) ដោយផ្ទាល់នៅទីក្រុង Hoi Ann ប្រទេសវៀតណាម នៅខែតុលាខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គលើកទី៤៩ (49th GMS TWG) និងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី១២ ខែឧសភា ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS) ដាក់ចុះផែនការសកម្មភាពសំខាន់ៗដើម្បីទទួលទេសចរឡើងវិញដោយផ្តោតសំខាន់ទៅលើស្ថានភាពទេសចរណ៍ក្នុងបណ្តាប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ , សមិទ្ធផលនៃការស្តារវិស័យទេសចរណ៍ឡើងវិញអំឡុងវិបត្តិ, ផែនការស្តារទំនាក់ទំនងទេសចរណ៍មហាអនុតំបន់មេគង្គ និងការជំរុញការផ្សព្វផ្សាយទេសចរណ៍មហាអនុតំបន់មេគង្គ។ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ នឹងរៀបចំវេទិកាទេសចរណ៍មេគង្គ (Mekong Tourism Forum-MTF) ដោយផ្ទាល់នៅទីក្រុង Hoi Ann ប្រទេសវៀតណាម ចាប់ពីថ្ងៃទី០៣-០៨ ខែតុលា ឆ្នាំ២០២២ ដែលនឹងមានចូលរួមពីផ្នែករដ្ឋ និងឯកជន នៃប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ (GMS) ផងដែរ។
លោក សៀង នាគ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កិច្ចប្រជុំនេះ ទទួលបានលទ្ធផលមួយចំនួនដូចជា កម្ពុជាក៏បានខិតខំជំរុញលើការអនុវត្តគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ប្រកបដោយបរិយាប័ន្ន (TIIG) នៅតំបន់ឆ្នេរសមុទ្រ ការអនុវត្តស្តង់ដាទេសចរណ៍អាស៊ាន និងការពង្រឹងសមត្ថភាពដឹកនាំទេសចរណ៍សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។
លោកស្រី SUVIMOL Thannasarakij នាយកប្រតិបត្តិថ្មីរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (Mekong Tourism Coordinating Office-MTCO) បានថ្លែងថា លោកស្រីនឹងបន្តជំរុញអនុវត្តនូវផែនការស្តារទំនាក់ទំនងវិស័យទេសចរណ៍ឡើងវិញ ក្នុងមហាអនុតំបន់មេគង្គ អនុវត្តផែនការងាររបស់ការិយាល័យ MTCO និងពង្រឹងកិច្ចសហការទេសចរណ៍ក្នុងតំបន់ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ដោយឡែក តំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានវាយតម្លៃខ្ពស់ចំពោះការខិតខំរបស់សមាជិកមហាអនុតំបន់មេគង្គ ក្នុងការស្តារវិស័យ និងការបើកប្រទេសឡើងវិញ ក្នុងនោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បន្តគាំទ្រដល់ប្រទេសជាសមាជិកមហាអនុតំបន់ទៅលើគម្រោងចំនួន ០២៖ ទី១ ការផ្តល់ជំនួយបច្ចេកទេសលើការអភិវឌ្ឍសម្បទាទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ប្រទេស សម្រាប់ប្រទេស កម្ពុជា-វៀតណាម-ឡាវ និងប្រទេសថៃ (CLVT) ឬ ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) និង ទី២ គម្រោងបង្កើតបណ្តាញទេសចរណ៍ប្រកបដោយនិរន្តរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ (Southeast Asia Sustainable Tourism Hub)។
ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គ បានបន្តពិភាក្សាគ្នាអំពីការស្នើសុំប្តូរឈ្មោះការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ (MTCO) ទៅជាការិយាល័យទេសចរណ៍មេគង្គឡានឆាង (LMTO) ផែនការសកម្មភាពរបស់ការិយាល័យសម្របសម្រួលទេសចរណ៍មេគង្គ ជំរុញការអនុវត្តផែនការស្តារទំនាក់ទំនងវិស័យទេសចរណ៍ឡើងវិញ ក្នុងមហាអនុតំបន់មេគង្គ ការពង្រីកទំនាក់ទំនងទេសចរណ៍ក្នុងតំបន់ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ការិយាល័យ MTCO៕