The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ថាប័ន​ចំនួន ៣ សហការ​គ្នា​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស​ផ្លូវដែក

ស្ថាប័ន​ចំនួន ៣ សហការ​គ្នា​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស​ផ្លូវដែក

Content image - Phnom Penh Post
ទិដ្ឋភាព​នៅ​រាជាយស្ម័យ​យាន​ភ្នំពេញ ដែល ១ ​ខ្សែ​ទៅ​ក្រុង​ប៉ោយប៉ែត និង ១ ​ខ្សែ​ទៀត ទៅ​ក្រុងព្រះសីហនុ​។ ភ្នំពេញ​ប៉ុស្តិ៍

ស្ថាប័ន​ចំនួន ៣ សហការ​គ្នា​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស​ផ្លូវដែក

ភ្នំពេញៈ ក្រុមហ៊ុន Beijing Urban Construction Group និង Beijing Jiao Tong University(BJTU) ​របស់​ប្រទេស​ចិន​បាន​សហការគ្នា​ធ្វើការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​ផ្លូវដែក​ ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា ស្របពេល​ដែល​រាជរដ្ឋាភិបាល​កំពុង​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ផ្លូវដែក​។

កាលពី​ថ្ងៃទី​ ១២ ខែឧសភា ឆ្នាំ​ ២០២២ នា​ទីស្តីការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, វិទ្យាស្ថាន​តេជោសែន សាធារណការ និង​ដឹកជញ្ជូន​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ត្រីភាគី​រវាង​សាកលវិទ្យាល័យ Beijing Jiao Tong University (BJTU) និង​ក្រុមហ៊ុន Beijing Urban Construction Group ដើម្បី​ពង្រឹង​សមត្ថភាព​ធនធានមនុស្ស និង​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​ក្នុងការ​ផ្លាស់ប្តូរ​និស្សិត និង​ការចុះ​កម្មសិក្សា ទស្សនកិច្ច ឯកទេស​សាងសង់ ការស្រាវជ្រាវ​រួមគ្នា និង​ការបណ្តុះបណ្តាល​បច្ចេកទេស​ផ្លូវដែក​។

ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​ត្រីភាគី​នេះ​គឺ​បាន​ឯកភាព​គ្នា​ជាគោលការណ៍​លើ​ការអភិវឌ្ឍ​លើ​ការអប់រំ ការបណ្ដុះបណ្ដាល និង​ស្រាវជ្រាវ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ភាគី​នីមួយៗ រួមមាន សហការ​ក្នុង​ការផ្តល់​ការបណ្តុះបណ្តាល​លើ​ជំនាញ​បច្ចេកទេស​ផ្សេងៗ ការផ្លាស់ប្តូរ​មន្ត្រី សាស្ត្រាចារ្យ អ្នក​ស្រាវជ្រាវ និង​បុគ្គលិក សហការ​លើ​ការស្រាវជ្រាវ និង​ការអនុវត្ត​គម្រោង​រួមគ្នា​ក្នុង​វិស័យ​ពាក់ព័ន្ធ សហការ​នៅ​ក្នុងការ​ផ្តល់ជំនួយ​បច្ចេកទេស​លើ​ការអប់រំ និង​កម្មវិធី​បណ្តុះបណ្តាល​ផ្សេងៗ ចូលរួម​សន្និសីទ សិក្ខាសាលា កម្មវិធី​បណ្តុះបណ្តាល និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត ផ្លាស់ប្តូរ​ព័ត៌មាន និង​ឧបករណ៍​បច្ចេកទេស​ផ្សេងៗ​ទៀត ប្រើប្រាស់​ឧបករណ៍​សម្ភារ​សំណង់ និង​ធនធាន​រួមគ្នា​ផ្តល់​ឱកាស​ដល់​និស្សិត ដើម្បី​ផ្លាស់ប្តូរ​បទពិសោធ​សិក្សា​ជាដើម​។

លោក Chen Daihua តំណាង​ក្រុមហ៊ុន BUCG បានឱ្យ​ដឹងថា ក្រុមហ៊ុន​របស់​លោក​ជា​សហគ្រាស​សំណង់​មួយ​របស់​រដ្ឋ ហើយក៏​ជា​សហគ្រាស​មួយ​ក្នុងចំណោម​សហគ្រាស​កំពូល​ទាំង​ ៥០០ ​របស់​ចិន ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី​ ១៤ នៅក្នុង «​កំពូល​អ្នកម៉ៅការ​សំណង់​ជា​សកល ២៥០»​នៃ ENR​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សង្ឃឹមថា វិទ្យាស្ថាន​តេជោសែន សាធារណការ និង​ដឹកជញ្ជូន សាកលវិទ្យាល័យ Beijing Jiao Tong University និង​ក្រុមហ៊ុន BU-CG អាច​ឆ្ពោះទៅមុខ​រួមគ្នា​ដើម្បី​លើកកម្ពស់​ការបង្កើត​ទ្រឹស្តី ក៏ដូចជា​ការអនុវត្ត​ទ្រឹស្តី​ទាំងនោះ​ដោយផ្ទាល់ ព្រមទាំង​បង្កើត​កម្មវិធី​សម្រាប់​ការបណ្តុះបណ្តាល​សមត្ថភាព​ធនធាន​មនុស្ស​»​។

តំណាង​របស់ BJTU លោក HUANG Taiyan បានលើក​ឡើង​ដែរ​ថា កម្ពុជា​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន និង​ជា​ប្រទេស​សំខាន់​មួយ​នៅក្នុង​គំនិត​ផ្តួចផ្តើម ​«​ខ្សែក្រវាត់ និង​ផ្លូវ​» ​របស់​ប្រទេស​ចិន​។ ជាមួយ​នឹង​ការអភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ រដ្ឋាភិបាល​ទាំង​ ២ ​បាន​យកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​ទៅលើ​ការពង្រឹង​ការផ្លាស់ប្តូរ និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អប់រំ និង​ហេដ្ឋារចនាសម្ព័ន្ធ​។

លោក​បន្ថែមថា​៖ «​សាកល​វិទ្យាល័យ BJTU នឹង​រង់ចាំ​ការពង្រឹង​ទំនាក់ទំនង​ជាមួយ​វិទ្យាស្ថាន​តេជោសែន​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន Beijing Urban Construction Group ដើម្បី​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស និង​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​ក្នុងការ​ផ្លាស់ប្តូរ​និស្សិត និង​ការចុះ​កម្មសិក្សា ទស្សនកិច្ច ឯកទេស​សាងសង់ ការស្រាវជ្រាវ​រួម និង​ការបណ្តុះបណ្តាល​បច្ចេកទេស​ផ្លូវដែក​ដែល​ដើរតួនាទី​សំខាន់​ក្នុង​ការរក្សា​មិត្តភាព វិបុលភាព​រួមគ្នា និង​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំង​ ២»​។

លោក ហឿន សំនៀង នាយក​វិទ្យាស្ថាន​តេជោសែន សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​នឹង​ជំរុញ​ឱ្យ​ស្ថាប័ន​ទាំង​ ៣ ធ្វើការ​រួមគ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុង​ការជួយ​គ្នា​។

លោក​បញ្ជាក់ថា​៖ «​គោលបំណង​របស់​វិទ្យាស្ថាន គឺ​បណ្តុះបណ្តាល​កូន​ខ្មែរ​ឱ្យមាន​ជំនាញ​ច្បាស់លាស់ ចំណេះដឹង​ទូលំទូលាយ និង​មាន​សីលធម៌ អត្តចរិត ចរិយា​សម្បតិ្ត​ត្រឹមត្រូវ ដើម្បី​ដោះស្រាយ​វិបត្តិ​កង្វះ​​អ្នកជំនាញ​បច្ចេកទេស​នាពេល​បច្ចុប្បន្ន​ផង និង​បង្កើតឱ្យមាន​អ្នក​បន្តវេន​របស់​កម្ពុជា​ដ៏​មាន​សក្តានុពល និង​ស្មារតី​ទទួល​ខុសត្រូវ​លើ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន នាពេល​អនាគត រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​»​។

កាលពី​ថ្ងៃទី​ ៤ ខែមេសា ឆ្នាំ​ ២០២២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា រដ្ឋាភិបាល​កំពុង​ពិចារណា និង​គិតគូរ​ទៅលើ​ការអភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​ដែលមាន​ស្រាប់ និង​ហួស​សម័យ ដោយ​ជំនួស​មកវិញ​នូវ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​។ លោក​បន្តថា ការធ្វើដំណើរ​តាម​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​ទាំង​ ២​ ទិស​ប៉ោយប៉ែត​-​ភ្នំពេញ និង​ភ្នំពេញ​-​ព្រះសីហនុ នាពេល​បច្ចុប្បន្ននេះ​បានត្រឹមតែ ២០ ឬ ៣០ ​គីឡូម៉ែត្រ​ក្នុង ​១ ​ម៉ោង ដែល​មិន​ឆ្លើយតប​ទៅ​សភាពការណ៍​នៃ​ការដឹកជញ្ជូន​នៅក្នុង​ប្រទេស និង​ការតភ្ជាប់​ទៅកាន់​ប្រទេស​ជិតខាង​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ពិចារណា​អំពី​បញ្ហា​នេះ ហើយ​រក​ដៃគូ​ធ្វើជា​ផ្លូវ​រថភ្លើង​ល្បឿនលឿន​លើផ្លូវ​រថភ្លើង​ចាស់​ដដែល​ហ្នឹង​។ អ៊ីចឹង​បានដាក់​ឱ្យ ស៊ុន ចាន់ថុល ធ្វើការ​ពិចារណា និង​លើក​គម្រោង​រក​ដៃគូ​ពិភាក្សា ព្រោះ​បើ​ទុកឱ្យ​ដំណើរការ​បែបនេះ វា​ទៅ​អត់​រួច​តាម​មិនទាន់​សភាពការណ៍​»៕ LA

អត្ថបទគួរចាប់អារម្មណ៍