ទីក្រុងឌូបៃៈ ក្រុមហ៊ុនអាកាសចរណ៍ Emirates បានប្រកាស «ការខាតបង់ប្រចាំឆ្នាំត្រូវបានកាត់បន្ថយយ៉ាងច្រើន»ចំនួន ១,១ ពាន់លានដុល្លារកាលពីថ្ងៃសុក្រ ដែលទាបជាងឆ្នាំមុនចំនួន ៥ ដង ដោយសារការរឹតបន្តឹងការធ្វើដំណើរបង្កដោយជំងឺរាតត្បាតកាន់តែធូរស្រាល។
ក្រុមហ៊ុនអាកាសចរណ៍ Emirates បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការខាតបង់ មានចំនួនត្រឹមតែ១,១ពាន់លានដុល្លារក្នុងឆ្នាំហិរញ្ញវត្ថុ ២០២១-២០២២ គឹតត្រឹមខែមីនា ជាមួយនឹងប្រាក់ចំណូលកើនឡើង ៩១ភាគរយ ដោយសារក្រុមហ៊ុនអាកាសចរណ៍បានពង្រីកសមត្ថភាពជាសកលរបស់ខ្លួន និងបានដាក់ជើងហោះហើរឡើងវិញ។
ក្រុមហ៊ុនដឹកជញ្ជូនផ្លូវអាកាសធំជាងគេនៅមជ្ឈិមបូព៌ាបាននិយាយថា ខ្លួនបានទទួលការបញ្ជូលដើមទុនចំនួន៩៥៤លានដុល្លារពីម្ចាស់វិនិយោគគឺរដ្ឋាភិបាលនៃទីក្រុងឌូបៃ ដើម្បីជួយឱ្យឆ្លងរួចផុតពីវិបត្តិ។
ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Sheikh Ahmed bin Saeed Al-Maktoum បាននិយាយថា៖«ឆ្នាំនេះ យើងបានផ្តោតលើការស្ដារប្រតិបត្តិការរបស់យើងឡើងវិញយ៉ាងឆាប់រហ័ស និងដោយសុវត្ថិភាព គ្រប់ទីកន្លែងដែលការរឹតបន្តឹងទាក់ទងនឹងជំងឺរាតត្បាតត្រូវបានបន្ធូរបន្ថយនៅទូទាំងទីផ្សាររបស់យើង»។
«ការស្ទុះងើបឡើងវិញនៃអាជីវកម្មបានកើនឡើងជាពិសេសនៅក្នុងឆមាសទី២ នៃឆ្នាំនេះ។ តម្រូវការអតិថិជនដ៏រឹងមាំបានជំរុញឱ្យមានការរីកចម្រើនយ៉ាងខ្លាំងនៅក្នុងដំណើរការហិរញ្ញវត្ថុរបស់យើង បើប្រៀបធៀបទៅនឹងការខាតបង់ដែលមិនធ្លាប់មានពីមុនមករបស់យើងកាលពីឆ្នាំមុន ហើយយើងបានបង្កើតសមតុល្យសាច់ប្រាក់ដ៏រឹងមាំរបស់យើង»
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រ ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយថា ក្រុមហ៊ុន Emirates Group ដែលរួមមានក្រុមហ៊ុនគ្រប់គ្រងដី Dnata បានកត់ត្រាការខាតបង់ប្រចាំឆ្នាំចំនួន ១.០ពាន់លានដុល្លារ ប៉ុន្តែជាមួយនឹងប្រាក់ចំណូលកើនឡើង ៨៦ភាគរយ និង «តម្រូវការអតិថិជនខ្លាំង»។
ក្នុងឆ្នាំសារពើពន្ធ ក្រុមហ៊ុន Emirates បានដឹកអ្នកដំណើរ ១៩,៦លាននាក់ កើនឡើងពី ៦,៦លាននាក់ក្នុងរយៈពេលដូចគ្នានៃឆ្នាំមុន។
Sheikh Ahmed បាននិយាយថា៖ «ឆ្នាំ ២០២១-២២ ក៏ជាឆ្នាំដ៏សំខាន់ផងដែរ ខណៈដែល UAE បានប្រារព្ធខួបលើកទី៥០របស់ខ្លួន និងធ្វើជាម្ចាស់ផ្ទះ Expo 2020 Dubai ពិភពលោក ដែលបានបង្កើតឱ្យមានការកើនឡើងនូវការចូលរួម និងដំណើរទស្សនកិច្ចជាសកលទៅកាន់ UAE»៕ AFP/RR