
គ្រាប់ស្វាយចន្ទីដែលត្រូវបានប្រជាកសិករដាក់ហាលថ្ងៃឱ្យស្ងួត។ រូបថត រ៉ាស់ហ៊ីម
ភ្នំពេញៈ ការថយចុះបរិមាណ តម្លៃ និងគុណភាពនៃគ្រាប់ស្វាយចន្ទីនៅក្នុងឆ្នាំនេះបានជំរុញឱ្យកសិករកាប់ដើម និងទុកស្វាយចន្ទីចោលនៅលើផ្ទៃដីជាង ១០ ម៉ឺនហិកតាក្នុងចំណោមផ្ទៃដីដាំដុះស្វាយចន្ទីសរុប ៨០ ម៉ឺនហិកតានៅទូទាំងប្រទេសកម្ពុជា។
យោងតាមទិន្នន័យដែលសមាគមស្វាយចន្ទីកម្ពុជា (សសក) ថតតាមរយៈផ្កាយរណបកាលពីពេលថ្មីៗនេះ បង្ហាញថា ប្រទេសកម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណ ៨០ ម៉ឺនហិកតា ប៉ុន្តែសម្រាប់ទិន្នន័យផ្លូវការមានប្រមាណត្រឹម ៤៩ ម៉ឺនហិកតាប៉ុណ្ណោះ។ តាមការប៉ាន់ស្មានរបស់ សសក ផ្ទៃដីដាំស្វាយចន្ទីនៅទូទាំងប្រទេសបានថយចុះជាង ១០ ម៉ឺនហិកតា គិតត្រឹមដើមខែឧសភា ឆ្នាំ ២០២២ នេះ។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា សសក នៅតែបន្តរក្សាទិន្នន័យផ្លូវការទំហំដីដាំស្វាយចន្ទីផ្លូវការ ៤៩ ម៉ឺនហិកតាដដែល ខណៈផ្ទៃដីដាំដុះប្រហែល ៣០ ម៉ឺនហិកតាទៀតជាប្រភេទផ្ទៃដីចម្ការទ្រនាប់។ សសក វាយតម្លៃថា ក្នុងឆ្នាំ ២០២២ នេះកម្ពុជាអាចនឹងផលិតគ្រាប់ស្វាយចន្ទីបានចន្លោះពី ៥៧-៦០ ម៉ឺនតោន ដោយសារតែវិបត្តិអាកាសធាតុ។ លោកបានបន្តថា ការវាយតម្លៃរបស់ សសក កន្លងមក ទាំងបរិមាណ និងតម្លៃ ភាគច្រើនគឺត្រឹមត្រូវ ដោយសារសមាគមទទួលព័ត៌មានពីទីផ្សារពិភពលោក និងព័ត៌មានអាកាសធាតុ និងបានចុះផ្ទាល់ដល់ចម្ការទាំង ១០ ខេត្តគោលដៅ។
លោកបញ្ជាក់ថា៖ «កាលពីខែមករា ២០២២ យើងវាយតម្លៃទិន្នផលស្វាយចន្ទីធ្លាក់ចុះ ១០-៣០ ភាគរយ ក្រោយមកបានធ្លាក់រហូតដល់ ៥០ ភាគរយ។ យើងដឹងថា មានការប្រែប្រួលខ្លាំងណាស់លើផ្ទៃដីដាំស្វាយចន្ទី ដោយកសិករបានកាប់ចោលច្រើនណាស់ ដូចជានៅខាងព្រះវិហារ កំពង់ធំ និងស្ទឹងត្រែងជាដើម។ ខេត្តទាំងនេះ មានតំបន់ខ្លះដែលមានដើមនៅតូចៗ ហើយត្រូវបានកសិករភ្ជួរចោល ដោយសារតែការបាក់ទឹកចិត្ត ព្រោះតម្លៃ និងទិន្នផលមានការធ្លាក់ចុះ»។
បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ បញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ដល់ការដាំដុះស្វាយចន្ទីនាឆ្នាំបន្តបន្ទាប់ ប៉ុន្តែមិនប៉ះពាល់ខ្លាំងពេកទេ ដោយសារស្វាយចន្ទីដែលកាប់ ឬភ្ជួរចោល ភាគច្រើនជាដើមចាស់ និងតូចៗដែលលូតលាស់មិនសូវល្អ។
លោក ណុក ប៊ុនថន អ្នកដាំស្វាយចន្ទី និងជាប្រធានសមាគមស្វាយចន្ទីប្រចាំខេត្តកំពង់ធំបានប្រាប់ឱ្យដឹងថា កសិករដាំដុះចន្ទីនៅខេត្តកំពង់ធំមួយចំនួនបានសម្រេចកាប់ដើមចន្ទីចោល និងងាកទៅដាំដុះដំឡូងមីវិញ។
លោកបញ្ជាក់ថា៖ «នៅឆ្នាំនេះក្រៅពីទិន្នផលបានតិច ដោយសារបញ្ហាអាកាសធាតុ ឈ្មួញកណ្តាលក៏បានទម្លាក់តម្លៃពីជាង ៤ ០០០ រៀល មកត្រឹមជាង ២០០០ រៀលក្នុង ១ គីឡូក្រាម។ ចំណែកឯជីកសិកម្ម កម្លាំងពលកម្ម និងប្រេងឥន្ធនៈសុទ្ធតែឡើងថ្លៃ ទើបជំរុញឱ្យកសិករសម្រេចចិត្តកាប់ដើមចោល ព្រោះបើទុកទៀតនឹងខាតកាន់តែធ្ងន់ធ្ងរ។ យើងបានណែនាំឱ្យសហការជាមួយសមាគមស្វាយចន្ទីកម្ពុជា ដើម្បីណែនាំឱ្យគាត់អត់ធ្មត់ និងប្រើប្រាស់វិធីសាស្ត្រមួយចំនួន ដើម្បីកាត់បន្ថយការចំណាយ»។
ម្ចាស់សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ លោកស្រី អិន ឡៃហួត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ដែរថា ការប្រមូលទិញគ្រាប់ស្វាយចន្ទីពីកសិករបានថយចុះនៅឆ្នាំនេះ ដោយសារបញ្ហាអាកាសធាតុ។
លោកស្រីបានបន្ថែមថា នៅដើមខែមិថុនានេះ ក្រុមហ៊ុនជប៉ុននឹងចុះមកពិនិត្យនៅដំណាក់កាលចុងក្រោយ ដើម្បីផ្តល់វិញ្ញាបនបត្រនាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសជប៉ុន ដោយក្នុងករណីជោគជ័យអាចនឹងនាំទៅចាប់ពីខែកក្កដា ឬសីហាខាងមុខ និងអាចក្នុងរង្វង់ ១០ តោន ក្នុង ១ ខែ។
លោកស្រីប្រាប់ថា៖ «កន្លងទៅយើងមានការបារម្ភខ្លះដែរ ខ្លាចគ្រាប់ស្វាយចន្ទីមិនគ្រប់តាមការកំណត់ជាមួយក្រុមហ៊ុនជប៉ុន ប៉ុន្តែក្រោយមកយើងបានប្រាប់ពីផលវិបាកចំពោះការថយចុះទិន្នផលគ្រាប់ស្វាយចន្ទី ដោយសារអាកាសធាតុទើបខាងជប៉ុនផ្តល់ការអនុគ្រោះចំពោះបញ្ហានេះ»។
ទិន្នន័យពីក្រសួងកសិកកម្មបង្ហាញថា នៅត្រីមាសទី ១ ឆ្នាំ ២០២២ ការនាំចេញគ្រាប់ស្វាយចន្ទីឆៅមានចំនួន ២៧១ ៩៩៤,៤៨ តោន ថយចុះចំនួន -៣៩,៦៧ ភាគរយ និងគ្រាប់ស្វាយចន្ទីកែច្នៃ ចំនួន ២១៣,៤១ តោនកើនឡើង ៣១១,៨៣ ភាគរយ៕ LA