
ផ្លែស្វាយត្រូវបានច្រកក្នុងកញ្ចប់ ដើម្បីការពារពីការបំផ្លាញរបស់សត្វល្អិត។ ហេង ជីវ័ន
ស្ទឹងត្រែងៈ ដោយមើលឃើញពីការទទួលបានភាពអនុគ្រោះពន្ធលើដំណាំស្វាយទៅទីផ្សារចិន ក្រុមហ៊ុនចិនមួយបានបោះទុនវិនិយោគជិត ៧០ លានដុល្លារក្នុងរយៈពេលជាង ៣ ឆ្នាំ ដើម្បីដាំស្វាយ ៦ ប្រភេទនៅខេត្តស្ទឹងត្រែងក្នុងគោលដៅនាំចេញទៅកាន់ទីផ្សារដ៏ធំជាងគេនៅតំបន់អាស៊ីមួយនេះ។
កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២០ កម្ពុជា-ចិនបានចុះហត្ថលេខាលើពិធីសារលក្ខខណ្ឌភូតគាមអនាម័យក្នុងការនាំចេញស្វាយទៅទីផ្សារចិន។
ក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលឈ័រ បានដាំដុះពូជស្វាយចំនួន ៦ ប្រភេទ ដែលបាននាំចូលមកពីកោះតៃវ៉ាន់, អាមេរិក និងអូស្ត្រាលី រួមមាន ពូជ R2E2 , Jinh Wang , Keitt Mango, Red Golden Dragon, Tainong, និង Guire។ មកទល់នឹងពេលនេះ ក្រុមហ៊ុនបានដាំដុះលើផ្ទៃដីសរុប ១ ២០០ ហិកតា ស្មើនឹង ១២ ភាគរយ ធៀបនឹងផែនការមេដែលត្រូវដាំដុះលើផ្ទៃដី ៩ ៧៧២,១១៧៦ ហិកតា។
លោក ជេក គី នាយកចាត់ការទូទៅក្រុមហ៊ុន ហ្គ្រីន ស៊ី អេហ្គ្រីខលឈ័រ បាននិយាយថា កម្មវត្ថុនៃផលិតកម្មស្វាយរបស់ក្រុមហ៊ុន គឺនាំចេញទៅកាន់ប្រទេសចិន ដោយត្រូវឆ្លងកាត់ប្រទេសវៀតណាម ថៃ និងកំពង់ផែក្រុងព្រះសីហនុ។
លោកបន្ថែមថា គិតរហូតមកទល់នឹងបច្ចុប្បន្ន ក្រុមហ៊ុនបានចំណាយជិត ៧០ លានដុល្លារហើយ សម្រាប់ការវិនិយោគលើចម្ការស្វាយនេះ ហើយគ្រោងនឹងវិនិយោគបន្ថែមដល់ ៥០០ លានដុល្លារ ដើម្បីពង្រីកផលិតកម្មស្វាយ និងជំរុញការនាំចេញ។
ទោះយ៉ាងណាដោយ លោក ជេក គី បានបង្ហាញពីក្តីបារម្ភថា៖ «ការដឹកជញ្ជូនអាចនឹងមានបញ្ហាខ្លះ ប៉ុន្តែនៅពេលនេះក្រុមហ៊ុនបាននិងកំពុងរៀបចំមធ្យោបាយដឹកជញ្ជូន និងរួមទាំងទូត្រជាក់ផងដែរ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម។ ដោយឡែកការងារបច្ចេកទេស ក្រុមហ៊ុនបានដាក់ពាក្យចុះបញ្ជីចម្ការស្វាយនៅអគ្គនាយកដ្ឋានកសិកម្ម ហើយទទួលបានកិច្ចសហការល្អមកវិញគឺអគ្គនាយកដ្ឋានបានបញ្ជូនមន្ត្រីជំនាញចុះមកណែនាំពីបច្ចេកទេសដាំ ប្រមូលផល វេចខ្ចប់ និងជាពិសេសលក្ខខណ្ឌតម្រូវនៃភូតគាមអនាម័យ»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ក្រសួងកសិកម្មគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តខិតខំលើការងារផលិតកម្មថែមទៀត ពិសេសការអនុវត្តនីតិវិធីភូតគាមអនាម័យដែលជាគោលការណ៍គ្រឹះសម្រាប់ការនាំចេញ។ លោកបន្តថា ពូជស្វាយដែលក្រុមហ៊ុនកំពុងដាំដុះ គឺមានតិចតួចប៉ុណ្ណោះ ខណៈការដាំដុះស្វាយនៅកម្ពុជាភាគច្រើនបំផុត គឺស្វាយកែវរមៀត។
លោកថ្លែងថា៖ «ប្រជាកសិករយើងដាំដុះស្វាយតាមគ្នា និងមិនបានសិក្សាពីទីផ្សារឱ្យបានច្បាស់លាស់នោះទេ។ ដោយឡែកសម្រាប់ក្រុមហ៊ុនរបស់ចិនមួយនេះ បានសិក្សាពីទីផ្សារយ៉ាងច្បាស់លាស់ មុននឹងសម្រេចចិត្តដាំស្វាយទាំងប៉ុន្មានប្រភេទនេះ។ ការដាំដុះពូជស្វាយរបស់ក្រុមហ៊ុននេះ មានភាពច្បាស់លាស់ និងហ្មត់ចត់ ដូចនេះមិនមានការប្រឈមនឹងការកង្វះទីផ្សារនោះទេ»។
បែបនេះក្តី លោករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនបន្តការសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្តធ្វើយ៉ាងណាឱ្យកិច្ចដំណើរការនៃការវិនិយោគនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
លោក ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន រីច ហ្វាម អេស៊ា បាននិយាយថា ជាទូទៅការដាំស្វាយរបស់ក្រុមហ៊ុនឯកជន គឺត្រូវធ្វើឡើងតាមតម្រូវការទីផ្សារ ដោយការដាំដុះពូជស្វាយមួយចំនួន ដូចជា R2E2 , Jinh Wang, Keitt Mango ស្ថិតក្នុងការសាកល្បងនៅឡើយ មិនទាន់ទូលំទូលាយទេ ប៉ុន្តែជាប្រភេទស្វាយមានទីផ្សារ។
លោកបញ្ជាក់ថា៖ «សម្រាប់ក្រុមហ៊ុនរបស់យើងបានដាំដុះស្វាយ ២ ប្រភេទ គឺកែវរមៀត និងស្វាយតៃវ៉ាន់ ប៉ុន្តែបាននាំចេញតែស្វាយកែវរមៀតប៉ុណ្ណោះ ខណៈស្វាយតៃវ៉ាន់ ទើបស្ថិតក្នុងការសាកល្បងនាំចេញនៅឡើយ។ យើងកំពុងតែព្យាយាមទំនាក់ទំនងទៅខាងអឺរ៉ុប និងកូរ៉េ បើការចរចាត្រូវគ្នា យើងនឹងពង្រីកការដាំដុះស្វាយប្រភេទផ្សេងៗទៀត ធ្វើយ៉ាងណាឱ្យសមស្របតាមតម្រូវការទីផ្សារ»។
កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ដំបូងទៅទីផ្សារចិនកាលពីខែឧសភាឆ្នាំ ២០២១។ បច្ចុប្បន្នមានក្រុមហ៊ុន ៥ ដែលត្រូវបានអនុញ្ញាតក្នុងការនាំចេញ រួមមាន ក្រុមហ៊ុន Hyundai Mao Legacy Co Ltd, Shangda Jian Hui International Agriculture Product, Logistic, Al Jazeeland Food Pte Ltd, Long Wo Agriculture (Cambodia) Co Ltd និង ក្រុមហ៊ុន Boeung Ket Fresh Fruits Co Ltd៕ LA
វីដេអូ៖