ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹកប្រាក់​ជាង ៧,៦ ​ពាន់​លាន​ដុល្លារ នា​រយៈពេល ៤ ​ខែ​ដើមឆ្នាំ​ ២០២២ កើនឡើង​ជាង​ ៣២ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ខណៈ​ជញ្ជីង​ពាណិជ្ជកម្ម​អន្តរជាតិ​មាន​ទឹកប្រាក់​សរុប ១៧,៦ ​ពាន់​លាន​ដុល្លារ​។

ទិន្នន័យ​កត់ត្រា​ដោយ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​បង្ហាញថា ក្នុង​រយៈពេល ៤ ​ខែ​ដើមឆ្នាំ ២០២២ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​មាន​ទឹកប្រាក់ ៧,៦ ​ពាន់​លាន​ដុល្លារ​កើនឡើង​ ៣១,១ ​ភាគរយ​។ ចំណែក​ការនាំ​ទំនិញ​ពី​គ្រប់​គោលដៅ​មក​កម្ពុជា​មាន ១០,០៤​ ពាន់​លាន​ដុល្លារ​កើន ៥,៤​ ភាគរយ​។

សម្រាប់​ការដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​ក្នុង​អំឡុងពេល​ខាងលើ គឺមាន​ទឹកប្រាក់​សរុប ១៧,៥៦​ ពាន់​លាន​ដុល្លារ កើន​ ១៥,៥ ​ភាគរយ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ថា កម្ពុជា​កំពុង​ទាញយក​កាលានុវត្តភាព​ពី​ឱកាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ជាច្រើន​ក្នុងអំឡុងពេល ២-៣ ​ឆ្នាំនេះ តាមរយៈ​ការពង្រឹង​សមត្ថភាព​ផលិត​នៅក្នុង​ស្រុក និង​ការទាញ​យក​ប្រយោជន៍​ពាណិជ្ជកម្ម​ពី​ប្រទេស​មួយចំនួន​ដែលមាន​វិបត្តិ​នយោបាយ និង​វិបត្តិ​ក្នុង​សង្គម​ដែល​បណ្តាលមកពី​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។ លោក​បន្តថា កម្ពុជា​មិន​ត្រឹមតែ​មានច្បាប់​វិនិយោគ​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​អត្រា​នៃ​ការឆ្លង​ជំងឺ​កូវីដ ​១៩ ទាប និង​សម្បូរ​កម្លាំង​ពលកម្ម​ដែលមាន​តម្លៃ​សមរម្យ​ផងដែរ​។

លោក​ថ្លែងថា​៖ «​ក្រៅពី​ការនាំចេញ​កសិផល​កាន់តែ​ច្រើនជាង​រៀងរាល់ឆ្នាំ កម្ពុជា​កំពុង​ក្លាយជា​កន្លែង​ផលិត​ទំនិញ​ចម្រុះ​សម្រាប់​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រទេស​នានា​លើ​ពិភពលោក​ផងដែរ​»​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​និយាយថា​ជាមួយ​នឹង​វឌ្ឍនភាព​ល្អប្រសើរ​នៃ​ស្ថានភាព​នយោបាយ សេដ្ឋកិច្ច និង​ការគ្រប់គ្រង​ជំងឺ​កូវីដ​ ១៩​ បានល្អ ការផលិត និង​នាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​ត្រូវ​រំពឹងថា នឹង​បន្ត​សម្ទុះ​ថែមទៀត​។ លោក​បន្តថា បន្ថែម​ពីលើ​នេះ ក្នុង​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​អាមេរិក​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អាមេរិក កាលពី​សប្តាហ៍​មុន​ (​ថ្ងៃទី​ ១២-១៣ ខែឧសភា​) ដែល​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ភាគី​កម្ពុជា​ទាំង​ផ្នែក​រដ្ឋ និង​ផ្នែក​ឯកជន​សុទ្ធតែ​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន និង​អ្នកជំនួញ​ធំៗ​ជាច្រើន​នៅ​អាមេរិក​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន​ទៅ​អាមេរិក​កាលពី​សប្តាហ៍​មុននឹង​ផ្តល់​ផល​វិជ្ជមាន​ច្រើន​សម្រាប់​កម្ពុជា តាមរយៈ​ការទាញ​ចំណាប់អារម្មណ៍​វិនិយោគិន​ធំៗ​ឱ្យ​ចូលមក​បណ្តាក់​ទុន​នៅ​កម្ពុជា ខណៈ​កម្ពុជា​ត្រូវគេ​ទទួលស្គាល់​ថា ជា​ទីតាំង​ដ៏មាន​សក្តានុពល​សម្រាប់​ការវិនិយោគ​លើ​គ្រប់​វិស័យ​»​។

ទាក់ទង​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ដៃគូ​ផ្សេងទៀត លោក វណ្ណៈ អះអាងថា សម្ទុះ​ការនាំចេញ-​ចូល​របស់​កម្ពុជា​នឹង​កើន​កាន់តែ​ខ្ពស់​នៅពេល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ថ្មីៗ​ទៀត​ចូល​ជា​ធរមាន ខណៈ​បច្ចុប្បន្ន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ២ គឺ​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ចិន និង​កិច្ច​ព្រមព្រៀង RCEP បាន​ចូល​ជា​ធរមាន​កាលពី​ដើមឆ្នាំ​នេះ​៕LA