ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១២ ខែឧសភា បាន​បើកសម្ពោធ​រោងចក្រ​កែច្នៃ​ចំណីអាហារ​ថ្មី​ដ៏ទំនើប​មួយ​នៅក្នុង​ខេត្តកំពត ខណៈ​ក្រុមហ៊ុន​កសិឧស្សាហកម្ម និង​អាហារ​ឈានមុខ​គេ​មួយ​នេះ​បាន​លើកកម្ពស់​ស្តង់ដា​ផលិតកម្ម​ម្ហូបអាហារ​នៅ​កម្ពុជា​។

សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​នោះ រួមជាមួយ​វត្តមាន​របស់​ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត និង​គណៈគ្រប់គ្រង​របស់​ក្រុមហ៊ុន ស៊ី.ភី ដែល​ដឹក​នាំ​ដោយ​លោក Preeda Chunwong អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល លោក Wittaya Kreangkriwit ក្រុមប្រឹក្សាភិបាល​រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​កម្ពុជា ​និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​ទៀត​។

សម្ដេច​ក្រឡាហោម ស ខេង បាន​កោតសរសើរ​ចំពោះ​ការបង្កើត​រោងចក្រ​ថ្មី ដែលមាន​តម្លៃ ៥ ​លាន​ដុល្លារ ទំហំ​ ៥ ​ហិកតា ស្ថិតនៅក្នុង​ស្រុក​ជុំគិរី​នៃ​ខេត្តកំពត​នេះ និង​មាន​បុគ្គលិក​ប្រហែល​ ១០០ ​នាក់ ដើម្បី​ផ្គត់ផ្គង់​អាហារ​មាន​អនាម័យ​ដល់​ទីផ្សារ​កម្ពុជា បង្កើត​ការងារ​ក៏​ដូច​គាំទ្រ​ដល់​សន្តិសុខ​ស្បៀង​។

«​វត្តមាន​របស់ ស៊ី.ភី ខេមបូឌា នៅ​កម្ពុជា បានរួម​ចំណែក​ក្នុងការ​ផ្គត់ផ្គង់​ផលិតផល​ចំណីអាហារ​ក៏ដូចជា​ផលិតផល​អាហារ ដែលមាន​អនាម័យ និង​តម្លៃ​សមរម្យ​។ ស៊ី.ភី កំពុង​បង្កើត​ឱកាស​ការងារ និង​ជួយ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក ខណៈ​ការបង្កើត​រោងចក្រ​កែច្នៃ​អាហារ​នេះ​កំពុង​ឆ្លើយតប​ទៅនឹង​កង្វះ​ផលិតកម្ម​ចំណីអាហារ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

សម្ដេច​ក្រឡាហោម ស ខេង បាន​បន្តថា​៖ «​សូមឱ្យ​ក្រុមហ៊ុន​ជួយ​បន្ត​គាំទ្រ និង​បង្កើត​រោងចក្រ​ផលិត​ចំណីអាហារ​បន្ថែម​ទូទាំង​ប្រទេស និង​ផ្ដល់​បច្ចេកទេស​ចំណេះដឹង​ដល់​ស្ថាប័ន ក្រសួង​នានា ព្រមទាំង​ប្រជាជន​ផងដែរ​»​។

ឯកឧត្តម Panyarak Polthup

ក្រុមហ៊ុន ស៊ី.ភី បានឱ្យដឹងថា ការកើនឡើង​នៃ​តម្រូវការ​ម្ហូបអាហារ​​នាពេល​បច្ចុប្បន្ន ដោយសារ​កំណើន​ប្រជាជន​ស្រប​នឹង​កំណើន​សេដ្ឋកិច្ច បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​កសិឧស្សាហកម្ម និង​អាហារ​ឈានមុខ​គេ​ក្នុង​ពិភពលោក​មួយ​នេះ បង្កើត​រោងចក្រ​កែច្នៃ​ម្ហូបអាហារ​នៅ​កម្ពុជា ជា​រោងចក្រ​មួយ​មាន​ស្តង់ដា​អន្តរជាតិ​ខ្ពស់បំផុត​។

«​វា​ជា​កិត្តិយស​របស់​ក្រុមហ៊ុន Charoen Pokphand Food (CPF) ដែល​បាន​បង្កើត​រោងចក្រ​កែច្នៃ​អាហារ​នេះ​នៅ​ខេត្តកំពត​។ ដោយបាន​ដំណើរការ​អាជីវកម្ម​​កសិឧស្សាហកម្ម និង​អាហារ​ក្នុង​ប្រទេស​ថៃ​អស់​រយៈពេល​ជាង ១០០ ​ឆ្នាំ​មកហើយ​នោះ ក្រុមហ៊ុន CPF មាន​ចក្ខុវិស័យ​ដើម្បី​ក្លាយជា​ «​ផ្ទះបាយ​ពិភពលោក​»​។

«​យើង​បាន​ប្តេជ្ញា​ផ្តល់​ផលិតផល​ប្រកបដោយ​គុណភាព អនាម័យ និង​អាហារូបត្ថម្ភ​ខ្ពស់​ជាមួយ​នឹង​ទំនួល​ខុសត្រូវ​សង្គម និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។ យើង​មាន​គោលបំណង​ផ្តល់​ម្ហូបអាហារ​ដែលមាន​ស្តង់ដា អនាម័យ គុណភាព​នឹង​សុវត្តិភាព​ខ្ពស់​ដល់​ប្រជាជន​កម្ពុជា ដោយ​ផ្អែកលើ​ការទទួល​ខុសត្រូវ​សង្គម និង​បរិស្ថាន​»​។

លោក Wittaya ថ្លែងថា​៖ «​យើង​មាន​ទស្សនវិស័យ​ក្នុងការ​ធ្វើ​អាជីវកម្ម​ដែល​ហៅថា «​គោលការណ៍​ប្រយោជន៍​ទាំង​ ៣​ ប្រការ​ ដើម្បី​ឆ្ពោះ​ទៅកាន់​និរន្តរភាព​» ដោយ​ចាត់ទុក​ផលប្រយោជន៍​ដល់​ប្រទេសជាតិ ជា​អាទិភាព​ទី​ ១ ផលប្រយោជន៍​ប្រជាជន ជា​អាទិភាព​ទី​ ២ និង​ផលប្រយោជន៍​ដល់​ក្រុមហ៊ុន ជា​អាទិភាព​ចុងក្រោយ​»​។

ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ បាន​ដំណើរការ​អាជីវកម្ម​កសិឧស្សាហកម្ម និង​អាហារ​នៅ​ប្រទេស​កម្ពុជា​ជាង ២៦ ​ឆ្នាំ​ហើយ ដោយ​បែងចែក​អាជីវកម្ម​ជា ៣ ​ប្រភេទ គឺ​អាជីវកម្ម​ផលិត​ចំណី​សត្វ អាជីវកម្ម​ចិញ្ចឹមសត្វ និង​អាជីវកម្ម​ចំណីអាហារ​។ ក្រុមហ៊ុន​ក៏បាន​បើក​ដំណើរការ​អាជីវកម្ម​ហាង​លក់រាយ និង​ហាង​អាហារ​ជាច្រើន​ដូចជា CP Fresh Mart, CP Fresh Shop, Five Star, និង Star Coffee ជាដើម​។

ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ថៃ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់ គឺជា​ក្រុមហ៊ុន កសិឧស្សាហកម្ម និង​អាហារ​ឈានមុខ​គេ​មួយ​នៅក្នុង​ប្រទេស ថៃ ដែល​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​ថៃ​រហូតមក​។ ក្រុមហ៊ុន ​ស៊ី.ភី បាន​ផ្តោតលើ​ការអភិវឌ្ឍ​ផលិតផល​ចំណីអាហារ​របស់​ប្រទេស​ថៃ ដែល​មាន​ការទទួលស្គាល់​ពី​អតិថិជន​យ៉ាងច្រើន និង​មនុស្ស​ជុំវិញ​ពិភពលោក​។ នៅថ្ងៃនេះ​គឺជា​ឱកាស​ដ៏ល្អ​សម្រាប់​ក្រុមហ៊ុន ស៊ី.ភី ជា​ចំណែក​មួយ​នៃ​ការ ជួយ​ជ្រោមជ្រែង​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​ការលើក​កម្ពស់​ស្តង់ដា​ឧស្សាហកម្ម​ផលិត​ចំណីអាហារ និង​អភិវឌ្ឍ​ផលិតផល​ផ្នែក​អាហារ​របស់​កម្ពុជា​ឱ្យមាន​ការទទួលស្គាល់​លើ​ឆាក​​អន្តរជាតិ​ផងដែរ​។ ដូច្នេះ​រដ្ឋាភិបាល​ថៃ​មាន​ឆន្ទៈ​ក្នុង​ការជួយ​គាំទ្រ​ក្នុង​​កិច្ចសហប្រតិបត្តិការ​ពាក់ព័ន្ធ​ផ្សេងៗ ដែល​បាន​ជួយ​ពង្រឹង​ចំណងមិត្តភាព​រវាង​ថៃ និង​កម្ពុជា​ឱ្យ​កាន់​តែមាន​​ភាពរឹងមាំ​យូរអង្វែង​។

សម្តេច​ក្រឡាហោម ស ខេង អញ្ជើញ​ទស្សនា​រោងចក្រ​កែច្នៃ​អាហារ​ស៊ី.ភី​។

លោក wittaya ថ្លែងថា​៖ «​គោលការណ៍​សំខាន់ៗ​ដើម្បី​ផលិត​សាច់​ឱ្យមាន​គុណភាព​គឺ​ត្រូវ​ផ្តោតលើ​​កត្តា​ចំនួន ៥ ដូចជា (១) ​សត្វ​ត្រូវ មាន​សុខភាព​ល្អ​ចេញពី​កសិដ្ឋាន មាន​ស្តង់ដា (២) គ្រប់គ្រង​សត្វ កុំ​ឱ្យមាន​សម្ពោធ​ផ្លូវ​អារម្មណ៍ (៣) ទីកន្លែង និង​ឧបករណ៍​ត្រូវ​ស្អាត មាន​អនាម័យ​ជានិច្ច (៤) ដំណើរ​ការផលិត​ត្រូវមាន​ស្តង់ដា​ត្រឹមត្រូវ​តាម​គោលការណ៍​សុខុមាលភាព​សត្វ និង (៥) សាច់​ត្រូវ​រក្សាទុក​នៅក្នុង​សីតុណ្ហភាព​ត្រជាក់​។

ការប្ដេជ្ញាចិត្ត​របស់ ស៊ី.ភី ក្នុង​ការផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ក៏​ឆ្លុះបញ្ចាំង​តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​សាកលវិទ្យាល័យ ជា ស៊ីម កំចាយមា ផងដែរ​។

លោក Wittaya មាន​ប្រសាសន៍​ថា​៖ «​សម្រាប់​កិច្ចសហប្រតិបត្តិការ​ជាមួយ​សាកលវិទ្យាល័យ​ ​ជា ស៊ីម ​កំចាយមា​នេះ ស៊ី.ភី ខេមបូឌា នឹង​ផ្ទេរ​បច្ចេកវិទ្យា និង​ចំណេះដឹង​ដល់​និស្សិត និង​ផ្តល់​ឱកាស​ការងារ​ទាក់ទង​នឹង​វិស័យ​កសិឧស្សាហកម្ម និង​អាជីវកម្ម​ម្ហូបអាហារ​ដល់​ប្រជាជន​កម្ពុជា​»​។

ក្រុមហ៊ុន CPF បាន​បណ្តាក់ទុន​លើ​អាជីវកម្ម​ផ្សេងៗ​ជាង​ ១៦ ប្រទេស និង​ចែកចាយ​ផលិតផល​ជាង ៤០ ​ប្រទេស ទូទាំង​ពិភពលោក​។ ការផលិត និង​ផ្តល់​ផលិតផល ព្រមទាំង​សេវាកម្ម​ទៅកាន់ ២៥ ខេត្ត​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា និង​មាន​បុគ្គលិក​ទាំងអស់​ជាង ២ ០០០ ​នាក់ និង​អតិថិជន​ជាង ១ ០០០ ​នាក់​នៅ​គ្រប់ផ្នែក​ទាំងអស់​។ ក្រុមហ៊ុន ស៊ី.ភី មាន​គម្រោង​ពង្រីក​រោងចក្រ​ផលិត​ចំណីអាហារ​នៅ​កម្ពុជា​ចំនួន​ ៣​ ទៀត ដែលមាន​គុណភាព សុវត្ថិភាព អនាម័យ ដើម្បី​បំពេញ​តម្រូវការ​របស់​ប្រជាជន​កម្ពុជា​នៅ​គ្រប់​ទីកន្លែង​។

«​ស៊ីភី ខេមបូឌា ទៅ​ថ្ងៃ​អនាគត​នឹង​បន្ត​ផ្តោតលើ​ការផ្តល់​ផលិតផល​អាហារូបត្ថម្ភ​ដែលមាន​គុណភាព​ខ្ពស់ និង​អនាម័យ​ល្អ​រួម​ជាមួយនឹង​ទំនួល​ខុសត្រូវ​សង្គម ​និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។ «​ជាមួយនឹង​រោងចក្រ​កែច្នៃ​អាហារ​ថ្មី​នេះ យើង​អាច​បង្រួម​គម្លាត​រវាង​កសិករ និង​អ្នក​ប្រើប្រាស់​បន្ថែមទៀត​ជាមួយនឹង​ស្តង់ដា​អន្តរជាតិ​ខ្ពស់បំផុត​។ ដំណើរការ​ទាំងអស់​នៅទីនេះ​​នឹង​បំពេញ​តាម​ស្តង់ដា ISO និង HACCP»​។

លោក Wittaya មានប្រសាសន៍​ទៀតថា៖ «​ស៊ី.ភី ខេមបូឌា យក​ចិត្ត​ទុកដាក់​លើ​ប្រជាជន​កម្ពុជា​ទាំង​សុខភាព​ និង​អនាម័យ ហើយ​យើង​ជឿជាក់ថា អាហារ​ល្អ​នឹង​បំពេញ​អត្ថរស​នៃ​ជីវិត​»៕