
CCC ស្នើឱ្យក្រុមហ៊ុនអាមេរិកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មនៅកម្ពុជា។ CCC
ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា (CCC) ស្នើឱ្យក្រុមហ៊ុនអាមេរិកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មនៅកម្ពុជា ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារអាមេរិក ឬប្រទេសចិនក្នុងអត្រាពន្ធទាប ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី និងពហុភាគី។
នៅក្នុងជំនួបពិភាក្សាការងារជាមួយ នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់សភាពាណិជ្ជកម្មអាមេរិកកាលពីថ្ងៃទី ១៣ ខែឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោន លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានថ្លែងថា សភាពាណិជ្ជកម្មកម្ពុជា សូមលើកទឹកចិត្តឱ្យក្រុមហ៊ុនអាមេរិកបង្កើតរោងចក្រនៅកម្ពុជា ជាពិសេសរោងចក្រកែច្នៃផលិតផលកសិកម្ម និងរោងចក្រដំឡើងគ្រឿងបរិក្ខារនានា ដើម្បីអាចនាំចេញផលិតផលទាំងនេះទៅទីផ្សារពិភពលោក ឬទីផ្សារអាមេរិក ជាពិសេសទីផ្សារចិននៅក្នុងអត្រាពន្ធទាប បន្ទាប់ពីកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន ក៏ដូចជាកិច្ចព្រមព្រៀងសេរី RCEP ជាដើម។
លោក ចន ហ្កូយយើ នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃសភាពាណិជ្ជកម្មអាមេរិក បាននិយាយថា អាមេរិក មានបំណងធ្វើពិពិធកម្មការផលិតរបស់ខ្លួនទៅក្នុងបណ្តាប្រទេសអាស៊ាន ហើយកម្ពុជា គឺជាគោលដៅសំខាន់មួយ មិនត្រឹមតែថ្លៃដើមទាបទេ ថែមទាំងគុណភាពខ្ពស់ថែមទៀត។
លោកបានស្នើថា៖ «សូមឱ្យរោងចក្រសហគ្រាសកម្ពុជាពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីអាចតភ្ជាប់ទៅក្នុងខ្សែចង្វាក់តម្លៃបន្ថែមខ្ពស់។ សភាពាណិជ្ជកម្មអាមេរិកនឹងពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់ជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចប្រទេសទាំង ២»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា នៅក្នុងជំនួបនោះប្រធានសភាពាណិជ្ជកម្មកម្ពុជាបានផ្តោតសំខាន់លើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយចិនដែលជាឱកាសសម្រាប់ក្រុមហ៊ុនអាមេរិកអាចមកវិនិយោគ និងបង្កើតរោងចក្រនៅកម្ពុជា ហើយនាំចេញទៅប្រទេសចិន ដើម្បីអាចរួចពន្ធ ខណៈបច្ចុប្បន្នចិនបានដំឡើងពន្ធលើការនាំចូលផលិតផលពីអាមេរិក។
លោកបន្ថែមថា ក្រៅពីការនាំចេញទៅប្រទេសចិនដោយរួចពន្ធ ឬក្នុងអត្រាពន្ធទាបក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី វិនិយោគិនអាមេរិក អាចនាំចេញផលិតផលទៅកាន់អាមេរិក ក្រោមប្រព័ន្ធអនុគ្រោះពន្ធ GSP ផងដែរ។
ទោះបីយ៉ាងណាលោកបញ្ជាក់ថា៖ «ប្រធានសភាពាណិជ្ជកម្មកម្ពុជាស្នើដល់សភាពាណិជ្ជកម្មអាមេរិកពិនិត្យលទ្ធភាពចុះអនុស្សរណៈយោគយល់រវាងសភាពាណិជ្ជកម្មទាំង ២ ជាមុនសិន និងបានស្នើឱ្យសភាពាណិជ្ជកម្មអាមេរិករៀបចំទស្សនកិច្ចធុរកិច្ចជាទៀងទាត់ទៅកម្ពុជា និងពីកម្ពុជាមកអាមេរិកវិញ ព្រមទាំងស្នើឱ្យមានការសហការ និងគាំទ្រ ដល់ការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន ដែលប្រព្រឹត្តទៅនាខែវិច្ឆិកា»។
លោកបានបន្តថា សភាពាណិជ្ជកម្មកម្ពុជាមិនត្រឹមតែជំរុញ និងលើកទឹកចិត្តក្រុមហ៊ុនអាមេរិកឱ្យមកវិនិយោគបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែក្រុមហ៊ុនអាមេរិកអាចមកសិក្សាមើលពីសក្តានុពលលើវិស័យផ្សេងទៀត ដូចជា ទេសចរណ៍ ឧស្សាហកម្មមិនមែនកាត់ដេរជាដើម ដើម្បីជំរុញការផលិតនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ យល់ឃើញថា ជំនួបធំៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនកម្ពុជាជាមួយភាគីអាមេរិក គឺបានបង្ហាញពីទំនាក់ទំនងដ៏ល្អផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំង ២ ដែលនឹងជំរុញឱ្យទំហំពាណិជ្ជកម្មប្រទេសទាំង ២ កើនឡើងទៀតក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់។
លោកបញ្ជាក់ថា៖ «នេះជាឱកាសសម្រាប់កម្ពុជា ដែលទទួលបានក្នុងនាមជាប្រធានអាស៊ានវិលជុំក្នុងពេលនេះ។ នេះជាកាលានុវត្តភាពមួយក្នុងការបង្ហាញសុច្ឆន្ទៈ ក្នុងការភ្ជាប់ទំនាក់ទំនងល្អជាមួយប្រទេសមហាអំណាចរបស់ពិភពលោក។ ជំនួបសំខាន់ៗដែលថ្នាក់ដឹកនាំកម្ពុជា និងខាងសភាពាណិជ្ជកម្មកម្ពុជា បានជួបក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងក្នុងពេលទស្សនកិច្ចធុរកិច្ចទៅសហរដ្ឋអាមេរិក នឹងបន្តជំរុញទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនៃប្រទេសទាំង ២ កាន់តែរឹងមាំបន្ថែមទៀត»។
សភាពាណិជ្ជកម្មក្នុងអំឡុងពេលទៅទស្សនកិច្ចធុរកិច្ចទៅអាមេរិកនេះ ក៏មានជំនួបសំខាន់ៗមួយចំនួនទៀតដូចជា ជំនួបពិភាក្សា និងឱកាសវិនិយោគរវាងក្រុមហ៊ុនកម្ពុជា និងអាមេរិក ជាង ២០០ ក្រុមហ៊ុននៅក្នុងទីក្រុងញ៉ូវយក និងទីក្រុងវ៉ាស៊ីនតោន, ជំនួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់សភាពាណិជ្ជកម្មអាមេរិក ដោយផ្តោតលើកិច្ចសហប្រតិបត្តិការរវាងសភាពាណិជ្ជកម្មទាំង ២ និងការជំរុញធុរកិច្ច និងវិនិយោគអាមេរិកកម្ពុជា និងចូលរួមកិច្ចប្រជុំជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានជាដើម។
កាលពីឆ្នាំ ២០២១ ការធ្វើពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជាមានទឹកប្រាក់សរុប ៩ ១៥៩ លានដុល្លារ កើនឡើង ៣២,៦១ ភាគរយបើធៀបនឹងឆ្នាំ ២០២០ ដែលមាន ៦ ៩០៦,៣ លានដុល្លារ។ ក្នុងនោះទឹកប្រាក់នាំចេញទំនិញពីកម្ពុជាទៅទីផ្សារអាមេរិកមានចំនួន ៨ ៧៤៥,៣ លានដុល្លារ កើន ៣៣,២៦ ភាគរយធៀបនឹង ៦ ៥៦២,៤ លានដុល្លារ និងការនាំទំនិញពីអាមេរិកមកកម្ពុជាមានទឹកប្រាក់ ៤១៣,៧ លានដុល្លារកើន ២០,២៩ ភាគរយពី ៣៤៣,៩ លានដុល្លារ។ នេះបើតាមទិន្នន័យពីការិយាល័យជំរឿនអាមេរិក៕ LA